ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២៦ បានដឹកនាំកិច្ចប្រជុំពិនិត្យសម្រេច លើការផ្តល់គោលការណ៍លើកទឹកចិត្តពិសេស ជាលើកទី ៥ សម្រាប់គម្រោងវិនិយោគចំនួន ៦ ក្រោមទុនវិនិយោគប្រមាណ ៨៣ លានដុល្លារអាម៉េរិក និង អាចបង្កើតការងារថ្មី ២ ៥៨៧ កន្លែង នៅពេលដំណើរការ។
គម្រោងទាំងនេះ រួមមាន ៖ ២ គម្រោង នៅខេត្តរតនគិរី, ២ គម្រោង នៅខេត្តមណ្ឌលគិរី, ១ គម្រោង នៅខេត្តស្ទឹងត្រែង និង ១ គម្រោង នៅខេត្តក្រចេះ ដែលមានសកម្មភាពចម្រុះ មានជាអាទិ៍ គម្រោងវិនិយោគរោងចក្រផលិតម្សៅដំឡូងមីស្រស់, រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី, គម្រោងដាំដុះដំណាំកៅស៊ូ និង រោងចក្រកែច្នៃជ័រកៅស៊ូ, គម្រោងទេសចរណ៍ធម្មជាតិ, និង គម្រោងដំាដុះ និង រោងចក្រកែច្នៃកាហ្វេ។
ថ្លែងក្នុងកិច្ចប្រជុំនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន នឹងនៅបន្តគាំទ្រ សម្របសម្រួល និង ស្វែងរកដំណោះស្រាយ ពាក់ព័ន្ធនឹងការអនុវត្តគម្រោងវិនិយោគជាប្រចាំ ហើយវិនិយោគិនឯកជន ដែលទទួលបានគោលការណ៍វិនិយោគ ត្រូវផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តគម្រោងជាក់ស្តែង តាមផែនការដែលបានស្នើសុំ, ជាពិសេស ត្រូវសង្កត់ធ្ងន់លើការបង្កើតការងារ, ការផ្ទេរជំនាញ, ការខិតខំកែច្នៃ និង ការប្រើប្រាស់បច្ចេកទេសថ្មីៗ ក្នុងខ្សែច្រវាក់ផលិតកម្ម, និង ត្រូវជំរុញបរិវត្តកម្ម ពីការផ្តោតតែលើការផលិត ឈានទៅរកការកែច្នៃ ដែលមានតម្លៃបន្ថែមកាន់តែប្រសើរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ មានសុទិដ្ឋិនិយមថា ជាមួយនឹងការធ្លាក់ចុះជាបណ្តើរៗនៃតម្លៃប្រេង ដែលជាផ្នែកចម្បងនៃថ្លៃផលិតកម្មក្នុងវិស័យកសិកម្ម និងការកែច្នៃ, វិនិយោគិននឹងអាចមានស្ថិរភាពប្រតិបត្តិការឡើងវិញ ហើយមានចាប់អារម្មណ៍ពង្រីកអាជីវកម្មរបស់ខ្លួន ។
ជាមួយនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានបង្ហាញសេចក្តីសោមនស្ស ជាមួយនឹងការកើនឡើងជាលំដាប់នូវសមត្ថភាពសម្របសម្រួល និង ចូលរួមគ្រប់គ្រងគម្រោង ពីសំណាក់អនុគណៈកម្មាធិការវិនិយោគរបស់ខេត្ត, ព្រមទាំងបានអបអរសាទរដល់រដ្ឋបាលខេត្តស្ទឹងត្រែង ដែលសម្រេចបានការចុះបញ្ជី គ.ល.គ ដំបូង សម្រាប់គម្រោងដែលមានទុនវិនិយោគក្រោម ៥ លានដុល្លារ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបង្ហាញក្តីសង្ឃឹមថា រដ្ឋបាលខេត្តទាំង ៤ នឹងខិតខំជំរុញបន្ថែមទៀតឱ្យមានការចុះបញ្ជី គ.ល.គ ជាបន្តបន្ទាប់ ដើម្បីជំរុញភាពផុសផុល និង លេចធ្លោរបស់តំបន់ភូមិភាគឦសាន។
