រាជរដ្ឋាភិបាលប្តេជ្ញាពង្រឹង SME ឱ្យក្លាយជាកម្លាំងជំរុញកំណើនសេដ្ឋកិច្ច

ភ្នំពេញ​៖​ រាជ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​បន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ ​(​FASMEC​) ​ដើម្បី​ពង្រឹង​វិស័យ​ ​SME​ ​ឱ្យ​ក្លាយជា​កម្លាំង​សំខាន់​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ប្រកបដោយ​ចីរភាព​ និង​បរិយា​បន្ន​។

​ការ​ប្តេជ្ញា​នេះ​ត្រូវបាន​បញ្ជាក់​នៅក្នុង​ជំនួប​រវាង​ឯកឧត្តម​ ស៊ុន ​ចាន់​ថុល ​ឧប​នាយក​រដ្ឋមន្ត្រី​ ​និង​អនុ​ប្រធាន​ទី​១​ ​CDC​ ​និង​គណៈប្រតិភូ ​FASMEC​ ​ដឹកនាំ​ដោយ​ឧកញ៉ា ​តែ​ ​តាំង​ប៉ ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ ​FASMEC​ ​កាលពី​រសៀល​ថ្ងៃទី​២៩​ ​ខែកក្កដា ​ឆ្នាំ​២០២៦​។

​ជំនួប​នេះ​មាន​គោលបំណង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋ​ ​និង​តំណាង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ក្នុង​ស្រុក​ ​ដើម្បី​ឆ្លើយតប​ទៅនឹង​គោលនយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​-​សង្គម​របស់​រាជ​រដ្ឋាភិបាល​។​

ក្នុង​ជំនួប​នេះ​ ​FASMEC​ ​បាន​លើកឡើង​នូវ​មតិ​យោបល់​ ​និង​តម្រូវការ​រួម​របស់​សហគ្រិន​ក្នុង​ស្រុក​ ​ជាពិសេស​ការ​ពង្រឹង​ និង​ពង្រីក​ខ្សែ​ច្រវាក់​តម្លៃ​ផលិតកម្ម​ក្នុង​ស្រុក​ ​ព្រមទាំង​ការ​សម្រួល​នីតិវិធី​រដ្ឋបាល​ និង​បទដ្ឋាន​គតិយុត្ត ​ឱ្យ​កាន់តែ​សាមញ្ញ ​ឆាប់រហ័ស​ និង​អំណោយផល​ដល់​ការ​ធ្វើ​អាជីវកម្ម​។​

មតិ​យោបល់​ទាំងនេះ​ត្រូវបាន​ឯកឧត្តម​ ស៊ុន ​ចាន់​ថុល​យកចិត្តទុកដាក់​ ​និង​ស្វាគមន៍​ ​ខណៈ​ឯកឧត្តម​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​បន្ត​ធ្វើ​ការ​ជិតស្និទ្ធ​ជាមួយ​ ​FASMEC​ ​ក្នុង​ស្មារតី​ជួយ​ជ្រោមជ្រែង​ ​ដើម្បី​ប្រែក្លាយ​វិស័យ​ ​SME​ ​ទៅជា​ក្បាល​ម៉ាស៊ីន​ដ៏​មាន​ថាមពល​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​។

​ការ​លើកកម្ពស់​ ​SME​ ​ក៏​ជា​អាទិភាព​ដែល​ ​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​បាន​សង្កត់ធ្ងន់​ផងដែរ​ ក្នុង​កិច្ចប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​២៤​ ​ខែកក្កដា​។ ​សម្តេច​ធិបតី​ ​បាន​ណែនាំ​ឱ្យ​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​នូវ​កំណែទម្រង់​សំខាន់​ៗ​ពាក់ព័ន្ធ​នឹង​ ​SME​ ​ដោយ​ផ្អែក​លើ​យោបល់​របស់​ប្រជាពលរដ្ឋ​ ​និង​លទ្ធផល​នៃ​ការ​សិក្សា​ ​និង​ការ​ពិគ្រោះយោបល់​ជាមួយ​តួអង្គ​ពាក់ព័ន្ធ​ ​ជាពិសេស​វិស័យ​ឯកជន​។

​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​បាន​លើកឡើង​ពី​ការ​កែទម្រង់​ ​CDC​ ​តាមរយៈ​ការ​វាយតម្លៃ​ ​រៀបចំ​ ​និង​ធ្វើ​វិសោធនកម្ម​ច្បាប់​ ​ព្រមទាំង​បង្កើន​ប្រសិទ្ធភាព​ការងារ​ និង​ការ​អនុវត្ត​នីតិវិធី​របស់​ស្ថាប័ន​។

​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​បាន​បញ្ជាក់​ថា​ ​រាជ​រដ្ឋាភិបាល​ចង់​កាត់បន្ថយ​ការ​ឱ្យ​ម្ចាស់​អាជីវកម្ម​យក​ឯកសារ​រត់​ទៅ​តាម​ស្ថាប័ន​ជាច្រើន​ ​ដោយ​ជំរុញ​ការ​ភ្ជាប់​ប្រព័ន្ធ​ ​Online​ ​ឬ​មធ្យោបាយ​ផ្សេង​ទៀត​ ​ដើម្បីឱ្យ​ស្ថាប័ន​អាច​សម្របសម្រួល​ការងារ​គ្នា​បាន​ ​និង​ធ្វើឱ្យ​នីតិវិធី​ចុះឈ្មោះ​ ​ចុះបញ្ជី​ ​និង​បង្កើត​ ​SME​ ​កាន់តែ​ងាយស្រួល​ និង​ឆាប់រហ័ស​។

​សម្តេច​ធិបតី​ នាយក​រដ្ឋមន្ត្រី​ ​ក៏​បាន​ជំរុញ​ឱ្យ​ពង្រឹង​ផលិតកម្ម​ក្នុង​ស្រុក​ ​ខណៈ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​បិទ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ​ ​ដោយ​ចាត់ទុក​ការ​សម្រួល​ដល់​ការ​បង្កើត​ ​និង​ប្រតិបត្តិការ​របស់​ ​SME​ ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​សមត្ថភាព​ខ្លួនឯង​ និង​ផលិតកម្ម​ក្នុង​ស្រុក​។

​នៅ​ចុងបញ្ចប់​នៃ​ជំនួប​ ​FASMEC​ ​បាន​នាំយក​ផលិតផល​ក្នុង​ស្រុក​របស់​សហគ្រាស​សមាជិក​មក​ដាក់​បង្ហាញ​។ ​ឯកឧត្តម​ ស៊ុន ​ចាន់​ថុល ​បាន​សម្តែង​ការ​សាទរ​ចំពោះ​ភាព​ច្នៃប្រឌិត ​ភាព​សម្បូរបែប​ និង​សមត្ថភាព​ផលិត​របស់​សហគ្រិន​ខ្មែរ​។

​ឯកឧត្តម​ ស៊ុន ​ចាន់​ថុល ​បាន​ណែនាំឱ្យ​ម្ចាស់​សហគ្រាស​យកចិត្តទុកដាក់​លើ​គុណភាព​ ​និង​សុវត្ថិភាព​ផលិតផល​ ព្រមទាំង​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​ ​ដើម្បី​កាត់បន្ថយ​ការ​នាំចូល​ ​និង​ឈាន​ទៅរក​ការ​នាំចេញ​ផលិតផល​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​នា​ពេល​ខាងមុខ​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times