ចំណូលពីការលក់សំបុត្រចូលទស្សនា​អង្គរបានជាង ១៨ លានដុល្លារនៅពាក់កណ្ដាលឆ្នាំនេះ ធ្លាក់​ចុះ​ជិត ៣០% ធៀបឆ្នាំមុន

គ្រឹះស្ថាន​អង្គរ​បាន​បង្ហាញ​ពី​របាយការណ៍ បាន​មកពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ នា​ពាក់​កណ្ដាល​ឆ្នាំ ២០២៦ នេះ បាន​ជាង​១៨ លាន​ដុល្លារ ធ្លាក់​ចុះ​ជិត ៣០ ភាគរយ បើ​ធៀប​ទៅ​នឹង ៦ ខែ​ដំបូង​នៃ ឆ្នាំ ២០២៥។

តាមដានជាមួយយើង៖ Million Times

ក្នុង​របាយការណ៍​​គ្រឹះ​ស្ថាន​អង្គរ​ចេញផ្សាយ​នៅ​ថ្ងៃ ១ ខែ​កក្កដា ម្សិលមិញ​បាន​បញ្ជាក់​ថា រយៈពេល​ពាក់កណ្ដាល​​ឆ្នាំ ២០២៦ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន ៣៨៧ ៧៧២ នាក់ ​បើ​ធៀប​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០២៥ មាន​ការ​ធ្លាក់​ចុះ ៣១,៦៩ ភាគរយ។

របាយ​ការណ៍​របស់​គ្រឹះ​ស្ថាន​អង្គរ​គិត​ចាប់​ពី​ខែ​មករា ​ដល់​ខែ​មិថុនា​ ២០២៦។ សម្រាប់​ចំណូល​ដែល​បាន​ពី​ការ​លក់​សំបុត្រ ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​បាន ១៨ ៤៧២ ៤៦៩ ដុល្លារ ថយ​ចុះ ២៩,៨១ ភាគរយ បើ​ធៀប​រយៈពេល​ដូច​គ្នា ក្នុង​ឆ្នាំ ២០២៥។

ក្នុង​នោះ​ដែរ​គ្រឹះ​ស្ថាន​អង្គរ​ក៏​បាន​ស្រង់​ស្ថិតិ​ចំនួន​ភ្ញៀវ​បរទេស​ដែល​បាន​ចូល​ទស្សនា​នៅ​កោះ​កេរ , បេង​មាលា , ភ្នំ​ក្បាល​ស្ពាន និង​កំពង់ផែ​ចុង​ឃ្នៀស ព្រម​ទាំង​ចំណូល​ដែល​ទទួល​បាន​ផងដែរ។

នៅ​ឆ្នាំ ២០២៥ គ្រឹះស្ថាន​បាន​បញ្ចេញ​របាយការណ៍​ថា កម្ពុជា​រក​ចំណូល​បាន​ជិត ៤៥ លាន​ដុល្លារ ​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ធ្លាក់​ចុះ ​៦,៥១% ​ប្រៀប​ធៀប​នឹង​ឆ្នាំ ២០២៤៕

អត្ថបទ៖ ឆដា, រូបភាព៖ អ៊ីនធឺណេត