គួរបញ្ជាក់ជូនថា បន្ទាប់ពីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥, ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ទទួលបានសំណើគម្រោងវិនិយោគសរុបចំនួន ៦៦ គម្រោង ក្រោមទុនវិនិយោគសរុប ២ ៤៧៨,៦ លានដុល្លារអាម៉េរិក និង បានឯកភាពផ្តល់គោលការណ៍ជូនគម្រោងវិនិយោគចំនួន ៤៥ គម្រោង ក្រោមទុនវិនិយោគជាង ២ ០០០ លានដុល្លារអាម៉េរិក ។ ក្នុងនោះ, សំណើគម្រោងវិនិយោគតាមបណ្តាខេត្តនីមួយៗ មានដូចខាងក្រោម៖
• ខេត្តក្រចេះ ទទួលបានសំណើគម្រោងចំនួន ១៦ គម្រោង ក្រោមទុនវិនិយោគ ១ ០៧១ លានដុល្លារអាម៉េរិក និង បង្កើតការងារ ២៥ ២៣១ កន្លែង,
• ខេត្តស្ទឹងត្រែង ទទួលបានសំណើគម្រោងចំនួន ១៩ គម្រោង ក្រោមទុនវិនិយោគ ១៣៧,៩ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៣ ៣១០ កន្លែង,
• ខេត្តមណ្ឌលគិរី ទទួលបានសំណើគម្រោងចំនួន ២០ គម្រោង ក្រោមទុនវិនិយោគ ៤០៦,៥ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៤ ៧៧៣ កន្លែង, និង
• ខេត្តរតនគិរី ទទួលបានសំណើគម្រោងចំនួន ១១ គម្រោង ក្រោមទុនវិនិយោគ ៨៦៣,២ លានដុល្លារអាម៉េរិក និង បង្កើតការងារ ៤២ ៩៥១ កន្លែង ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តឱ្យរដ្ឋបាលខេត្តនីមួយៗ ឱ្យខិតខំចូលរួមទាក់ទាញវិនិយោគិន តាមដែលអាចធ្វើទៅបាន, ជាពិសេស ការខិតខំបង្ហាញអំពីសក្តានុពលវិនិយោគរបស់ខេត្ត ដើម្បីទាក់ទាញ និង ទទួលវិនិយោគិន ព្រមទាំងបានស្នើឱ្យរដ្ឋបាលខេត្តនីមួយៗ រៀបចំកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគ ឱ្យបានជាប្រចាំ ដើម្បីដាក់ចេញយុទ្ធសាស្ត្រ និង ផែនការទាក់ទាញ និង ជំរុញវិនិយោគឱ្យបានច្បាស់លាស់ ដោយមិនត្រូវរង់ចាំតែទទួលគម្រោង ដែលវិនិយោគិនបានដាក់ស្នើឡើយ។
ជាចុងក្រោយ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំឱ្យក្រុមការងារខិតខំបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមរយៈយន្តការ “ច្រកចេញចូលតែមួយ” និង អភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ព្រមទាំងគោរពគោលការណ៍ចូលរួមសម្រេចចិត្តរួមគ្នា ប្រកបដោយតម្លាភាព និង ប្រសិទ្ធភាព និង ត្រូវខិតខំជួយសម្របសម្រួលដល់វិនិយោគិន ក្នុងការដោះស្រាយបញ្ហាប្រឈម និង ផ្តល់ការគាំទ្រចាំបាច់នានា តាមដែនសមត្ថកិច្ចរៀងៗខ្លួន ក្នុងគោលដៅរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច បង្កើនការងារ និង បង្កើនជំនាញ សម្រាប់តំបន់ភូមិភាគឦសានទាំងមូល៕
អត្ថបទ៖ ប៊ី






