ជីប ម៉ុង គ្រុប កំពុងបណ្ដុះធនធានជំនាន់ក្រោយ ហើយក្នុងនោះអ្នកបន្តវេនជំនាន់ក្រោយៗ ជាចៅៗ។ ក្នុងចំណោមចៅរបស់លោកអ្នកឧកញ៉ា ភាព ហៀក យុវជន អ៊ឹង វីរៈ ដែលគេតែងតែហៅថា Young CEO កំពុងតែទាក់ទាញបានអតិថិជនថ្មីៗបន្ថែមទៀត ពិសេសអ្នកជំនាន់ Gen X, Gen Y, Gen Z, Gen Alpha ជាដើម។

លោក អ៊ឹង វីរៈ គឺជាកូនប្រុសរបស់លោកអ្នកឧកញ៉ា លាង ឃុន (សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង) និងលោកជំទាវ តែ សុវណ្ណី ដែលបច្ចុប្បន្ន លោក អ៊ឹង វីរៈ កាន់តំណែងជា ប្រធានបន្តវេនរបស់ក្រុមហ៊ុន Khmer Beverages ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង។
Young CEO អ៊ឹង វីរៈ គឺជាអ្នកដឹកនាំជំនាន់ថ្មី (Young CEO) ដ៏លេចធ្លោមួយរូប ក្នុងវិស័យធុរកិច្ចនៅកម្ពុជា ហើយចូលរួមយ៉ាងសកម្មច្រើននៅជីប ម៉ុង គ្រុប។ ថ្មីៗនេះផងដែរ ប្រធានបន្តវេន អ៊ឹង វីរៈ ក៏បានតំណាងឲ្យក្រុមហ៊ុន ជីប ម៉ុង នៅក្នុងកម្មវិធីប្រគល់ថវិកាចំនួន ៧៧ ៧៧៧ ដុល្លារ ជូនសមាគមសិល្បករខ្មែរ លើកទី៣។


មុនពេលចូលទៅកាន់តួនាទីជាថ្នាក់ដឹកនាំជាន់ខ្ពស់នៅ ជីប ម៉ុង គ្រុប និងខ្មែរ ប៊ែវើរីស លោក អ៊ឹង វីរៈ ធ្លាប់បានបម្រើការងារឲ្យក្រុមហ៊ុនធំៗនៅអាមេរិក និងធ្លាប់ឆ្លងកាត់ការហាត់ (Internship) នៅក្រុមហ៊ុន ជីប ម៉ុង ផ្ទាល់។
កូនប្រុសច្បងលោកអ្នកឧកញ៉ា លាង ឃុន រូបនេះមិនត្រឹមតែមានសមត្ថភាពដឹកនាំក្រុមហ៊ុន និងជួយសម្រាលបន្ទុកឪពុកម្ដាយឡើយ ហើយក៏ត្រូវបានគេចាត់ទុកថា ជាកូនប្រុសនៃត្រកូលសេដ្ឋីដែលមានរូបសម្បត្តិ និងភោគសម្បត្តិ។
លោក អ៊ឹង វីរៈ បានភ្ជាប់ពាក្យជាមួយកញ្ញា ស៊ុន ស៊ីមុនី ដែលជាកូនស្រីពៅរបស់ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាលោក ស៊ុន ចាន់ថុល កាលពីអំឡុងខែសីហា ឆ្នាំ ២០២៣៕


អត្ថបទ៖ ឆដា, រូបភាព៖ សមាគមសិល្បករ និង Khmer Beverages




