CRF ជំរុញការពង្រីកទីផ្សារអង្ករកម្ពុជានៅអាមេរិក ខណៈកម្ពុជានាំអង្ករចេញទៅអាមេរិកជាង ៧ ពាន់តោន ក្នុងឆមាសទី ១ ឆ្នាំ២០២៦

សហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation-CRF) កំពុងជំរុញការពង្រីកទីផ្សារអង្ករកម្ពុជានៅសហរដ្ឋអាមេរិក ខណៈក្នុងរយៈពេលឆមាសទី ១ ឆ្នាំ ២០២៦ កម្ពុជាបាននាំចេញមកសហរដ្ឋអាមេរិកបានចំនួនជាង ៧ ៣០០ តោន។ នេះបើយោងតាមរបាយការណ៍របស់ សហព័ន្ធស្រូវអង្ករកម្ពុជា។

លោក ឧកញ៉ា បណ្ឌិត ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (Cambodia Rice Federation-CRF) កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ ២០២៦ បានដឹកនាំគណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ដែលមានតំណាងពី ក្រុមហ៊ុនសមាជិកចំនួន ១០ និង ប្រតិភូសរុបចំនួន ៣០នាក់ ចូលរួមកម្មវិធី ជំនួប និងផ្គូផ្គងពាណិជ្ជកម្ម (Business Networking and Matchmaking) នៅ កំពង់ផែ Long Beach រដ្ឋ California សហរដ្ឋអាមេរិក។

កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងបង្កើតឱកាសសហប្រតិបត្តិការពាណិជ្ជកម្មរវាងវិស័យស្រូវអង្ករកម្ពុជា ជាមួយអ្នកនាំចូល អ្នកចែកចាយ និងដៃគូអាជីវកម្មនៅសហរដ្ឋអាមេរិក ព្រមទាំងស្វែងយល់អំពីប្រព័ន្ធដឹកជញ្ជូន និងភស្តុភាររបស់កំពង់ផែ Long Beach ដែលជាច្រកទ្វារពាណិជ្ជកម្មដ៏សំខាន់មួយរវាងអាស៊ី និងសហរដ្ឋអាមេរិក។

ក្នុងឱកាសនេះ គណៈប្រតិភូកម្ពុជាទទួលបានការស្វាគមន៍ពីថ្នាក់ដឹកនាំកំពង់ផែ Long Beach រួមមាន លោក Noel Hacegaba នាយកប្រតិបត្តិផ្នែកពាណិជ្ជកម្មនៃកំពង់ផែ Long Beach, លោក Steven Neal អនុប្រធានគណៈកម្មការកំពង់ផែ Long Beach និង ឯកឧត្តម គឹម ឆាលហួត កុងស៊ុលកម្ពុជាប្រចាំទីក្រុង Long Beach។

លោកឧកញ៉ា បណ្ឌិត ឡាយ ឈុនហួ បានលើកឡើងថា កម្មវិធីនេះមានសារៈសំខាន់ក្នុងការពង្រីកទីផ្សារអង្ករកម្ពុជានៅសហរដ្ឋអាមេរិក ជំរុញការភ្ជាប់ទំនាក់ទំនងដោយផ្ទាល់រវាងអ្នកនាំចេញកម្ពុជា និងអ្នកទិញអន្តរជាតិ ព្រមទាំងស្វែងរកដំណោះស្រាយដើម្បីបង្កើនប្រសិទ្ធភាពនៃការដឹកជញ្ជូន កាត់បន្ថយថ្លៃដើម និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់អង្ករកម្ពុជានៅលើទីផ្សារពិភពលោក។

ជំនួប និងការផ្គូផ្គងពាណិជ្ជកម្មនេះ ក៏បានផ្តល់ឱកាសឱ្យក្រុមហ៊ុនសមាជិកទាំង ១០ ធ្វើការពិភាក្សាផ្ទាល់ជាមួយដៃគូអាជីវកម្ម អ្នកនាំចូល និងអ្នកចែកចាយ ចំនួនប្រមាណជាង ២០ ក្រុមហ៊ុន ដើម្បីបង្កើតទំនាក់ទំនងថ្មី និងពង្រីកកិច្ចសហប្រតិបត្តិការអាជីវកម្មនាពេលអនាគត ដែលនឹងរួមចំណែកលើកកម្ពស់ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងទីផ្សារអន្តរជាតិ។

នៅក្នុងកម្មវិធីនេះដែរ ឧកញ៉ា បណ្ឌិត ប្រធានសហព័ន្ធ ក៍បានទទួលនូវកិត្តយស នូវលិខិតសរសើរ ពី លោក Fiona Ma អគ្គរតនាគា របស់រដ្ឋ California ( California State Treasurer) និង កុងស៊ុល កិត្តិយសរបស់កម្ពុជាប្រចាំក្រុង ឡុង ប៉ឹច អំពីការរៀបចាំដឹកនាំសមាជិក លើការបង្កើតព្រឹត្តិការជំនួប និងផ្គូផ្គងពាណិជ្ជកម្មនេះផងដែរ៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times