ឧកញ៉ា ណូ សុភា ដែលជាសប្បុរសជនខ្មែរដែលមានចិត្តសន្ដោសប្រោសប្រណី និងតែងនឹកឃើញដល់ប្រជាជនខ្មែរដែលមានឈាមជ័រតែមួយ បើទោះជាពេលនេះឧកញ៉ារូបនេះ បានកំពុងរស់នៅប្រទេសអាល្លឺម៉ង់ក៏ដោយនោះ ក៏មិនភ្លេចផ្ដល់ជំនួញផ្សេងៗមកស្រុកកំណើត។

ដោយកាលពីពាក់កណ្ដាលខែកក្កដា កន្លងទៅ ឧកញ៉ា ណូ សុភា បានរៀបចំប្រាក់ ១៨ ម៉ឺនដុល្លារ សម្រាប់ជួយដល់អតីតគ្រូបង្រៀនរបស់អគ្គនាយិកាក្រុមហ៊ុន Böttcher AG រូបនេះ។ មិនតែប៉ុណ្ណោះថ្មីៗនេះ ក្រោយពីអ្នកបង្កើតមាតិកាខ្មែរដ៏ល្បី Rick Kh គោប្រាក់ ទៅលេងនៅអាល្លឺម៉ង់ និងបានជួបជជែកគ្នា ក៏បានផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតក្រីក្ររៀនពូកែ ៥០ នាក់ តាមរយៈលោក។
សម្រាប់លក្ខខណ្ឌរបស់ឧកញ៉ា ណូ សុភា គឺផ្ដល់ជូនដល់សិស្សនិស្សិតដែលត្រៀមប្រឡងបញ្ចប់ថ្នាក់ទី១២ ជាសិស្សរៀនពូកែ ប៉ុន្តែមានជីវភាពលំបាក គ្មានលទ្ធភាពបន្តការសិក្សាបាន។ អាហារូបករណ៍នេះដែរនឹងត្រូវផ្ដល់ជូនសម្រាប់៖
- សិស្សពូកែរបស់បណ្ណាល័យ គោប្រាក់
- សិស្សក្រីក្រក្នុងខេត្តសៀមរាប
- សិស្សពូកែ និងក្រីក្រខ្លាំងតាមបណ្ដាខេត្តនានា

ការដាក់ពាក្យ សិស្សនិស្សិតអាចមកយកពាក្យផ្ទាល់បាននៅបណ្ណាល័យគោប្រាក់ខេត្តសៀមរាប ដែលមានទីតាំងនៅខាងក្រោយមន្ទីរពេទ្យ គន្ធបុប្ផា ចាប់ទទួលពាក្យចាប់ពីថ្ងៃ ២៩ ខែកក្កដា ឆ្នាំ ២០២៦ រហូតដល់ថ្ងៃទី ១០ សីហា ឆ្នាំ ២០២៦ រៀងរាល់ម៉ោងធ្វើការ (១០ព្រឹក ដល់ម៉ោង ៥ល្ងាច)។
គួរបញ្ជាក់ថាកាលពីថ្ងៃ ១៧ ខែកក្កដា ឆ្នាំ ២០២៦ ឧកញ៉ា ណូ សុភា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ជាតូបការ»។ មេដាយជាតូបការ ជាគ្រឿងឥស្សរិយយស ប្រភេទមាតុប្រទេស លំដាប់ខ្ពស់ជាងគេបំផុតនៅកម្ពុជា សម្រាប់បំពាក់ជូនចំពោះវរជនដែលមានគុណដ៏ឧត្តុងឧត្តមក្នុងការបម្រើមាតុប្រទេស ហើយត្រូវបានប្រទានដោយព្រះមហាក្សត្រ៕

អត្ថបទ៖ ឆដា, រូបភាព៖ Sophea Böttcher




