ការ​នាំ​ចេញ​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់​គ្រុប ​កើន​ឡើង​៣៩,៥% ​ត្រឹម​រយៈ​ពេល​៤​ខែ​នេះ​

ការ​នាំ​ចេញ​ទំនិញពី​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ​(RGPPSEZ ) ​និង រ៉ូយ៉ាល់ គ្រុប កណ្តាល (RGKSEZ) ​មាន​ការ​កើន​ឡើង​ប្រមាណ​ជា ៣៩,៥% ​ឬ​ស្មើ​ទំហំ​ទឹក​ប្រាក់ ៨០៩​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​ត្រឹម​តែ ​៤ ​ខែ​ ដើម​ឆ្នាំ ​២០២៦​ នេះ ​ប៉ុណ្ណោះ។

តាមដានជាមួយយើង៖ Million Times

​អ្នកឧកញ្ញ៉ា ​គិត ម៉េង ​​ប្រធានក្រុមប្រឹក្សាភិបាលនៃ ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ​បាន​និយាយ​ថា​៖ ​«កំណើនជា​បន្តបន្ទាប់​នៃ​តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ ​និង​រ៉ូយ៉ាល់ ​គ្រុប កណ្តាល​ ឆ្លុះ​បញ្ចាំង​ពី​ទំនុក​ចិត្ត​របស់​វិនិយោគិន ​ចំពោះអនាគតសេដ្ឋកិច្ចរបស់កម្ពុជា​ និងការ​ប្តេជ្ញា​ចិត្ត​របស់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​ក្នុងការធ្វើការរួមគ្នា​ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ី​ឧស្សា​ហកម្ម»។

ត្រឹម​ខែមេសា​ ឆ្នាំ២០២៦ ​ចំនួនបុគ្គលិកកម្មករសរុប​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​តំបន់​ទាំងពីរ RGPPSEZ និង RGKSEZ បានកើនឡើងដល់ ៥៨ ៥៣២ នាក់​ ដែល​តំណាង​ឱ្យ​ការ​កើន​ឡើង​ប្រមាណ​ ១៥.៣% បើ​ធៀប​នឹង​ចំនួន​បុគ្គលិក​កម្មករ ៥០ ៧៤៦ នាក់ ដែល​បាន​កត់ត្រា​ក្នុង​ខែ​មេសា ឆ្នាំ២០២៥ កន្លងទៅ។

ដោយ​ឡែក​ការនាំចេញរបស់តំបន់សេដ្ឋកិច្ចពិសេសទាំងពីរ ​នៅ​តែ​បន្ត​បង្ហាញ​ពី​សន្ទុះកំណើន​ ដ៏ខ្លាំងក្លា​ ដោយបាន​រួមចំណែក​ដល់​ការអភិវឌ្ឍវិស័យឧស្សាហកម្ម ការប​ង្កើតការងារ និងបង្កើនការនាំចេញ​របស់ប្រទេសកម្ពុជា។​

​សូម​បញ្ជាក់​ដែរ​ថា​នៅ​ឆ្នាំ ​២០២៥ ​កន្លង​ទៅ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​ពីរ​របស់​រ៉ូយ៉ាល់​គ្រុប​សម្រេច​បាន​នូវ​ទំហំទឹក​ប្រាក់ ២,១៥ ​ពាន់លានដុល្លារ ​តំណាងឱ្យ ៧% ​នៃ​តម្លៃនាំចេញសរុប​របស់​​កម្ពជា​៕

អត្ថបទ៖ ឆដា, រូបភាព៖ រ៉ូយ៉ាល់ គ្រុប