ភ្នំពេញ៖ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group និងអនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានលើកឡើងថា សហគ្រាសកម្ពុជាចាំបាច់ត្រូវមាន «បដិវត្តន៍ផ្នត់គំនិត» យ៉ាងជ្រៅជ្រះ ដើម្បីអាចរស់រាន និងរីកចម្រើននៅក្នុងទីផ្សារដែលកាន់តែមានការប្រកួតប្រជែង។
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានមានប្រសាសន៍ថា ម្ចាស់សហគ្រាសធុនតូច និងមធ្យមកម្ពុជាមិនគួរផ្តោតតែទៅលើការស្នើសុំឱ្យរដ្ឋាភិបាលកែប្រែ ឬពង្រឹងគោលនយោបាយគាំទ្រ SME នោះទេ ប៉ុន្តែម្ចាស់សហគ្រាសខ្លួនឯងក៏ត្រូវផ្លាស់ប្តូរផ្នត់គំនិតផងដែរ។
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានថ្លែងថា៖ «យើងជាម្ចាស់សហគ្រាស SME តែងសំណូមពរឱ្យរដ្ឋយើងគួរកែប្រែគោលនយោបាយគាំទ្រ SME បែបនេះ បែបនោះ តែយើងជាម្ចាស់សហគ្រាស SME គួរតែផ្លាស់ប្តូរផ្នត់គំនិតដូចគ្នា»។
លោកបានបញ្ជាក់ថា ដើម្បីអាចរស់រាន និងរីកចម្រើនក្នុងទីផ្សារដែលកាន់តែមានការប្រកួតប្រជែង សហគ្រាសកម្ពុជាចាំបាច់ត្រូវធ្វើ «បដិវត្តន៍ផ្នត់គំនិត» យ៉ាងជ្រៅជ្រះ ខណៈការប្រកួតប្រជែងនាពេលអនាគតនឹងលែងផ្អែកត្រឹមតែទៅលើតម្លៃទាប ប៉ុន្តែជាការប្រកួតប្រជែងលើគុណតម្លៃ ការជឿទុកចិត្ត និងប្រសិទ្ធភាពរួមបញ្ចូលគ្នា។
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានលើកឡើងពីផ្នត់គំនិតសំខាន់ៗចំនួន៥ ដែលសហគ្រាសកម្ពុជាគួរផ្លាស់ប្តូរ។
ទី១ ពី «ការប្រកួតប្រជែងតម្លៃទាប» ទៅ «ការប្រកួតប្រជែងលើគុណតម្លៃ»។ សហគ្រាសលែងគួរពឹងផ្អែកតែលើកម្លាំងពលកម្មថោក និងថ្លៃដើមទាបទៀតហើយ ប៉ុន្តែត្រូវកសាងសមត្ថភាពប្រកួតប្រជែងស្នូលលើគុណភាព ផលិតភាព និងការច្នៃប្រឌិត។
ការផ្លាស់ប្តូរនេះមានន័យថា ត្រូវផ្លាស់ពី «ការផលិត» ទៅ «ការផលិតប្រកបដោយគុណភាព» ប្រើប្រាស់អត្តសញ្ញាណខ្មែរក្នុងការបង្កើតម៉ាកយីហោដែលមានតម្លៃខ្ពស់ ដូចជាផលិតផលកសិកម្មគុណភាពខ្ពស់ និងចាត់ទុកការអនុលោមតាមច្បាប់ជាការវិនិយោគ ដើម្បីទទួលបានការទុកចិត្ត។
ទី២ ពី «ការធ្វើត្រាប់តាម» ទៅ «ការច្នៃប្រឌិតសកម្ម»។ សហគ្រាសគួរចាត់ទុកបច្ចេកវិទ្យាឌីជីថលជាឧបករណ៍សម្រាប់រស់រាន ដើម្បីបង្កើនប្រសិទ្ធភាពដំណើរការ និងភ្ជាប់ទំនាក់ទំនងជាមួយអ្នកទិញសកល។
