៥ ខែនៃឆ្នាំ ២០២៦ ការនាំចេញពីកម្ពុជាទៅអាមេរិក កើនជាង ៣១% ទោះប្រឈមការអនុវត្ត ពន្ធគយ១០%បន្ថែម

យោង​តាម​ទិន្នន័យ​របស់​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បង្ហាញ​ថា ការ​នាំ​ចេញ​របស់​កម្ពុជា ទៅកាន់​ទីផ្សារ​អាមេរិក ចាប់ពី​ខែ​មករា ដល់​ខែ ឧសភា ឆ្នាំ ២០២៦ សម្រេច​បាន​ទំហំ​ទឹកប្រាក់​ប្រមាណ ៥,៧៣ ពាន់​លាន​ដុល្លារ ស្មើ​នឹង​ការ​កើន​ឡើង ៣១,៥% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន។

តាមដានជាមួយយើង៖ Million Times

ជាមួយគ្នា​នេះ​ដែរ​ការ​នាំចូល​របស់​កម្ពុជា ពី​អាមេរិក​វិញ ក៏​មាន​កំណើន​ផង​ដែរ ដោយ​មាន​​ទំហំ​ទឹក​ប្រាក់​ប្រមាណ ២៣១ លាន​ដុល្លារ ស្មើ​នឹង​កើន​ឡើង ៩២,៥% ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ ២០២៥។

ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា និង​អាមេរិក ក្នុងរយៈពេល ៥ ខែ​ដំបូង ឆ្នាំ ២០២៦ សម្រេច​បាន​ប្រមាណ ៥,៩៦ ពាន់​លាន​ដុល្លារ កើន​ឡើង ៣៣,២% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០២៥។ កម្ពុជា នៅតែ​រក្សា​បាន​អតិរេក​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​ក្នុង​ទំហំ​ជាង ៥,៥ ពាន់​លាន​ដុល្លារ។

ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា ទៅ​ទីផ្សារ​អាមេរិក​រួមមាន សម្លៀកបំពាក់, ស្បែកជើង ផលិតផល​ធ្វើដំណើរ, គ្រឿង​សង្ហារិម, កង់ និងផលិតផលកសិកម្មមួយចំនួន៕

អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណិត