ទីភ្នាក់ងារបារាំង AFD នឹងផ្តល់ឥណទាន សាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅភាគខាងជើងរាជធានីភ្នំពេញ

ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ AFD ប្រចាំប្រទេសកម្ពុជា នឹងផ្តល់ឥណទានជួយរាជធានីភ្នំពេញបន្ថែមទៀត នោះគឺការជួយលើគម្រោងសាងសង់ អាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅភាគខាងជើងរាជធានីភ្នំពេញ ខណៈដែល AFD បានជួយរាជធានីភ្នំពេញ ប្រមាណ ៣០ ឆ្នាំហើយ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងនវានុវត្តន៍ជាដើម។

នេះជាការបង្ហាញឱ្យដឹងក្នុងជំនួបសម្តែងការគួសមរវាងឯកឧត្ដមឃួង ស្រេង អភិបាលនៃ     គណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី សាន់ឌ្រីន ប៊ូឆ័រ (Sandrine BOUCHER) នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ AFD ប្រចាំប្រទេសកម្ពុជា នារសៀលថ្ងៃទី០៦​ ខែកក្កដា​ ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនោះបានលើកឡើងពីភូមិសាស្ត្ររាជធានីភ្នំពេញ ដែលមានប្រជាពលរដ្ឋរស់នៅចេញចូលទាំងការស្នាក់នៅប្រមាណជា៣លាននាក់។ ទន្ទឹមនិងកំណើនប្រជាពលរដ្ឋនិងលំនៅដ្ឋានកើនឡើង បានធ្វើឱ្យរាជធានីភ្នំពេញប្រឈមនឹងបញ្ហាសំណល់រាវដែលទាមទារឱ្យមានការដោះស្រាយ។ ពាក់ព័ន្ធនឹងបញ្ហានេះ AFD ប្រចាំប្រទេសកម្ពុជាបានជួយរាជធានីភ្នំពេញជាច្រើន ទាំងអគ្គិសនី ទឹកស្អាតផងដែរ។

ឯកឧត្ដម ឃួង ស្រេង បានបន្តថា នៅរាជធានីភ្នំពេញ ប្រជាពលរដ្ឋមានទឹកស្អាតប្រើប្រាស់ប្រមាណ ៩០% ហើយ។ ដោយមានកម្ចីពី AFD​ យើងបានពង្រីកស្ថានីយផលិតទឹកស្អាតប្រើប្រាស់ជាបន្តបន្ទាប់ យើងសង្ឃឹមថានៅឆ្នាំ២០៣០ នៅរាជធានីភ្នំពេញ នឹងមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់។ ក្រោមជំនួយពីទីក្រុងប៉ារីស និងជៃកា (JICA) របស់ជប៉ុន រាជធានីភ្នំពេញបានដោះស្រាយបញ្ហាប្រឈមនិងសំណល់រាវ បានល្អប្រសើរ។ ជាងនេះទៅទៀតសម្ដេចបវរធិបតីហ៊ុនម៉ាណែតបានបង្កើតនូវគម្រោងឥណទានមួយ ដោយប្រើប្រាស់ថវិកាប្រមាណជាង១០០លានដុល្លារ ដើម្បីដោះស្រាយបញ្ចៀសនូវការលិចលង់ទៀតផង។

ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានថ្លែងនូវការអរគុណចំពោះ AFD ដែលមានគម្រោងជួយកសាងអាងប្រព្រឹត្តកម្មទឹកកខ្វក់មួយនៅខាងជើងរាជធានីភ្នំពេញ។

លោកស្រី សាន់ឌ្រីន ប៊ូឆ័រ នាយិកាទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ AFD បានមានប្រសាសន៍ថា៖ AFD បានជួយរាជធានីភ្នំពេញប្រមាណ ៣០ ឆ្នាំហើយ ទាំងហេដ្ឋារចនាសម្ព័ន្ធ និងនវានុវត្តន៍ ដោយការផ្តល់សេវាតំបូងគេនៅរាជធានីភ្នំពេញ គឺទឹកស្អាតនិងអគ្គិសនី។ បន្ថែមពីនេះ AFD​ នឹងជួយកសាង   សមត្ថភាពក្មេងជំនាន់ក្រោយបន្ថែមទៀត ដូចជាការកសាងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយបណ្តុះបណ្តាល ជំនាញទឹកស្អាត ការជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងនវានុវត្តន៍ក្នុងកម្រិតខ្ពស់។

លោកស្រី សាន់ឌ្រីន ប៊ូឆ័រ បានបញ្ជាក់ថា អ្វីដែល AFD​ និងរដ្ឋបាលរាជធានីភ្នំពេញ កំពុងធ្វើការសិក្សាលើគម្រោងសាងសង់ អាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅភាគខាងជើងរាជធានីភ្នំពេញ គម្រោងនេះនឹងឃើញពន្លឺនៅពេលឆាប់ៗនេះ៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times