កម្ពុជា​បន្ត​បង្ហាញ​ពី​ភាព​ជា​គោលដៅ​វិនិយោគ​មាន​សក្តានុពល​ខ្ពស់​

​កម្ពុជា​បាន​និង​កំពុង​បន្ត​បង្ហាញ​ពី​ភាព​ជា​គោលដៅ​វិនិយោគ​មាន​សក្តានុពល​ខ្ពស់​នៅក្នុង​តំបន់​ តាមរយៈ​បរិយាកាស​ធុរកិច្ច​អំណោយផល​ និង​កំណើន​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ ​ដែល​កំពុង​ទាក់ទាញ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​វិនិយោគិន​ជាតិ​ ​និង​អន្តរជាតិ​។

​ថ្លែង​ក្នុង​ពិធី​បើក​ការ​ដ្ឋាន​សាងសង់​រោងចក្រ​ផ្គុំ​ដំឡើង​រថយន្ត​របស់​ក្រុមហ៊ុន​ ​KNN​ ​Automotive​ ​Co​.​,​ ​Ltd​. ​កាលពី​ថ្ងៃទី​២៦​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​ឯកឧត្តម​ ​ជា​ ​វុទ្ធី ​អគ្គ​លេខាធិការ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​ការ​សម្រេចចិត្ត​វិនិយោគ​របស់​ក្រុមហ៊ុន​ ​គឺជា​ការ​បង្ហាញ​ពី​ទំនុកចិត្ត​លើ​សុខ​សន្តិភាព​ ស្ថិរភាព​នយោបាយ​ បរិយាកាស​ធុរកិច្ច​ ​និង​សក្តានុពល​សេដ្ឋកិច្ច​រយៈពេល​វែង​របស់​កម្ពុជា​។​

​ឯកឧត្តម​ក៏​បាន​គូសបញ្ជាក់​ថា​ ​កម្ពុជា​បន្ត​រក្សា​បាន​នូវ​សន្ទុះ​កំណើន​វិនិយោគ​ជា​វិជ្ជមាន​ ​ដោយ​ក្នុង​ឆ្នាំ​២០២៥​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចុះបញ្ជី​គម្រោង​វិនិយោគ​ចំនួន​ ​៦៣០​គម្រោង​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​ជិត​ ​១០​ប៊ីលាន​ដុល្លារ​អាម៉េរិក ​ខណៈ​ក្នុង​ឆមាស​ទី​១​ ​ឆ្នាំ​២០២៦​ ​មាន​គម្រោង​វិនិយោគ​ចំនួន​ ​២៧៦​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ​ ​៤,៧​ប៊ីលាន​ដុល្លារ​អាម៉េរិក​ ត្រូវបាន​ចុះបញ្ជី​នៅ​កម្ពុជា​។​

​បន្ថែម​លើ​នេះ​ ​ឯកឧត្តម​ក៏​បាន​លើកឡើង​ពី​ភាព​ជោគជ័យ​នៃ​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​ និង​តួនាទី​ដ៏​សំខាន់​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ការ​ធ្វើ​ពិពិធកម្ម​មូលដ្ឋាន​ឧស្សាហកម្ម ​ក៏​ដូចជា​ការ​ទាក់ទាញ​ប្រភព​ទុន​វិនិយោគ​ដែល​មាន​គុណភាព​ ​និង​តម្លៃ​បន្ថែម​ខ្ពស់​មក​កម្ពុជា​។

​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​បាន​បញ្ជាក់​ថា​ ​កម្ពុជា​កំពុង​វិវត្ត​ទៅជា​មូលដ្ឋាន​ផលិតកម្ម​ថ្មី​សម្រាប់​ឧស្សាហកម្ម​យានយន្ត​ ​និង​ឧស្សាហកម្ម​គាំទ្រ​នៅក្នុង​តំបន់​ ​ដោយសារ​កំណើន​ជាបន្តបន្ទាប់​នៃ​ការ​វិនិយោគ​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​រថយន្ត​ ​រោងចក្រ​ផលិត​សំបក​កង់​រថយន្ត​ ​និង​រោងចក្រ​ផលិត​គ្រឿង​បង្គុំ​យានយន្ត ​ដែល​រួមចំណែក​បង្កើត​ការងារ​ ​ផ្ទេរ​បច្ចេកវិទ្យា ​អភិវឌ្ឍ​ធនធាន​មនុស្ស​ និង​ពង្រឹង​ការ​ចូលរួម​របស់​កម្ពុជា​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ​សកល​។

​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ ​នឹង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​វិនិយោគិន ​ដើម្បី​សម្របសម្រួល​ការ​អនុវត្ត​គម្រោង​វិនិយោគ​ឱ្យ​ប្រព្រឹត្តទៅ​ដោយ​រលូន​ ​និង​ទទួលបាន​ជោគជ័យ​ ស្រប​តាម​ចក្ខុវិស័យ​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​វិនិយោគ​ប្រកបដោយ​ភាព​ប្រកួតប្រជែង​ខ្ពស់​ និរន្តរភាព​ ​និង​មាន​ភាព​ទាក់ទាញ​សម្រាប់​វិនិយោគិន​មកពី​ជុំវិញ​ពិភពលោក​។​

​គួរ​រំលឹក​ផងដែរ​ថា​ ​ក្នុង​រយៈពេល​ ​៦​ខែ​ដំបូង​ ​ឆ្នាំ​២០២៦​ កម្ពុជា​បាន​អនុម័ត​ ​និង​ចុះបញ្ជី​គម្រោង​វិនិយោគ​ថ្មី​សរុប​ ​២៧៦​ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​ ​៤,៧​ ​ពាន់​លាន​ដុល្លារ​ និង​អាច​បង្កើត​ឱកាស​ការងារ​ថ្មី​ប្រមាណ​ ​១៦០,០០០​ កន្លែង​។​

​យោង​តាម​ទិន្នន័យ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​ក.​អ.​ក.​) ​និង​អនុគណៈកម្មាធិការ​វិនិយោគ​រាជធានី​-​ខេត្ត​ ​(​អ.​គ.​វ.​រ.​ខ.​) ​គម្រោង​ទាំងនេះ​ផ្តោត​លើ​វិស័យ​ផលិតកម្ម​ ​ឧស្សាហកម្ម ​សេវាកម្ម​ ​និង​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​។

​ក្នុង​នោះ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ ​(​ក.​អ.​ក.​) ​បាន​អនុម័ត​ ​១៨១​ ​គម្រោង​ ​(​ទុន​វិនិយោគ ​៤,៤​ពាន់​លាន​ដុល្លារ​ ​បង្កើត​ការងារ​ ​១២០,០០០​កន្លែង​) ​រួមមាន​គម្រោង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​១០៥, ​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​ ​៧, ​និង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​៦៩​។ ​អនុគណៈកម្មាធិការ​វិនិយោគ​រាជធានី​-​ខេត្ត​ ​(​អ.​គ.​វ.​រ.​ខ.​) ​បាន​អនុម័ត​ ​៩៥​ ​គម្រោង​ ​(​ទុន​វិនិយោគ ​២៩១​លាន​ដុល្លារ​ ​បង្កើត​ការងារ​ ​៣៥,០០០​កន្លែង​)៕​

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times