ភូមិភាគឦសានកម្ពុជា ទាក់ទាញគម្រោងវិនិយោគ ៣ តម្លៃ ១០៨ លានដុល្លារ

ភ្នំពេញ៖ ភូមិភាគឦសានកម្ពុជាកំពុងទាក់ទាញគម្រោងវិនិយោគចំនួន ៣ ក្នុងវិស័យកសិកម្ម ដែលមានទុនវិនិយោគសរុបប្រមាណ ១០៨ លានដុល្លារអាម៉េរិក និងរំពឹងថានឹងបង្កើតការងារប្រមាណ ៧០០ កន្លែងសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់។

គម្រោងវិនិយោគទាំងនេះត្រូវបានពិនិត្យ និងសម្រេចក្នុងកិច្ចប្រជុំលើកទី៦ របស់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន) ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។

កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តទាំង ៤ ដែលជាសមាជិកក្រុមការងារ ដើម្បីពិនិត្យ និងអនុម័តគម្រោងវិនិយោគចំនួន ៣ ក្នុងវិស័យកសិកម្ម។ គម្រោងទាំងនេះរួមមាន ការដាំដុះដើមកាហ្វេ និងកាកាវ ការចិញ្ចឹមសត្វចម្រុះ និងសត្តឃាតដ្ឋាន ព្រមទាំងការបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម។

តាមប្រភពព័ត៌មាន គម្រោងវិនិយោគទាំង ៣ នឹងបន្ថែមមូលធនប្រមាណ ១០៨ លានដុល្លារអាម៉េរិកចូលក្នុងសេដ្ឋកិច្ចកម្ពុជា និងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋក្នុងតំបន់ប្រមាណ ៧០០ នាក់។

ក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានលើកឡើងថា ទោះបីពិភពលោកកំពុងជួបប្រទះបញ្ហាប្រឈមជាច្រើនក៏ដោយ កម្ពុជានៅតែរក្សាបាននូវភាពទាក់ទាញសម្រាប់វិនិយោគិនទាំងក្នុងស្រុក និងបរទេស។

ឯកឧត្តម ហ៊ាន សាហ៊ីប បានលើកឡើងថា ក្រុមហ៊ុនចិនធំៗបានបង្ហាញពីបំណងពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជា ក្នុងជំនួបជាបន្តបន្ទាប់ជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងឱកាសដែលសម្តេចធិបតីចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិតនៅប្រទេសចិន កាលពីថ្ងៃទី១៥-១៧ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តម ហ៊ាន សាហ៊ីប បានជំរុញឱ្យក្រុមការងារបន្តខិតខំសម្របសម្រួលការងារដោយស្មារតីបុរេសកម្ម និងប្រសិទ្ធភាពខ្ពស់ ដើម្បីផ្តល់ការលើកទឹកចិត្ត និងសម្រួលនីតិវិធីជាកញ្ចប់ សំដៅពង្រឹងទំនុកចិត្តរបស់វិនិយោគិនជាតិ និងអន្តរជាតិ ព្រមទាំងបន្តលើកកម្ពស់បរិយាកាសវិនិយោគរបស់កម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា ការសម្របសម្រួលនីតិវិធី និងការផ្តល់ការលើកទឹកចិត្តពិសេសដល់វិនិយោគិន ត្រូវធ្វើឡើងដោយបុរេសកម្ម ដើម្បីលើកកម្ពស់បរិយាកាសធុរកិច្ចនៅខេត្តទាំង ៤ ក្នុងភូមិភាគឦសាន។ ការងារនេះត្រូវអនុវត្តតាមរយៈការដោះស្រាយបញ្ហាជាកញ្ចប់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងការតម្កល់ផលប្រយោជន៍ជាតិជាធំ។

ជាមួយគ្នានេះ ឯកឧត្តម បានណែនាំឱ្យវិនិយោគិនផ្តោតការយកចិត្តទុកដាក់លើការអនុវត្តគម្រោងជាក់ស្តែង ស្របតាមផែនការដែលបានស្នើសុំ ជាពិសេសការបង្កើតការងារ ការបណ្តុះបណ្តាល និងការផ្ទេរជំនាញ ព្រមទាំងការប្រើប្រាស់បច្ចេកទេសថ្មីៗក្នុងខ្សែច្រវាក់ផលិតកម្ម ចាប់ពីការផលិតរហូតដល់ការកែច្នៃដែលមានតម្លៃបន្ថែម។

ឯកឧត្តម ហ៊ាន សាហ៊ីប បានលើកឡើងថា ការអនុវត្តទាំងនេះនឹងចូលរួមលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារ ការអភិវឌ្ឍជំនាញ និងការបង្កើនតម្លៃបន្ថែមក្នុងផលិតកម្មកសិកម្ម។

កិច្ចប្រជុំក៏បានពិភាក្សាលើបញ្ហាប្រឈមសំខាន់ៗមួយចំនួនដែលត្រូវដោះស្រាយជាបន្ទាន់ ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ តំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធបានប្តេជ្ញាចិត្តបន្តផ្តល់ការសម្របសម្រួលឱ្យបានរហ័ស តម្លាភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ធុរកិច្ច និងវិនិយោគនៅខេត្តគោលដៅទាំង ៤។

នៅចុងបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានថ្លែងអំណរគុណដល់សមាជិក និងសមាជិកាក្រុមការងារ ចំពោះការសម្របសម្រួលជូនវិនិយោគិន ដើម្បីជំរុញឱ្យកម្មវិធីពិសេសរបស់រាជរដ្ឋាភិបាលនេះទទួលបានជោគជ័យ និងរួមចំណែកដល់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាជនកម្ពុជា៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times