ការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (RGPPSEZ ) និង រ៉ូយ៉ាល់ គ្រុប កណ្តាល (RGKSEZ) មានការកើនឡើងប្រមាណជា ៣៩,៥% ឬស្មើទំហំទឹកប្រាក់ ៨០៩លានដុល្លារក្នុងរយៈពេលត្រឹមតែ ៤ ខែ ដើមឆ្នាំ ២០២៦ នេះ ប៉ុណ្ណោះ។

អ្នកឧកញ្ញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បាននិយាយថា៖ «កំណើនជាបន្តបន្ទាប់នៃតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និងរ៉ូយ៉ាល់ គ្រុប កណ្តាល ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់វិនិយោគិន ចំពោះអនាគតសេដ្ឋកិច្ចរបស់កម្ពុជា និងការប្តេជ្ញាចិត្តរបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការធ្វើការរួមគ្នា ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម»។
ត្រឹមខែមេសា ឆ្នាំ២០២៦ ចំនួនបុគ្គលិកកម្មករសរុបដែលកំពុងបម្រើការងារនៅក្នុងតំបន់ទាំងពីរ RGPPSEZ និង RGKSEZ បានកើនឡើងដល់ ៥៨ ៥៣២ នាក់ ដែលតំណាងឱ្យការកើនឡើងប្រមាណ ១៥.៣% បើធៀបនឹងចំនួនបុគ្គលិកកម្មករ ៥០ ៧៤៦ នាក់ ដែលបានកត់ត្រាក្នុងខែមេសា ឆ្នាំ២០២៥ កន្លងទៅ។

ដោយឡែកការនាំចេញរបស់តំបន់សេដ្ឋកិច្ចពិសេសទាំងពីរ នៅតែបន្តបង្ហាញពីសន្ទុះកំណើន ដ៏ខ្លាំងក្លា ដោយបានរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ការបង្កើតការងារ និងបង្កើនការនាំចេញរបស់ប្រទេសកម្ពុជា។
សូមបញ្ជាក់ដែរថានៅឆ្នាំ ២០២៥ កន្លងទៅ តំបន់សេដ្ឋកិច្ចពិសេសទាំងពីររបស់រ៉ូយ៉ាល់គ្រុបសម្រេចបាននូវទំហំទឹកប្រាក់ ២,១៥ ពាន់លានដុល្លារ តំណាងឱ្យ ៧% នៃតម្លៃនាំចេញសរុបរបស់កម្ពជា៕







អត្ថបទ៖ ឆដា, រូបភាព៖ រ៉ូយ៉ាល់ គ្រុប



