រដ្ឋាភិបាលកម្ពុជា និងអាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀង បើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាស

ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាស ជាមួយឯកឧត្តម Christopher Landau អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នាវេលាម៉ោង ៣រសៀល (ម៉ោងនៅសហរដ្ឋ អាមេរិក) កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅក្រសួងការបរទេស ទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាកាសចរណ៍ទ្វេភាគីរបស់ប្រទេសទាំងពីរ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០២៦ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះគឺជាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសទ្វេភាគីលើកដំបូង រវាងប្រទេសទាំងពីរ ដែលនឹងនាំមកនូវការទំនាក់ទំនងដឹកជញ្ជូនតាមផ្លូវអាកាសរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលឈានទៅរកស្តង់ដាទំនើបខ្ពស់បំផុត។

សមិទ្ធផលដ៏សំខាន់នេះ គឺជាលទ្ធផលបន្ទាប់ពីក្រុមហ៊ុនសាជីវកម្មហិរញ្ញវត្ថុអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក (U.S. International Development Finance Corporation – DFC’s) បានអនុម័តកាលពីពេល ថ្មីៗនេះ នូវការផ្តល់កញ្ចប់ហិរញ្ញប្បទានចំនួន ១០០ លានដុល្លារសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់អាកាសយានដ្ឋានថ្មីរបស់កម្ពុជា គឺអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) នៅរាជធានីភ្នំពេញ ដោយបញ្ជាក់ពីការរីកលូតលាស់នៃទំនាក់ទំនងពាណិជ្ជកម្មរបស់កម្ពុជា-សហរដ្ឋអាមេរិក។

កិច្ចព្រមព្រៀងបើកចំហជើងមេឃ ក៏អនុញ្ញាតឱ្យក្រុមហ៊ុនអាកាសចរណ៍ផ្តល់សេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសកាន់តែមានតម្លៃសមរម្យ ងាយស្រួល និងមានប្រសិទ្ធភាព ដល់អ្នកដំណើរ និងក្រុមហ៊ុនដឹកជញ្ជូន ពិសេសលើកកម្ពស់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម។

កិច្ចព្រមព្រៀងនេះ ក៏អនុញ្ញាតឱ្យមានការអនុវត្តសិទ្ធិហោះហើរទី ៧ លើការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ដែលអនុញ្ញាតឱ្យក្រុមហ៊ុនដឹកជញ្ជូនអាចប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងប្រទេសទីបី ដែលគ្មានទំនាក់ទំនងប្រតិបត្តិការជាមួយកម្ពុជា។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងបើកចំហជើងមេឃនេះនឹងបើកទីផ្សារ និងផ្តល់លទ្ធផលសម្រាប់ធុរកិច្ច អ្នកបម្រើការងារ ព្រមទាំងអ្នកដំណើរកម្ពុជា និងអាមេរិកទាំងអស់។

ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កម្ពុជានៅតែប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការអាកាសចរណ៍ស៊ីវិលអន្តរជាតិ ជាមួយប្រទេសជាដៃគូក្នុងការបន្ត ចរចាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសបន្ថែមទៀត និងការពង្រឹងក្របខ័ណ្ឌអាកាសចណ៍ទ្វេភាគី ដែលមានស្រាប់៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times