រដ្ឋាភិបាលជប៉ុនសម្រេចផ្តល់ឥណទានសម្បទានប្រមាណ ១១៩ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កញ្ចប់ឥណទានទី២)។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ១៧.៧៧៦ លានយ៉េន (ប្រមាណ១១៩ លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ (កញ្ចប់ឥណទានទី២)។
គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពដោះស្រាយទំនិញកុងតឺន័រនៅកំពង់ផែក្រុងព្រះសីហនុ ដែលជាកំពង់ផែទឹកជ្រៅអន្តរជាតិតែមួយគត់របស់កម្ពុជា ក៏ដូចជាបង្កើនប្រសិទ្ធភាពប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជា តាមរយៈការអភិវឌ្ឍចំណតផែកុងតឺន័រថ្មី និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនានា។
ជំនួយហិរញ្ញវត្ថុជាបន្តបន្ទាប់នេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសជប៉ុន ក្នុងការលើកកម្ពស់វិស័យពាណិជ្ជកម្ម និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន។
គួរបញ្ជាក់ផងដែរថា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦នេះ បរិមាណទំនិញឆ្លងកាត់កំពង់ផែ ក្រុងព្រះសីហនុ មានការកើនឡើងយ៉ាងគំហុកពោលគឺសម្រេចបានកំណើន ៣៨% ធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។ ជាមួយគ្នានេះ កំពង់ផែក៏បានគិតគូរអំពីវិធានការដោះស្រាយបន្ទាន់ថ្មីៗបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងកំណើនកុងតឺន័រសម្រាប់ឆ្នាំ២០២៦ ក្នុងពេលដែលសមត្ថភាពផែនៅមានកម្រិតផងដែរ។
ការណ៍នេះ ពិតជាបានបង្ហាញឱ្យឃើញថា ក្រោយពីការបង្កើនសមត្ថភាពផែនៅក្នុងឆ្នាំ២០២៤ ឱ្យឡើងដល់ ១លានTEUs បរិមាណកុងតឺន័រឆ្លងកាត់ជាក់ស្ដែងបានកើនលើសពី ១លានTEUs ក្នុងមួយឆ្នាំ និងនៅក្នុងឆ្នាំ២០២៥ នៅពេលសមត្ថភាពផែបានបង្កើនឡើងដល់ ១,៣លានTEUs បរិមាណកុងតឺន័រឆ្លងកាត់ជាក់ស្ដែងបានកើនដល់ជាង ១,៣៤លាន TEUs។
តាមរយៈកំណើននេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចូលរួមកាត់បន្ថយថ្លៃដឹកជញ្ជូនសរុបតាមផ្លូវសមុទ្រដោយហេតុថា ចំណែកភាគច្រើននៃការដឹកជញ្ជូន ឬពាណិជ្ជកម្មអន្ដរជាតិជាង ៨០% ត្រូវបានដឹកជញ្ជូនតាមសមុទ្រដែលជាមធ្យោបាយដឹកជញ្ជូនមានតម្លៃថោកជាងគេបើធៀបនឹងមធ្យោបាយដឹកជញ្ជូនផ្សេងៗទៀត។
បន្ថែមពីនេះ ដើម្បីរួមចំណែកគាំទ្រនិងជំរុញកំណើនសេដ្ឋកិច្ចជាតិ កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងបន្តអភិវឌ្ឍនិងពង្រីកសមត្ថភាពរបស់ខ្លួនតាមរយៈការសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីចំនួន ៣ជំហាន ក្រោមក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ និងការជួយជ្រោមជ្រែងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន។ ការអភិវឌ្ឍទាំង៣ជំហាន បានប្រព្រឹត្តតាមដំណាក់កាលដូចខាងក្រោម៖
១៖ គម្រោងសាងសង់ចំណតផែកុងតឺន័រថ្មី ជំហានទី១ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤,៥ម៉ែត្រ ដែលនឹងអនុញ្ញាតឱ្យនាវាក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប្រមាណ ៩៣% ចូលចតបាន និងជួយកាត់បន្ថយតម្លៃដឹកជញ្ជូនតាមសមុទ្រប្រមាណ ២០០ដុល្លារអាម៉េរិក/TEU។ គិតត្រឹមខែមេសា ឆ្នាំ២០២៦ គម្រោងទាំងមូលសម្រេចវឌ្ឍនភាពបាន ៦៦,៧% និងគ្រោងបញ្ចប់ការសាងសង់នៅដើមឆ្នាំ២០២៧ខាងមុខ ដែលនឹងជួយបង្កើនសមត្ថភាពផែដល់ ១ ៤៥០ ០០០ TEUs/ឆ្នាំ។
២៖ គម្រោងពង្រីកចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី២ មានប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក ១៦,៥ម៉ែត្រ ដែលនឹងអនុញ្ញាតឱ្យនាវាមានផ្លូវរត់ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកចូលចតបាន។ គម្រោងនេះ គ្រោងនឹងចាប់ផ្តើមអនុវត្តការសាងសង់នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ និងដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៩ ដែលនឹងជួយបង្កើនសមត្ថភាពផដល់២ ០២០ ០០០ TEUs/ឆ្នាំ។
៣៖ គម្រោងពង្រីកចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី៣ មានប្រវែង៤៣០ម៉ែត្រ ជម្រៅទឹក ១៧,៥ម៉ែត្រ ដែលអនុញ្ញាតឱ្យនាវាមានផ្លូវដឹកជញ្ជូនក្នុងពិភពលោកទៅមកកំពង់ផែស្វយ័តក្រុងព្រះសីហនុបានដោយផ្ទាល់។ គម្រោងនេះ បច្ចុប្បន្នកំពុងរៀបចំឯកសារដេញថ្លៃ និងចាប់ផ្តើមអនុវត្តការសាងសង់នៅដើមឆ្នាំ២០២៧ ខាងមុខ និងគ្រោងដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០៣០ ដែលនឹងជួយបង្កើនសមត្ថភាពផៃដល់ ២ ៦៣៧ ០០០ TEUs/ឆ្នាំ។
ទន្ទឹមគ្នានេះ កំពង់ផែក៏បានសាងសង់ប្រព័ន្ធគ្រប់គ្រងចរាចរនាវា ដែលជាជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជូនកំពង់ផែនៅដើមឆ្នាំ២០២៦។ ប្រព័ន្ធនេះ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅដើមឆ្នាំ២០២៧ ដែលអាចគ្រប់គ្រងនាវាធ្វើនាវាចរ ក្នុងរង្វង់ ៦០ Miles ឬ ប្រមាណ ៩៧ គ.ម ព្រមទាំងសម្រួលចរាចរនាវា ធានាសុវត្ថិភាព និងជួយសង្គ្រោះនាវាដែលជួបឧបទ្ទវហេតុផ្សេងៗ៕
អត្ថបទ៖ ប៊ី








