សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ហៅកាត់ថា សារមន្ទីរ ស.ស.រ បានប្រកាសដាក់សម្ពោធជាផ្លូវការនូវសៀវភៅ «យើងទៅទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)» បោះពុម្ពផ្សាយក្រោមកិច្ចសហការជាមួយគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា ដែលជាគ្រឹះស្ថានឈានមុខ ក្នុងការលើកកម្ពស់ការអាន ការអប់រំ និងការពង្រីកលទ្ធភាពទទួលបានចំណេះដឹង។
ពិធីនេះបានប្រព្រឹត្តឡើងកាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ក្នុងបរិវេណសួនច្បារព្រះបាទអង្គឌួងនៃសារមន្ទីរ ស.ស.រ. ដោយមានការចូលរួមពីតំណាងវិស័យវប្បធម៌ អប់រំ និងវិស័យឯកជននានា។ សៀវភៅថ្មីនេះនឹងផ្តល់ជូនអ្នកអាននូវខ្លឹមសារសង្ខេបនៃពិព័រណ៍អចិន្ត្រៃយ៍របស់សារមន្ទីរ ស.ស.រ។
តាមរយៈអត្ថបទសង្ខេប និងការរចនារូបភាពបែបគំនូរ សៀវភៅនេះផ្តល់ឱកាស ឱ្យអ្នកអានគ្រប់វ័យនិងគ្រប់មជ្ឈដ្ឋាន នូវភាពងាយស្រួល និងការពន្យល់យ៉ាងក្បោះក្បាយពីប្រវត្តិសេដ្ឋកិច្ចនិងរូបិយវត្ថុ ដែលមានអាយុកាលជាង ២,០០០ឆ្នាំរបស់ប្រទេសកម្ពុជា។ សៀវភៅ «យើងទៅទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)» ក៏រៀបរាប់លម្អិតពីខ្លឹមសារសំខាន់ៗរបស់ពិព័រណ៍អចិន្ត្រៃយ៍របស់សារមន្ទីរ និងអាចប្រើប្រាស់ជាឧបករណ៍មគ្គុទ្ទេសក៍ ក្នុងការទស្សនាសារមន្ទីរ និងឈ្វេងយល់ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាផងដែរ។
កិច្ចសហការនេះបានបង្ហាញភាពជាដៃគូយ៉ាងជិតស្និទ្ធ រវាងសារមន្ទីរ ស.ស.រ និងគ្រឹះស្ថានបោះពុម្ពផ្សាយ ស៊ីប៉ា ដែលបានប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់ការអាន និងគុណភាពអប់រំ និងបានក្លាយជាគ្រឹះស្ថានឈានមុខគេ ក្នុងការបង្កើនលទ្ធភាពទទួលបានចំណេះដឹងនៅទូទាំងប្រទេសកម្ពុជា។
តាមរយៈការរួមបញ្ចូលគ្នានូវជំនាញក្នុងការបោះពុម្ពសៀវភៅ ដែលងាយស្រួលអាន របស់គ្រឹះស្ថានបោះពុម្ពផ្សាយ ស៊ីប៉ា ជាមួយនឹងចំណេះដឹងផ្នែកប្រវត្តិសាស្ត្រនិងសមុច្ច័យដែលសារមន្ទីរ ស.ស.រ បានចងក្រង និងដាក់តាំងបង្ហាញ សមិទ្ធផលនេះមានគោលបំណង ធ្វើឱ្យប្រធានបទប្រវត្តិសាស្ត្រដ៏ស្មុគស្មាញ ក្លាយជាចំណេះដឹងងាយស្រួលទទួលយកនិងគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកអានគ្រប់រូប។
ថ្លែងនៅក្នុងពិធីនេះ លោក ប្លែស គីលីយ៉ង់ សហប្រធានសារមន្ទីរ ស.ស.រ. បានមានប្រសាសន៍ថា៖ «ការផ្តល់លទ្ធភាពឱ្យសាធារណជនគ្រប់មជ្ឈដ្ឋាន ទទួលបានចំណេះដឹងផ្នែកប្រវត្តិសាស្ត្រសេដ្ឋកិច្ច និងរូបិយវត្ថុនៃប្រទេសកម្ពុជា ជាបេសកកម្មមួយដ៏សំខាន់របស់សារមន្ទីរ ស.ស.រ។ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានរួមសហការជាមួយគ្រឹះស្ថាន ស៊ីប៉ា ក្នុងការបោះពុម្ពផ្សាយសៀវភៅនេះឡើង ដោយបានផ្តល់នូវភាពងាយស្រួលក្នុងការអាន និងយល់ពីខ្លឹមសារនៃពិព័រណ៍អចិន្ត្រៃយ៍របស់សារមន្ទីរ»។
លោក ហុក សុទ្ធិ អគ្គនាយកនៃគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា បានមានប្រសាសន៍ថា៖ «គ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា មានមោទកភាពដែលបានចាប់ដៃគូសហការជាមួយសារមន្ទីរ ស.ស.រ ក្នុងការបោះពុម្ពសៀវភៅនេះឡើង ដែលជាធនធានផ្នែកអប់រំដ៏សាមញ្ញ ប៉ុន្តែមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់យុវជនកម្ពុជា ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ»។
សៀវភៅ «យើងទៅទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)» ត្រូវបានបោះពុម្ពផ្សាយជាបីភាសា រួមមានភាសាខ្មែរ អង់គ្លេស និងបារាំង ហើយលោកអ្នកអាចរកជាវបាននៅហាងលក់វត្ថុអនុស្សាវរីយ៍នៃសារមន្ទីរ ស.ស.រ និងគ្រឹះស្ថានបោះពុម្ពផ្សាយស៊ីប៉ា៕
អត្ថបទ៖ ប៊ី









