ជប៉ុនផ្តល់ឥណទានជាង ១៦០ លានដុល្លារ ដើម្បីស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងរំដោះទឹកនៅភ្នំពេញ

កម្ពុជា និងជ​ប៉ុនបានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុប ២៤.២៣៧ លានយ៉េន (ប្រមាណ ១៦២.៧ លានដុល្លារអាម៉េរិក) ដើម្បីអនុវត្តគម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)។

ការចុះហត្ថលេខាលើលិខិតនេះ ត្រូវបានធ្វើឡើងដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា គម្រោងនេះមានគោលបំណងលើកកម្ពស់ផលិតភាពកសិកម្មនៅតំបន់ជនបទ និងកាត់បន្ថយការខូចខាតដោយគ្រោះទឹកជំនន់ តាមរយៈការស្តារនិងកែលម្អប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកដែលមានស្រាប់ នៅច្រករបៀងភាគនិរតីនៃរាជធានីភ្នំពេញ។

ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់ជប៉ុន ក្នុងការលើកកម្ពស់ការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន។

លោកបណ្ឌិត ស៊ឺន សំ អ្នកវិភាគគោលនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា កម្ពុជា និងជប៉ុន មានទំនាក់ទំនងល្អជាមួយគ្នាលើគ្រប់វិស័យ ពិសេសដូចជា វិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងអប់រំជាដើម។

លោកបណ្ឌិត បានថ្លែងដូច្នេះថា ជប៉ុនមិនត្រឹមតែជាដៃគូររកស៊ីសំខាន់របស់កម្ពុជានោះទេ ប៉ុន្តែអ្នកផ្តល់ជំនួយដ៏សំខាន់សម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕

តាមដានជាមួយយើង៖ Million Times

អត្ថបទ៖ ប៊ី