ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានដឹកនាំប្រតិភូ នាំយកអង្ករខ្មែរ ទៅបង្ហាញលើឆាកអន្តរជាតិ ក្នុងពិព័រណ៍ម្ហូបអាហារលំដាប់ពិភពលោក “Fancy Food Show” នៅទីក្រុង New York។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានពី ARDB កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦។
ក្នុងកិច្ចខិតខំប្រឹងប្រែងរុញច្រាន និងលើកកម្ពស់កេរ្តិ៍ឈ្មោះអង្ករខ្មែរនៅលើទីផ្សារអន្តរជាតិ ឯកឧត្តម បាន លីម អគ្គនាយករងនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ARDB បានអញ្ជើញចូលរួមក្នុងកម្មវិធីពិព័រណ៍ម្ហូបអាហារដ៏ធំប្រចាំឆ្នាំ “Fancy Food Show” នៅទីក្រុង New York សហរដ្ឋអាមេរិក ដោយសហការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) ។
ព្រឹត្តិការណ៍នេះ គឺជាការបើកទំព័រថ្មីមួយទៀតសម្រាប់វិស័យ ស្រូវអង្ករ កម្ពុជា ក្នុងការបង្ហាញពីសក្តានុពល គុណភាព និងស្តង់ដារខ្ពស់នៃអង្ករខ្មែរទៅកាន់ពិភពលោក តាមរយៈកិច្ចសហការរវាងស្ថាប័នគន្លឹះទាំងពីរ៖
• ធនាគារ ARDB ៖ ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត កៅ ថាច បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រផ្នែកហិរញ្ញប្បទានដល់ខ្សែច្រវាក់តម្លៃកសិកម្ម ជួយជំរុញសមត្ថភាពផលិតកម្ម និងការកែច្នៃអង្ករកម្ពុជាឱ្យស្របតាមស្តង់ដារតម្រូវការខ្ពស់របស់ទីផ្សារអាមេរិក និងអឺរ៉ុប។
• សហព័ន្ធស្រូវអង្ករកម្ពុជា CRF ៖ ក្រោម ការដឹកនាំ របស់ ឧកញ៉ា ឡាយ ឈុនហួរ បានដើរតួជាស្ពានចម្លងដ៏សំខាន់ក្នុងការសម្របសម្រួល និងបើកច្រកទីផ្សារថ្មីៗ ដោយនាំយកក្រុមហ៊ុននាំចេញលំដាប់កំពូលៗរបស់កម្ពុជា ទៅជួបពិភាក្សា និងចងសម្ព័ន្ធភាពពាណិជ្ជកម្មផ្ទាល់ជាមួយអ្នកបញ្ជាទិញ (Buyers) ធំៗនៅលើពិភពលោក។
នៅក្នុងព្រឹត្តិការណ៍ Fancy Food Show នេះ ក្រុមហ៊ុននាំចេញអង្ករ និងសហគ្រាសឈានមុខគេរបស់កម្ពុជាចំនួន ៩ បានរួមគ្នាយ៉ាងសកម្មក្នុងការដាក់តាំងបង្ហាញផលិតផលអង្ករប្រណីតៗ របស់កម្ពុជា ដើម្បីបង្ហាញពីភាពសម្បូរបែប និងស្តង់ដារខ្ពស់នៃអង្ករខ្មែរ៖ 1-Daily Fresh FOODs ( Cambodia) Co.,LTD 2-City Rice Import Export Co., Ltd. 3- LOR EAK HENG Sek Meas Rice CO.,LTD 4-Primalis Corporation Ltd. 5-Khmer Food Group CO.,LTD 6-Golden Rice (Cambodia) Co., Ltd. 7-Golden Star Rice Mill and Import Ecport Co., Ltd. 8-Indochina Rice Mill Limited និង9- Signature Rice CO.,LTD។
ការចូលរួមយ៉ាងកុះករពីសំណាក់ក្រុមហ៊ុនទាំងនេះ មិនត្រឹមតែជាឱកាសក្នុងការស្វែងរកដៃគូពាណិជ្ជកម្មថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីសង្វាក់ផលិតកម្មប្រកបដោយនិរន្តរភាព (Sustainability) និងទំនួលខុសត្រូវខ្ពស់ ដែលឆ្លើយតបទៅនឹងនិន្នាការ និងតម្រូវការប្រើប្រាស់របស់ទីផ្សារសហរដ្ឋអាមេរិកយ៉ាងពិតប្រាកដ។
កម្មវិធីពិព័រណ៍ Fancy Food Show នៅទីក្រុង New York នេះ ត្រូវបានរំពឹងថានឹងជួយបង្កើនទំហំនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអាមេរិកបន្ថែមទៀត ព្រមទាំងពង្រឹងទំនុកចិត្តលើម៉ាកយីហោ (Brand) អង្ករជាតិ។ ARDB និង CRF នឹងបន្តចាប់ដៃគ្នាផ្ដល់ទាំងកម្លាំងទុន និងកម្លាំងយុទ្ធសាស្ត្រ ដើម្បីធ្វើឱ្យកសិផលខ្មែរ ក្លាយជាជម្រើសឈានមុខគេនៅលើតុអាហាររបស់ប្រជាជនទូទាំងសកលលោក៕
អត្ថបទ៖ ប៊ី







