ក្រុមហ៊ុន​ម៉ាឡេស៊ី ជ្រើសយកខេត្ដពោធិ៍សាត់ ដើម្បីសាងសង់រោងចក្រផលិតទឹកដោះគោ និងគោសាច់

Farm Fresh Group​ ដែលជាក្រុមហ៊ុន​ផលិត​ទឹកដោះ​គោ​ដ៏​ល្បីល្បាញ​របស់​ម៉ាឡេស៊ី ​នឹង​បោះ​ទន់​រាប់​សិបលាន​ដុល្លារ ដើម្បី​សាងសង់​រោងចក្រ​ផលិត​ទឹក​ដោះ​គោ​នៅ​ខេត្ត​ពោធិ៍សាត់ ​ក្នុង​ប្រទេស​កម្ពុជា។

តាមដានជាមួយយើង៖ Million Times

​ក្រោយ​ពី​សិក្សា​ជា​ច្រើន​ឆ្នាំ​លើ​ទីផ្សារ​កម្ពុជា ​និង​រក​ឃើញ​តម្រូវ​ការ​ច្រើន​ពី​ពលរដ្ឋ​ផង​នោះ ពេល​នេះ Farm Fresh Group​ ក្រុមហ៊ុន​ផលិត​ទឹកដោះ​គោ​ដ៏​ល្បីល្បាញ​របស់​ម៉ាឡេស៊ី បាន​បោះ​ទន់​ដើម្បី​វិនិយោគ​នៅ​កម្ពុជា​ហើយ។

ក្រុមហ៊ុន​លំដាប់ពិភព​លោក​មួយ​នេះ ​បាន​សិក្សា​យ៉ាង​ល្អិតល្អន់​ទៅ​លើ​គម្រោង​សាងសង់​រោងចក្រ​នៅខេត្តពោធិ៍សាត់ ក្នុង​ស្រុក​វាលវែង​ផ្ទាល់​តែ​ម្ដង។ ការ​សម្រេច​គម្រោង​នេះ ​នឹង​ជួយ​បង្កើត​ការងារ​ជា​ច្រើន​កន្លែង​នៅ​កម្ពុជាផ្នែក​ទឹកដោះគោ​នេះ​ផង​ដែរ។


មួយ​វិញ​ទៀត ក៏​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា​អាច​ទទួល​ទាន​ទឹកដោះគោ​ក្នុង​ស្រុក​ស្រស់ៗ មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ដែល​នឹង​អាច​មាន​តម្លៃ​សមរម្យ ព្រោះថា​មិន​ត្រូវ​ប្រើ​រយៈពេល​យូរ​ក្នុង​ការ​ដឹក​ជញ្ជូន​ឡើយ ដោយ​នៅ​ត្រឹម​ខេត្ត​ពោធិ៍សាត់ អាច​ចាត់ចែង​ដឹកទៅ​កាន់​បណ្ដា​ខេត្ត​ដទៃ​ក្នុង​ប្រទេស​កម្ពុជា បាន​យ៉ាង​ងាយ​ជាង​របស់​ដឹក​មកពី​ក្រៅ​ស្រុក។

​សូម​បញ្ជាក់​ថា ក្រុមហ៊ុន​ Farm Fresh Group ​ជាក្រុមហ៊ុនធំជាងគេនៅប្រទេសម៉ាឡេស៊ី​ ដែល​មាន​កសិដ្ឋាន ចិញ្ចឹម​គោយកទឹកដោះ​ប្រមាណ១ម៉ឺន ៤ពាន់ក្បាលឯណោះ៕

អត្ថបទ៖ ឆដា,​រូបភាព៖ អ៊ីនធឺណេត និងមន្ទីរបរិស្ថានខេត្តពោធិ៍សាត់