ដើម្បីជួយប្រទេសកម្ពុជា ក្នុងការរក្សាវឌ្ឍនភាពពង្រីកលទ្ធភាពទទួលបានអគ្គិសនី និងគាំទ្រដល់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍថាមពល កំណើនប្រកបដោយចីរភាព និងការបង្កើតការងារ ធនាគារពិភពលោក (World Bank) បានអនុម័តគម្រោងថ្មីមួយ៖ គម្រោងអន្តរកាលថាមពលប្រកបដោយនិរន្តភាពនៅកម្ពុជា (Sustainable Energy Transition Project) ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោកនៅថ្ងៃទី២៧ ខែមិថនា ឆ្នាំ២០២៦ បានឱ្យដឹងថា គម្រោងនេះនឹងជួយកម្ពុជាក្នុងការធ្វើអន្តរកាលឆ្ពោះទៅសេដ្ឋកិច្ចបៃតង តាមរយៈការគាំទ្រហិរញ្ញប្បទានជាឥណទានចំនួន ១១០ លានដុល្លារអាម៉េរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិរបស់ធនាគារពិភពលោក រួមជាមួយជំនួយឥតសំណង ៥ លានដុល្លារអាម៉េរិក ពីកម្មវិធីជំនួយគ្រប់គ្រងវិស័យថាមពល (ESMAP)។
ការវិនិយោគនេះ នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់អគ្គិសនី, ស្ថាប័នសាធារណៈ, សហគ្រាសឧស្សាហកម្ម, អ្នកអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ, អ្នកផ្តល់សេវាកម្ម, និងអ្នកផ្គត់ផ្គង់ឧបករណ៍ប្រសិទ្ធភាពថាមពល ដោយបង្កើតការងារកាន់តែច្រើន និងប្រសើរជាងមុននៅក្នុងវិស័យនេះ។
លោកស្រី Tania Meyer ប្រធានគ្រប់គ្រងប្រចាំប្រទេសរបស់ធនាគារពិភពលោក មានប្រសាសន៍ថា៖ «កម្ពុជាទទួលបានការតភ្ជាប់បណ្តាញប្រើប្រាស់អគ្គីសនីគួរឲ្យកត់សម្គាល់។ ដោយការពង្រឹងបណ្តាញអគ្គិសនី និងជួយឲ្យអាជីវកម្មប្រើប្រាស់ថាមពលឲ្យមានប្រសិទ្ធភាពប្រសើរឡើង គម្រោងនេះនឹងជួយគាំទ្រការប្រែប្រួលទៅរកថាមពលស្អាត ដែលនឹងជួយការពារសេដ្ឋកិច្ចពីភាពប្រែប្រួលតម្លៃថាមពលនៅលើពិភពលោក ជំរុញឱ្យកំណើន បង្កើនសមត្ថភាពប្រកួតប្រជែង និងបង្កើតការងារដែលមានគុណភាព។
តម្រូវការអគ្គិសនីរបស់ប្រទេសកម្ពុជាបានកើនឡើងយ៉ាងឆាប់រហ័ស ដោយសារតែឧស្សាហូបនីយកម្ម នគរូបនីយកម្ម និងស្តង់ដាជីវភាពកើនឡើង។ បច្ចុប្បន្ន លទ្ធភាពទទួលបានអគ្គិសនីបានគ្របដណ្តប់ស្ទើរពេញផ្ទៃប្រទេសហើយ ប៉ុន្តែបញ្ហាប្រឈមថាមពលបន្ទាប់របស់កម្ពុជា គឺការធ្វើឱ្យបណ្តាញថាមពលកាន់តែអាចទុកចិត្តបាន មានតម្លៃសមរម្យ ធន់ និងកាន់តែស្អាត។ គម្រោងនេះគឺជាដំណាក់កាលទី ៧ នៃ អភិក្រមកម្មវិធីពហុដំណាក់កាលបង្កើនល្បឿនអន្តរកាលថាមពលប្រកបដោយនិរន្តរភាព (MPA) នៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។
ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មានប្រសាសន៍ថា៖ «ឈរលើគោលការណ៍ ថាមពលស្អាត, មានតម្លៃសមរម្យ, អាចទុកចិត្តបាន និងសមធម៌ (CARE) កម្ពុជាមានការប្តេជ្ញាចិត្តក្នុងការធ្វើអន្តរកាលថាមពលដែលមានភាពត្រឹមត្រូវ ដែលជួយដល់ប្រជាជន, អាជីវកម្ម និងការអភិវឌ្ឍជាតិយូរអង្វែង។»
អត្ថបទ៖ ប៊ី






