Phoenix​ ​Voyages​ ​ប្តេជ្ញា​ជួយ​ផ្សព្វផ្សាយ​ទេសចរណ៍​ ​និង​វប្បធម៌​កម្ពុជា​ទៅកាន់​ពិភពលោក​

ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ ​Phoenix​ ​Voyages​ ​Group​ ​Limited​ ​បាន​ប្តេជ្ញា​បន្ត​សហការ​ជាមួយ​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ ​ដើម្បី​លើកកម្ពស់​ និង​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ ​និង​វប្បធម៌​កម្ពុជា​ទៅកាន់​ពិភពលោក​ ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឱ្យ​មក​ទស្សនា​កម្ពុជា​កាន់តែ​ច្រើន​។

​ការ​ប្តេជ្ញា​នេះ​ធ្វើឡើង​ក្នុង​ជំនួប​រវាង​ ​សម្ដេច​មហា​បវរ​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​លោក​ ​Edouard​ ​GEORGE​ ​ប្រធាន​ក្រុមហ៊ុន​ ​Phoenix​ ​Voyages​ ​Group​ ​Limited​ ​នៅ​វិមាន​សន្តិភាព​ នា​ព្រឹក​ថ្ងៃទី​៣០​ ​ខែកក្កដា ​ឆ្នាំ​២០២៦​។

​ក្នុង​ឱកាស​នោះ​ លោក​ ​Edouard​ ​GEORGE​ ​បាន​ជម្រាប​ជូន​សម្ដេច​ធិបតី​អំពី​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ឆ្លងកាត់​ឧបសគ្គ ​«​Angkor​ ​Ultra​ ​Trail​» ​លើក​ទី​១០​ ​ដែល​គ្រោង​ប្រព្រឹត្តទៅ​នៅ​ខែមករា ​ឆ្នាំ​២០២៧​។ ​ព្រឹត្តិការណ៍​នេះ​ក៏​នឹង​ក្លាយជា​ឱកាស​អបអរសាទរ​ខួប​១០​ឆ្នាំ​ នៃ​ការ​រៀបចំ​ «​Angkor​ ​Ultra​ ​Trail​» ​នៅ​កម្ពុជា​ផងដែរ​។

​លោក​បាន​ថ្លែងអំណរគុណ​ដល់​រាជ​រដ្ឋាភិបាល​ ​និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ ​ដែល​បាន​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ដល់​ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​នា​ពេល​កន្លងមក​។

​លោក​ប្រធាន​ក្រុមហ៊ុន​ក៏​បាន​បង្ហាញ​ពី​គំនិត​ផ្តួចផ្តើម​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ ​និង​ព្រឹត្តិការណ៍​ផ្សេង​ៗ​ជាច្រើន​ទៀត​ ​ដើម្បី​ចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ ​ព្រមទាំង​បាន​ជម្រាប​អំពី​ប្រតិបត្តិការ​អាជីវកម្ម​ ​និង​ផែនការ​បន្ត​ពង្រីក​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា​បន្ថែម​ទៀត​។

​ជា​ការ​ឆ្លើយតប ​សម្ដេច​ធិបតី​បាន​សម្ដែង​ការ​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ប្តេជ្ញា​របស់​ក្រុមហ៊ុន​ ​ក្នុង​ការ​ចូលរួម​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ ​និង​ផ្សព្វផ្សាយ​វប្បធម៌​កម្ពុជា​ទៅកាន់​ពិភពលោក​ តាមរយៈ​ការ​រៀបចំ​ព្រឹត្តិការណ៍​ «​Angkor​ ​Ultra​ ​Trail​» ​ជាបន្តបន្ទាប់​។

​សម្ដេច​ធិបតី​ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ចំពោះ​ទំនុកចិត្ត​ខ្ពស់​ក្នុង​ការ​វិនិយោគ​ ​និង​ផែនការ​ពង្រីក​ប្រតិបត្តិការ​អាជីវកម្ម​នៅ​កម្ពុជា​។

​សម្ដេច​ធិបតី​បាន​គូសបញ្ជាក់​ថា​ ​រាជ​រដ្ឋាភិបាល​បាន​និង​កំពុង​ដាក់ចេញ​នូវ​គោលនយោបាយ​ និង​យន្តការ​ជាច្រើន​ ​ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ ​រួមមាន​ការ​ធានា​សុខ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ ​ការ​កាត់បន្ថយ​ថ្លៃ​ចំណាយ​ក្នុង​ការ​ធ្វើដំណើរ​ ការ​ពង្រឹង​គុណភាព​សេវាកម្ម​ ​និង​ការ​បង្កើត​ព្រឹត្តិការណ៍​កីឡា​ ​ពិព័រណ៍​ និង​សកម្មភាព​ផ្សេង​ៗ​ ​ដើម្បី​បន្ថែម​លើ​សក្តានុពល​ទេសចរណ៍​ដែល​មាន​ស្រាប់ ​ដូចជា​ការ​ទស្សនា​ប្រាសាទ​បុរាណ​ ​និង​វប្បធម៌​ជាដើម​។

​ជា​ចុងក្រោយ​ ​សម្ដេច​ធិបតី​បាន​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ ​Phoenix​ ​Voyages​ ​Group​ ​Limited​ ​បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ ​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ «​Angkor​ ​Ultra​ ​Trail​» ​ឱ្យ​ទទួលបាន​ជោគជ័យ​ និង​បន្ត​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​បន្ថែម​ទៀត​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times