NBC​៖ ​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​២០២៦​ ​រំពឹង​ថា​នឹង​កើនឡើង​ ​៣,៩​% ​ដោយ​បង្ហាញ​ពី​ភាព​ធន់​នឹង​វិបត្តិ​សកល​

​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​(​NBC​) ​បាន​ព្យាករ​ថា ​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២៦​ ​នឹង​សម្រេចបាន​កំណើន​ក្នុង​អត្រា ​៣,៩​% ​និង​រំពឹង​ថា​នឹង​កើនឡើង​ដល់​ ​៥​% ​នៅក្នុង​ឆ្នាំ​២០២៧​ ​ដែល​គាំទ្រ​ដោយ​កំណើន​ល្អ​នៃ​ការ​នាំចេញ​ ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ ​(​FDI​) ​និង​ការ​កើនឡើង​នៃ​ផលិតកម្ម​ក្នុង​ស្រុក​ ​បើ​ទោះបីជា​ទទួលបាន​ផលប៉ះពាល់​ពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា ​និង​បញ្ហា​ប្រឈម​ខាងក្នុង​នា​ដើម​ឆ្នាំ​ក៏ដោយ​។​

ថ្លែង​ក្នុង​ឱកាស​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆមាស​ទី​១​ ​និង​ទិសដៅ​ការងារ​ឆមាស​ទី​២​ ​ឆ្នាំ​២០២៦​ កាលពី​ថ្ងៃទី​២៧​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​លោកជំទាវ​បណ្ឌិត​ ​ជា ​សិរី ​ទេសាភិបាល​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​ការ​ដែល​កម្ពុជា​អាច​សម្រេចបាន​កំណើន​ក្នុង​កម្រិត​ពី​ ​៣​% ​ទៅ​ ​៤​% ​នេះ​ ​បង្ហាញ​ថា​ ​សេដ្ឋកិច្ច​កម្ពុជា​មាន​ភាព​ធន់​ប្រឈម​នឹង​វិបត្តិ​ ​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដែល​បាន​បន្ត​រក្សា​សុខ​សុវត្ថិភាព​ ស្ថិរភាព​នយោបាយ​ ​ម៉ាក្រូ​សេដ្ឋកិច្ច​ ​និង​ផ្លែផ្កា​នៃ​ការ​កែទម្រង់​ជាបន្តបន្ទាប់​ ​ជាពិសេស​ការ​ធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ចកោណ​-​ដំណាក់កាល​ទី​១​។

​ផ្អែក​លើ​ការ​ប៉ាន់ស្មាន​កំណើន​សេដ្ឋកិច្ច​នា​ឆមាស​ទី​១​ ​ក្នុង​អត្រា ​៣,៥​% ​ធនាគារ​ជាតិ​នៃ​កម្ពុជា​មាន​សុទិដ្ឋិនិយម​ថា ​សេដ្ឋកិច្ច​នឹង​ងើបឡើង​បន្តិច​នា​ឆមាស​ទី​២​ ​ដល់​ ​៤,៣​% ​ដោយសារ​ការ​នាំចេញ​ក្នុង​វិស័យ​កាត់ដេរ​ កម្មន្ត​សាល​មិន​មែន​កាត់ដេរ ​និង​កសិកម្ម​ ​ព្រមទាំង​លំហូរ​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ​ខណៈ​វិស័យ​ទេសចរណ៍​មាន​ការ​ធ្លាក់ចុះ​ ​ហើយ​វិស័យ​សំណង់​និង​អចលន​ទ្រព្យ​នៅ​មាន​ភាព​ទន់ខ្សោយ​។

​ចំពោះ​ការ​ព្យាករ​ពី​ស្ថាប័ន​អន្តរជាតិ​វិញ​ ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(​IMF​) ​បាន​បន្ថយ​អត្រា​កំណើន​សេដ្ឋកិច្ច​កម្ពុជា​មក​ត្រឹម​ ​៣​% ​ខណៈ​ដែល​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(​ADB​) ​និង​អង្គភាព​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​+​៣​ ​(​AMRO​) ​នៅ​បន្ត​រក្សា​ការ​ព្យាករ​ក្នុង​អត្រា​ប្រមាណ​ ​៤,២​%​។​

​ជាមួយគ្នា​នេះ​ កាលពី​ថ្ងៃទី​២៣​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ ​(​USTR​) ​បាន​សម្រេច​ដាក់​ពន្ធ​គយ​លើ​កម្ពុជា​ក្នុង​អត្រា ​១០​% ​ដែល​ស្មើនឹង​ប្រទេស​ប្រកួតប្រជែង​មួយចំនួន​ដូចជា​ ​បង់ក្លាដេស ​ឥណ្ឌូណេស៊ី ​ម៉ាឡេស៊ី ​និង​ប៉ាគីស្ថាន ​ហើយ​ទាប​ជាង​ប្រទេស​ហ្វីលី​ពិន ​ថៃ​ និង​វៀតណាម​ ​ដែល​ត្រូវ​ជាប់​ពន្ធ​ក្នុង​អត្រា ​១២,៥​%​។

​ចំពោះ​ទិដ្ឋភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ផ្សេង​ទៀត​ នា​ឆមាស​ទី​១​ ​ឆ្នាំ​២០២៦​ ​នេះ​ ​អត្រា​អតិផរណា​រួមមាន​កម្រិត​ ​៤,៩​% ​ដោយសារ​ថ្លៃ​ប្រេង​ពិភពលោក​ហក់​ឡើង​ខ្ពស់​ ពីព្រោះតែ​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​។ ​ទោះជា​យ៉ាងណា​ ​ប្រាក់​រៀល​នៅតែ​បន្ត​មាន​ស្ថិរភាព​ល្អ ​ដោយ​អត្រា​ប្តូរ​ប្រាក់​ជា​មធ្យម​មាន​ ​៤.០១៧​ រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក​ ​ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​រក្សា​ស្ថិរភាព​ថ្លៃ​ទំនិញ​ ​និង​សេវាកម្ម​លើ​ទីផ្សារ​។

​បន្ថែម​ពី​នេះ​ បរិមាណ​ទុន​បម្រុង​អន្តរជាតិ​បាន​រក្សា​កម្រិត​ខ្ពស់​គ្រប់គ្រាន់​ រហូតដល់​ស្មើនឹង​ ​៨​ខែ ​នៃ​ការ​នាំចូល​ទំនិញ​និង​សេវា​សម្រាប់​គ្រា​បន្ទាប់​ ​ដែល​ខ្ពស់​ជាង​កម្រិត​ស្តង់ដារ​ ​៣​ខែ ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times