ហាណូយ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម ត្រូវបានរំពឹងថា នឹងកើនឡើងដល់ជាង ១២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៦ បន្ទាប់ពីទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងជាលំដាប់ និងឈានដល់ ១១,៣៣ ពាន់លានដុល្លារកាលពីឆ្នាំ២០២៥។
ការរំពឹងនេះត្រូវបានលើកឡើងក្នុងជំនួបរវាងសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ឡេ មិញ ហ៊ុង (Le Minh Hung) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ក្នុងអំឡុងពេលសម្តេចដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាពនៅប្រទេសវៀតណាម។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន។
ប្រមុខដឹកនាំប្រទេសទាំងពីរបានប្តេជ្ញាចិត្តខ្ពស់ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ច ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងសន្តិសុខ ដើម្បីជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ព្រមទាំងពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ទំហំ ២០ ពាន់លានដុល្លារអាមេរិកនាពេលអនាគត។
ឯកឧត្តម ឡេ មិញ ហ៊ុង បានបញ្ជាក់ថា វៀតណាមនឹងបន្តគាំទ្រ និងសហការជាមួយកម្ពុជា ព្រមទាំងបានណែនាំដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធរបស់វៀតណាមឱ្យអនុវត្តជាបន្ទាន់នូវកិច្ចព្រមព្រៀងនានាដែលបានធ្វើឡើងជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីបម្រើផលប្រយោជន៍របស់ប្រទេសទាំងពីរ។
នាយករដ្ឋមន្ត្រីវៀតណាមក៏បានស្នើឱ្យបន្តជំរុញការផ្លាស់ប្តូរទស្សនកិច្ច និងបទពិសោធន៍រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ព្រមទាំងបញ្ជាក់ពីការគាំទ្ររបស់វៀតណាមចំពោះគម្រោងលើកកម្ពស់សហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា។
ជាមួយគ្នានេះ សម្តេច ឃួន សុដារី បានបញ្ជាក់ថា កម្ពុជាស្វាគមន៍ និងបន្តជំរុញបង្កលក្ខណៈងាយស្រួលបន្ថែមទៀតដល់វិនិយោគិនបរទេស និងអ្នកទេសចរវៀតណាម ដើម្បីមកវិនិយោគ និងទស្សនាកម្ពុជាកាន់តែច្រើន។
សម្តេចបានស្នើឱ្យវៀតណាមពិនិត្យលទ្ធភាពបន្ថែមទៀតក្នុងការវិនិយោគនៅកម្ពុជា ជាពិសេសលើវិស័យកសិកម្ម អប់រំ បច្ចេកវិទ្យា និងនវានុវត្តន៍។
រដ្ឋសភាកម្ពុជាបានស្វាគមន៍ និងគាំទ្រចក្ខុវិស័យរបស់ប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ វៀតណាមគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា ខណៈទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់ និងលើសពីការរំពឹងទុក។
នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាមបានកើនឡើងដល់ ១១,៣៣ ពាន់លានដុល្លារអាមេរិក ហើយសម្រាប់ឆ្នាំ២០២៦ ត្រូវបានរំពឹងថានឹងកើនឡើងដល់ជាង ១២ ពាន់លានដុល្លារ។ ប្រទេសទាំងពីរបានប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការ និងពន្លឿនទំហំពាណិជ្ជកម្មឱ្យឈានដល់ ២០ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។
ក្រៅពីពាណិជ្ជកម្ម សម្តេចប្រធានរដ្ឋសភាក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ធនធានមនុស្សរវាងប្រទេសទាំងពីរ ដោយវៀតណាមបន្តផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលដល់និស្សិត និងមន្ត្រីរាជការកម្ពុជា ដើម្បីពង្រឹងសមត្ថភាពមូលធនមនុស្ស។
ជំនួបនេះក៏បានពិភាក្សាអំពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងការពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាផ្សេងៗដែលជាផលប្រយោជន៍រួម។
សម្តេច ឃួន សុដារី បានថ្លែងអំណរគុណដល់វៀតណាម ដែលបានគាំទ្រដំណោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី និងបានចូលរួមក្នុងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ វៀតណាមបានបញ្ជាក់ពីជំនឿ និងការត្រៀមខ្លួនចូលរួម ដើម្បីជួយឱ្យកម្ពុជា និងថៃដោះស្រាយបញ្ហាដោយសន្តិវិធីក្នុងពេលឆាប់ៗខាងមុខ៕
អត្ថបទ៖ ប៊ី








