កម្ពុជា​គ្រោង​អភិវឌ្ឍ​ព្រលានយន្តហោះ​សៀមរាប​ចាស់​ជា​តំបន់​ពហុ​មុខងារ​

​ក្រុមហ៊ុន​ ​Angkor​ ​International​ ​Airport​ ​Investment​ ​(​Cambodia​) ​Co​.​,​ ​Ltd​. ​(​AIAI​) ​បង្ហាញ​ផែនការ​ចូលរួម​ជាមួយ​ក្រសួង​ទេសចរណ៍​កម្ពុជា​ ​ក្នុង​ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​ ​រួមមាន​ការ​ទស្សនា​តំបន់​អង្គរ​នា​ពេល​រាត្រី​ ​និង​ការ​អភិវឌ្ឍ​ទីតាំង​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​ចាស់​ឱ្យ​ក្លាយជា​តំបន់​អភិវឌ្ឍ​ពហុ​មុខងារ​។

​គម្រោង​នេះ​ត្រូវបាន​លើកឡើងកាលថ្មីៗនេះ ​ក្នុង​ជំនួប​រវាង​លោក​ ​Lu​ ​Wei​ ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ ​AIAI​ ​និង​ឯកឧត្តម​ ​ហួត​ ​ហាក់ ​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ ​ដើម្បី​ពិភាក្សា​អំពី​ការ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ ​ការ​តភ្ជាប់​ផ្លូវ​អាកាស​ និង​ការ​វិនិយោគ​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​។

​ក្នុង​ជំនួប​នេះ​ លោក​ ​Lu​ ​Wei​ ​បាន​ជម្រាប​ជូន​អំពី​គោលបំណង​ ​និង​គម្រោង​សំខាន់​ៗ​ចំនួន​៣​ ​របស់​ក្រុមហ៊ុន​។

​ទី​១​ ​គឺ​ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ទស្សនា​តំបន់​អង្គរ​នា​ពេល​រាត្រី​។ ​ឯកឧត្តម​ ​ហួត​ ​ហាក់ ​បាន​គាំទ្រ​ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​នៅ​តំបន់​អង្គរ ​ដើម្បី​បង្កើន​បទពិសោធន៍​របស់​ភ្ញៀវ​ទេសចរ ​ពន្យារ​រយៈពេល​ស្នាក់​នៅ​ ​និង​ជំរុញ​ការ​ចំណាយ​របស់​ភ្ញៀវ​ទេសចរ​។

​សកម្មភាព​ដែល​អាច​រួមបញ្ចូល​ក្នុង​ផលិតផល​ទេសចរណ៍​ពេល​រាត្រី​នេះ​ មាន​ដូចជា​ ​ការ​សម្តែង​សិល្បៈ​ ​និង​វប្បធម៌​ ​កម្មវិធី​ពន្លឺ​ ​និង​បច្ចេកវិទ្យា​ទំនើប​ ព្រមទាំង​ព្រឹត្តិការណ៍​អន្តរជាតិ​នានា ​ដោយ​ត្រូវ​អនុវត្ត​ស្រប​តាម​គោលការណ៍​អភិរក្ស​បេតិកភណ្ឌ​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

​ទី​២​ ​គឺ​គម្រោង​វិនិយោគ​ ​និង​អភិវឌ្ឍ​ទីតាំង​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​ចាស់​ ​ឱ្យ​ក្លាយជា​តំបន់​អភិវឌ្ឍ​ពហុ​មុខងារ​ ​ដែល​រួមបញ្ចូល​សេវា​ទេសចរណ៍​ ​ពាណិជ្ជកម្ម​ ​ការ​កម្សាន្ត​ ​និង​សកម្មភាព​សេដ្ឋកិច្ច​ផ្សេង​ៗ​។

​ចំពោះ​គម្រោង​នេះ​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បាន​សម្តែង​ការ​គាំទ្រ​ ​និង​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​សិក្សា​ ​និង​រៀបចំ​ផែនការ​លម្អិត​ប្រកបដោយ​ចីរភាព​ និង​បរិយា​បន្ន​។

​ទី​៣​ ​គឺ​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ការ​នាំ​ភ្ញៀវ​ទេសចរ​មក​កម្ពុជា​។ ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​កម្ពុជា​នៅ​ទីផ្សារ​អន្តរជាតិ​ ​ជាពិសេស​ទីផ្សារ​ចិន ​តាមរយៈ​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​ទេសចរណ៍​ និង​ដៃគូ​អន្តរជាតិ​។

​កិច្ចសហការ​នេះ​នឹង​ផ្តោត​លើ​ការ​បើក​ផ្លូវ​ហោះហើរ​ថ្មី​ ​ការ​បង្កើន​ប្រេកង់​ជើងហោះហើរ​ ការ​រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​រួម​ និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដែល​មាន​គុណភាព​ខ្ពស់​មក​កម្ពុជា​។

​ឯកឧត្តម ​ហួត​ ​ហាក់ ​ក៏​បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​ ​AIAI​ ​ដែល​បាន​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​អាកាសចរណ៍​ដ៏​សំខាន់​នៅ​កម្ពុជា​ ​និង​បាន​បញ្ជាក់​ថា​ ​ក្រសួង​ទេសចរណ៍​នឹង​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ ​និង​ភាគី​ពាក់ព័ន្ធ​ ​ដើម្បី​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​ ​ពង្រឹង​ការ​តភ្ជាប់​ផ្លូវ​អាកាស​ និង​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​គោលដៅ​ទេសចរណ៍​កម្ពុជា​។​

ក្រសួង​ទេសចរណ៍​មាន​គោលដៅ​ជំរុញ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឱ្យ​កាន់តែ​ច្រើន​ និង​ប្រកបដោយ​គុណភាព​ ​ស្រប​តាម​ទិសដៅ​នៃ​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​ចីរភាព​។

​ជាមួយគ្នា​នេះ​ ឯកឧត្តម​ ​ហួត​ ​ហាក់ ​បាន​ចាត់តាំង​ក្រុមការងារ​បច្ចេកទេស​របស់​ក្រសួង​ទេសចរណ៍​ ​ឱ្យ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមការងារ​របស់​ ​AIAI​ ​ដើម្បី​សិក្សា​លម្អិត​លើ​គម្រោង​នីមួយ​ៗ​ ​សម្របសម្រួល​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ ​និង​រៀបចំ​ផែនការ​អនុវត្ត​ជា​ជំហាន​ៗ​។​

ក្រសួង​ទេសចរណ៍​បាន​បញ្ជាក់​ថា​ ​កិច្ចការ​នេះ​មាន​គោលដៅ​ជំរុញ​ការ​អភិវឌ្ឍ​ផលិតផល​ទេសចរណ៍​ថ្មី​ៗ​ ​ការ​វិនិយោគ​ទេសចរណ៍​ ​និង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កម្ពុជា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ និង​ប្រកបដោយ​ចីរភាព​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times