ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតប្រេស៊ីលប្រចាំកម្ពុជា បានជួបពិភាក្សា ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍឧស្សាហកម្ម កសិឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ។
ជំនួបនេះធ្វើឡើងកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ស្របពេលដែលកម្ពុជា និងប្រេស៊ីលទើបបើកស្ថានតំណាងប្រចាំប្រទេសរបស់ខ្លួនទៅវិញទៅមក ដែលបង្កើតឱកាសថ្មីសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល សម្រួលពាណិជ្ជកម្មនិងវិនិយោគ និងពង្រឹងទំនាក់ទំនងប្រជាជននិងប្រជាជន។
ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការជំរុញបរិវត្តកម្មឧស្សាហកម្ម និងភាពចាំបាច់នៃការឈានចូលកាន់តែជ្រៅទៅក្នុងខ្សែច្រវាក់តម្លៃ តាមរយៈការពង្រឹងសមត្ថភាពផលិតក្នុងស្រុក និងការកែច្នៃកសិផល។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ “កម្ពុជាកំពុងពន្លឿនឧស្សាហូបនីយកម្ម ខណៈយើងត្រៀមលក្ខណៈចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩។ យើងស្វាគមន៍កិច្ចសហ ការកាន់តែជិតស្និទ្ធជាមួយប្រេស៊ីលលើការកែច្នៃកសិផល គ្រឿងម៉ាស៊ីន ការចាប់យកបច្ចេកវិទ្យា ការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីពង្រឹងភាពប្រកួតប្រជែងរបស់ឧស្សាហកម្ម និងសហគ្រាសធុនមីក្រូ តូច និងមធ្យមរបស់កម្ពុជា។”
ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើដល់សមភាគីប្រេស៊ីលឱ្យពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន នៃប្រទេសទាំងពីរ តាមរយៈភាពជាដៃគូជាក់ស្តែង រួមទាំងជាមួយវិទ្យាស្ថានស្រាវជ្រាវ មន្ទីរពិសោធន៍ មជ្ឈមណ្ឌលមាត្រាសាស្ត្រ និងអង្គភាពបច្ចេកទេសពាក់ព័ន្ធ ព្រមទាំងលើកទឹកចិត្តឱ្យធុរកិច្ចប្រេស៊ីលស្វែងរកឱកាសវិនិយោគនៅកម្ពុជា។
លោកជំទាវឯកអគ្គរដ្ឋទូត Vivian Loss Sanmartin បានលើកឡើងថា ប្រេស៊ីលមើលឃើញសក្តានុពលដ៏ធំដែលមិនទាន់ត្រូវបានប្រើប្រាស់ពេញលេញ ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសលើការកែច្នៃអាហារ កសិកម្មតំបន់ត្រូពិក រដ្ឋាភិបាលឌីជីថល ថាមពលកកើតឡើងវិញ និងកិច្ចសហការបច្ចេកទេស។
លោកជំទាវ Sanmartin បានលើកឡើងថា៖ “ប្រេស៊ីលមានគ្រឿងបរិក្ខារ ជំនាញ និងបច្ចេកវិទ្យាសមស្រប ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែង ក្នុងការបន្ថែមតម្លៃដល់កសិផលរបស់កម្ពុជា។ យើងចង់អភិវឌ្ឍកិច្ចសហប្រតិបត្តិការជាក់ស្តែង មិនមែនត្រឹមតែការពិភាក្សាទេ ដើម្បីបង្កើតលទ្ធផលពិតប្រាកដសម្រាប់ប្រទេសទាំងពីរ។”
លោកជំទាវក៏បានបង្ហាញពីការត្រៀមលក្ខណៈរបស់ប្រេស៊ីលក្នុងការសម្របសម្រួលការតភ្ជាប់រវាងស្ថាប័នរបស់កម្ពុជា ជាមួយនឹងទីភ្នាក់ងាររដ្ឋាភិបាល វិទ្យាស្ថានស្រាវជ្រាវ សាកលវិទ្យាល័យ និងសមាគមឧស្សាហកម្មរបស់ប្រេស៊ីល រួមទាំងសមាគមអ្នកផលិតគ្រឿងម៉ាស៊ីនប្រេស៊ីល (ABIMAQ) គាំទ្របេសកកម្មធុរកិច្ច និងការផ្លាស់ប្តូរបច្ចេកទេសនាពេលអនាគត។
ភាគីទាំងពីរបានឯកភាពបន្តធ្វើការជិតស្និទ្ធ ដើម្បីកំណត់វិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការ និងតាមដានគំនិតផ្តួចផ្តើមជាក់ស្តែង ដែលអាចពង្រឹងពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហការផ្នែកឧស្សាហកម្មរវាងប្រទេសទាំងពីរ៕
អត្ថបទ៖ ប៊ី








