កាលពីថ្ងៃ ២ ខែកក្កដា ឆ្នាំ ២០២៦កន្លងទៅ ប្រធានសមាគមសិល្បករខ្មែរ លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានទទួលបានថវិកាឧបត្ថម្ភពីធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ១០ ម៉ឺនដុល្លារ ដើម្បីបន្តគាំទ្របេសកកម្មអភិរក្ស អភិវឌ្ឍ និងលើកតម្កើងសិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។

តាំងពីឡើងធ្វើជាប្រធានជិត ៣ ឆ្នាំមកនេះ លោកជំទាវអ្នកឧកញ៉ា មិនដែលសម្រាក ឬទម្លាក់ដៃក្នុងការជ្រោមជ្រែងសមាគមសិល្បករខ្មែរ ក្នុងការបំពេញការងារគ្រប់សព្វបែបយ៉ាង ធ្វើយ៉ាងណាឲ្យសិល្បករខ្មែរ កាន់តែរីកចម្រើនទាំងអស់គ្នា។
ការដែលអនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ទទួលបានទំនុកចិត្តខ្ពស់ ក៏ព្រោះតែកេរ្តិ៍ឈ្មោះ និងមុខមាត់ក្នុងសង្គម មានសមត្ថភាពការងារជោគជ័យជាច្រើន ព្រមទាំងមានទំនាក់ទំនងជាមួយដៃគូបរទេសជាច្រើន។ កាន់តែពិសេសលោកជំទាវអ្នកឧកញ៉ា មានឫកពាថ្លៃថ្នូរ និងមានទំនួលខុសត្រូវខ្ពស់ក្នុងនាមជាអ្នកដឹកនាំ។


ប្រធានសមាគមសិល្បករខ្មែរមិនត្រឹមតែកៀរគរមិនត្រឹមតែក្រុមហ៊ុនក្នុងស្រុកប៉ុណ្ណោះទេ ក្រុមហ៊ុនបរទេសដែលមកវិនិយោគនឲក្នុងស្រុកខ្មែរជាច្រើនក៏ចូលរួមបរិច្ចាគដល់សមាគមសិល្បករខ្មែរដែរ។ ដោយក្នុងនោះក៏មានក្រុមហ៊ុនខ្មែរ ដែលមានមេជាជនជាតិគេ ក៏ជ្រួតជ្រាប និងចូលរួមជួយដល់សិល្បករខ្មែរ តាមរយៈសមាគមសិល្ប្រដែលមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធាន។
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានរៀបចំពិធីប្រគល់-ទទួលថវិកាឧបត្ថម្ភ ១០០ ០០០ ដុល្លារ ដោយមានលោកជំទាវអ្នកឧកញ៉ា និងលោក Toru Myochin នាយកប្រតិបត្តិនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាតំណាង ហើយនេះក៏ជាឆ្នាំទី ៣ ដែលធនាគារ ជេ ត្រាស់ បានបរិច្ចាគ។

លោក Toru Myochin បានឲ្យដឹងថា “ក្នុងនាមជាជនជាតិជប៉ុនដែលរស់នៅ និងបំពេញការងារនៅកម្ពុជា លោកបានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះតម្លៃនៃអរិយធម៌ និងវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា”។
នាយកប្រតិបត្តិនៃធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានបន្ថែមទៀតថាភាពរឹងមាំរបស់ប្រទេសមួយ មិនត្រូវបានវាស់ស្ទង់ត្រឹមកំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែជាការរួមបញ្ចូលភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ និងអត្តសញ្ញាណវប្បធម៌របស់ខ្លួនផងដែរ៕



អត្ថបទ៖ ឆដា, រូបភាព៖ សមាគមសិល្បករខ្មែរ




