ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៦៣,៤៤ លានដុល្លារ ដើម្បីពន្លឿនការធ្វើសមាហរណកម្មថាមពលកកើតឡើងវិញទៅក្នុងប្រព័ន្ធថាមពលរបស់កម្ពុជា ពង្រឹងស្ថិរភាពបណ្តាញអគ្គិសនី និងសន្តិសុខថាមពល និងជំរុញពាណិជ្ជកម្មថាមពលឆ្លងដែន។
គម្រោងផ្ទុកថាមពលថ្មខ្នាតធំភ្ជាប់បណ្តាញអគ្គិសនីនៅកម្ពុជា នេះ នឹងគាំទ្រដល់ការសាងសង់ប្រព័ន្ធផ្ទុកថាមពលថ្ម (battery energy storage system) ដែលមានកម្រិតថាមពល ២៥០ មេហ្គាវ៉ាត់ ជាមួយនឹងសមត្ថភាពផ្ទុក ៥០០ មេហ្គាវ៉ាត់ម៉ោងនៅស្ថានីយ៍រងខេត្តតាកែវ។ ប្រព័ន្ធនេះនឹងរក្សាទុកថាមពលកកើតឡើងវិញដែលសល់ ហើយបញ្ជូនវាត្រឡប់ទៅបណ្តាញវិញនៅពេលតម្រូវការថាមពលកើនឡើង និងជួយរក្សាស្ថេរភាពថាមពល។
ការណ៍នេះនឹងជួយបំពេញតម្រូវការអគ្គិសនីដែលកំពុងកើនឡើងដោយសារ តំបន់ឧស្សាហកម្ម ទីតាំងកែច្នៃកសិផល និងសង្កាត់ក្នុងទីក្រុង ដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័សនៅភាគខាងត្បូងនៃប្រទេសកម្ពុជា។ វាក៏នឹងជំរុញពាណិជ្ជកម្មអគ្គិសនីឆ្លងដែន និងការតភ្ជាប់បណ្តាញអគ្គិសនីជាមួយប្រទេសវៀតណាម រួមទាំងការនាំចូលថាមពលរបស់កម្ពុជា ដែលរួមចំណែកដល់គោលដៅនៃបណ្តាញអគ្គិសនីអាស៊ាន (ASEAN Power Grid) ក្នុងការសម្រេចបាននូវប្រតិបត្តិការបណ្តាញអគ្គិសនីរួមបញ្ចូលគ្នាយ៉ាងពេញលេញនៅទូទាំងអាស៊ីអាគ្នេយ៍នៅឆ្នាំ ២០៤៥។
នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Yasmin Siddiqi មានប្រសាសន៍ថា «ចំពេលមានវិបត្តិថាមពលសកល គម្រោងនេះពង្រឹងបន្ថែមទៀតនូវការប្តេជ្ញាចិត្តរបស់កម្ពុជាឆ្ពោះទៅរកអន្តរកម្មថាមពលស្អាត។ តាមរយៈការពង្រឹងបណ្តាញថាមពលជាមួយនឹងការផ្ទុកថាមពលថ្មខ្នាតធំ យើងកំពុងជួយប្រទេសកម្ពុជាទាញប្រយោជន៍ពីថាមពលកកើតឡើងវិញបន្ថែមទៀត ហើយធានាថាក្រុមគ្រួសារ កសិករ និងអាជីវកម្មនានា ទទួលបានអត្ថប្រយោជន៍ពីអគ្គិសនីដែលមានសុវត្ថិភាព ស្ថិរភាព និងតម្លៃសមរម្យ។»
វិស័យថាមពលកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលប្រេងឥន្ធនៈសម្រាប់ផលិតថាមពល។ ទោះបីជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងការពង្រីកសមត្ថភាពផលិត ការចូលប្រើប្រាស់ និងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនក៏ដោយ ក៏ប្រទេសអាស៊ីអាគ្នេយ៍មួយនេះនៅតែប្រឈមនឹងការប្រែប្រួលតម្លៃបង្កដោយកត្តាខាងក្រៅ និងការរំខានដល់ការផ្គត់ផ្គង់ដែលបណ្តាលមកពី ភាពតានតឹងភូមិសាស្ត្រនយោបាយ និងវិបត្តិអន្តរជាតិផ្សេងទៀត ដែលគំរាមកំហែងដល់ស្ថិរភាព និងនិរន្តរភាពបណ្តាញអគ្គិសនី។
គម្រោងនេះគាំទ្រដល់គោលដៅរបស់កម្ពុជាក្នុងការសម្រេចបាននូវសមត្ថភាពថាមពលកកើតឡើងវិញ ៧០% នៅឆ្នាំ ២០៣០ ដែលអនុញ្ញាតឱ្យមានការធ្វើសមាហរណកម្មថាមពលពន្លឺព្រះអាទិត្យ និងថាមពលកកើតឡើងវិញផ្សេងទៀតកាន់តែច្រើន។ នៅពេលដំណើរការ វាត្រូវបានគេរំពឹងថានឹងជៀសវាងការបំភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ២៧,៧០០ តោនជារៀងរាល់ឆ្នាំ។
គម្រោងនេះនឹងពង្រឹងសមត្ថភាពរបស់ អគ្គិសនីកម្ពុជា (EDC) ដែលជាស្ថាប័នផ្គត់ផ្គង់ថាមពលរបស់រដ្ឋ ដើម្បីគ្រប់គ្រងប្រព័ន្ធថាមពលកម្រិតខ្ពស់។ វាក៏នឹងគាំទ្រដល់ការអភិវឌ្ឍបទប្បញ្ញត្តិទាក់ទងនឹងការផ្ទុកថាមពលថ្ម និងលើកកម្ពស់ការអភិវឌ្ឍជំនាញ ជាពិសេសសម្រាប់ស្ត្រី ដើម្បីបង្កើនការចូលរួមរបស់ស្ត្រីក្នុងវិស័យថាមពល ក៏ដូចជាតួនាទីបច្ចេកទេស និងភាពជាអ្នកដឹកនាំរបស់ពួកគាត់។
កញ្ចប់ហិរញ្ញប្បទាននេះ រួមមានឥណទានសម្បទានចំនួន ៤០ លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន ៥ លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈមូលនិធិអភិវឌ្ឍន៍អាស៊ី រួមជាមួយនឹងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ១៨,៤៤ លានដុល្លារ ពីមូលនិធិអាកាសធាតុបៃតង (Green Climate Fund) និងចក្រភពអង់គ្លេស មូលនិធិហរញ្ញវត្ថុបៃតងដើម្បីជំរុញសេដ្ឋកិច្ចអាស៊ាន(ASEAN Catalytic Green Finance Facility)។
ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី ឈានមុខគេមួយ ដែលគាំទ្រកំណើនប្រកបដោយបរិយាបន្ន ភាពធន់ និង ចីរភាព នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ដោយធ្វើការជាមួយសមាជិក និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និង ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ក្នុងចំណោម ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក៕


អត្ថបទ៖ ប៊ី




