ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នឹងផ្តល់ប្រាក់កម្ចីចំនួន ២៥០ លានដុល្លារដល់កម្ពុជា ដើម្បីការពារគ្រួសារក្រីក្រ និងគាំទ្រស្ថិរភាពសេដ្ឋកិច្ច ខណៈជម្លោះនៅមជ្ឈិមបូព៌ាកំពុងជំរុញការកើនឡើងនៃថ្លៃដើម និងបង្កើនភាពមិនប្រាកដប្រជានៅទូទាំងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា។
ហិរញ្ញប្បទាននេះជាផ្នែកមួយនៃកញ្ចប់ថវិកាចំនួន ៤៥០ លានដុល្លារ សម្រាប់កម្ពុជា និងស្រីលង្កា ក្នុងគោលបំណងការពារគ្រួសារងាយរងគ្រោះ និងពង្រឹងសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ ចំពោះមុខសម្ពាធខាងក្រៅដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ា។
ប្រធាន ADB លោក Masato Kanda បានមានប្រសាសន៍ថា៖ «គ្មានគ្រួសារណាមួយគួរតែត្រូវបានរុញឱ្យធ្លាក់ចូលក្នុងភាពក្រីក្រកាន់តែជ្រៅ ដោយសារជម្លោះដែលកើតឡើងរាប់ពាន់គីឡូម៉ែត្រពីពួកគេនោះទេ»។
លោកបានបន្តថា ADB កំពុងចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីការពារគ្រួសារដែលកំពុងជួបការលំបាកជាង ១ លានគ្រួសារនៅកម្ពុជា ខណៈជួយស្រីលង្កាបង្កើតការងារ ទាក់ទាញការវិនិយោគ និងពង្រីកពាណិជ្ជកម្ម។
លោកបានបន្ថែមថា ការវិនិយោគទាំងនេះនឹងជួយឱ្យប្រទេសទាំងពីរអាចទប់ទល់នឹងសម្ពាធបច្ចុប្បន្ន និងមានភាពរឹងមាំជាងមុននៅពេលប្រឈមនឹងវិបត្តិនាពេលអនាគត។
កញ្ចប់ហិរញ្ញប្បទាននេះរួមបញ្ចូលទាំងការគាំទ្របន្ទាន់សម្រាប់វិបត្តិ និងកំណែទម្រង់សេដ្ឋកិច្ចរយៈពេលវែង។ សម្រាប់កម្ពុជា ADB នឹងផ្តល់ប្រាក់កម្ចី ២៥០ លានដុល្លារ តាមរយៈកម្មវិធី Rapid Intervention for Stabilization of the Economy (RISE) ខណៈស្រីលង្កានឹងទទួលបានប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន ២០០ លានដុល្លារ សម្រាប់កម្មវិធីអភិវឌ្ឍពាណិជ្ជកម្ម វិនិយោគ និងឧស្សាហកម្ម។
នៅកម្ពុជា កម្មវិធី RISE នឹងផ្តល់មូលនិធិសម្រាប់វិធានការសារពើពន្ធបណ្តោះអាសន្ន និងមានគោលដៅច្បាស់លាស់ ព្រមទាំងការពារការចំណាយសង្គមដែលបានគ្រោងទុកក្នុងថវិកាជាតិឆ្នាំ២០២៦។ កម្មវិធីនេះក៏នឹងជំរុញការប្រើប្រាស់បច្ចេកវិទ្យាថាមពលស្អាតផងដែរ។
គ្រួសារក្រីក្រជាង ១ លានគ្រួសារ ដែលបានចុះបញ្ជីក្នុងកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ (IDPoor) របស់រាជរដ្ឋាភិបាល នឹងទទួលបានការគាំទ្រប្រាក់ចំណូល ក្នុងនោះមានគ្រួសារដែលមានស្ត្រីជាមេគ្រួសារយ៉ាងហោចណាស់ ៣៥០,០០០ គ្រួសារ។
ជំនួយនេះក៏នឹងរួមមានការបន្ធូរបន្ថយបំណុល និងការគាំទ្រធាតុចូលកសិកម្មសម្រាប់ប្រជាពលរដ្ឋនៅតំបន់ជនបទផងដែរ។
ប្រាក់កម្ចី ២៥០ លានដុល្លាររបស់ ADB នឹងត្រូវបានបំពេញបន្ថែមដោយហិរញ្ញប្បទានដែលមានទំហំស្មើនឹងរហូតដល់ ២៥០ លានដុល្លារ ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និងរហូតដល់ ១៨៨ លានដុល្លារ ពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។
ជាមួយនឹងការរួមបញ្ចូលហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ផ្សេងទៀត កញ្ចប់ហិរញ្ញប្បទានសរុបសម្រាប់កម្មវិធីនេះអាចឈានដល់ ៦៨៨ លានដុល្លារ៕
អត្ថបទ៖ ប៊ី