ជាមួយគ្នានេះ សហគ្រាសត្រូវលែងធ្វើត្រាប់តាមម៉ាកអន្តរជាតិ ប៉ុន្តែត្រូវមានទំនុកចិត្តក្នុងការបង្កើតអត្តសញ្ញាណ និងរឿងរ៉ាវផ្ទាល់ខ្លួនរបស់ម៉ាក ព្រមទាំងស្វែងយល់ និងអនុវត្តបច្ចេកវិទ្យាថ្មីៗ ដើម្បីជំរុញការច្នៃប្រឌិតផលិតផល និងសេវាកម្ម។
ទី៣ ពី «ការស្វែងរកប្រាក់ចំណេញរយៈពេលខ្លី» ទៅ «ទស្សនៈរយៈពេលវែង»។ សហគ្រាសគួរចាត់ទុកម៉ាកយីហោជាទ្រព្យសម្បត្តិនៃភាពជឿទុកចិត្តរយៈពេលវែង និងកសាងភាពជឿទុកចិត្តតាមរយៈគុណភាព និងស្ថិរភាព។
ការគ្រប់គ្រងតាមបទដ្ឋានគួរត្រូវបានចាត់ទុកជាការវិនិយោគសម្រាប់អនាគត មិនមែនជាបន្ទុក ហើយសហគ្រាសគួរយកប្រាក់ចំណេញទៅវិនិយោគឡើងវិញលើការស្រាវជ្រាវ ការអភិវឌ្ឍ និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីជំរុញកំណើនប្រកបដោយចីរភាព។
ទី៤ ពី «ការធ្វើដំណើរតែម្នាក់ឯង» ទៅ «ការសហការឈ្នះ-ឈ្នះ»។ សហគ្រាសគួរពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអ្នកផ្គត់ផ្គង់ និងដៃគូ ដើម្បីបង្កើតខ្សែសង្វាក់តម្លៃរឹងមាំ និងកាត់បន្ថយហានិភ័យ។
ជាមួយគ្នានេះ ត្រូវលែងប្រកាន់ «ឯករាជ្យផ្តាច់ក្រ» ប៉ុន្តែត្រូវចែករំលែកធនធាន ដូចជាប្រព័ន្ធដឹកជញ្ជូនរួមគ្នា ដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនប្រសិទ្ធភាព។
ទី៥ ពី «ការកំណត់ត្រឹមមូលដ្ឋាន» ទៅ «ទស្សនៈសកល»។ សហគ្រាសគួរយកវប្បធម៌ក្នុងស្រុកជាឫសគល់ ប៉ុន្តែប្រើស្តង់ដារអន្តរជាតិ ដោយមានទំនុកចិត្តក្នុងការប្រកួតប្រជែងនៅលើឆាកថ្នាក់តំបន់ និងពិភពលោក។
លើសពីនេះ សហគ្រាសត្រូវចូលរួមយ៉ាងសកម្មក្នុងការរៀបរាប់រឿងរ៉ាវសេដ្ឋកិច្ចជាតិ និងនាំផលិតផល និងសេវាកម្មរបស់ខ្លួនទៅកាន់ទីផ្សារពិភពលោក។
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន បានបញ្ជាក់ថា ការផ្លាស់ប្តូរផ្នត់គំនិតនេះ គឺជាផ្លូវចាំបាច់សម្រាប់ការផ្លាស់ប្តូររបស់សហគ្រាសកម្ពុជា និងសេដ្ឋកិច្ចជាតិទាំងមូល។
លោកបានលើកឡើងថា ការធ្វើដំណើរពី «ការត្រូវបានគេស្គាល់» ទៅ «ការត្រូវបានគេជឿទុកចិត្ត» និងពី «ផលិតនៅកម្ពុជា» ទៅ «ម៉ាកយីហោកម្ពុជា» មិនត្រឹមតែជាគន្លឹះនៃការរស់រានរបស់សហគ្រាសប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រឹះសម្រាប់ការសម្រេច «ចក្ខុវិស័យឆ្នាំ២០៥០» របស់កម្ពុជាផងដែរ៕
អត្ថបទ៖ ប៊ី









