បើទោះជាពេលនេះឧកញ៉ា អ៊ាន ស៊ៀវម៊ី អគ្គនាយិកាក្រុមហ៊ុន CASTLE E DIAMOND CO.,LTD ដែលជាក្រុមហ៊ុនលក់ផលិតផលថែរក្សាសម្រស់ដ៏ល្បីលើវិថីអនឡាញ កំពុងនៅលើទឹកដីអូស្ត្រាលីក៏ដោយ ក៏មិនភ្លេចការងារសប្បុរសធម៌ដែរ។

ថ្មីៗនេះ បន្ទាប់ពីឃើញសិស្សប្រុសម្នាក់បានខិតខំប្រឹងប្រែង រៀនសូត្រប្រលងបានជយលាភីលេខ ១ ទូទាំងប្រទេសផ្នែកគណិតវិទ្យា ឧកញ៉ា អ៊ាន ស៊ៀវម៊ី រំភើបចិត្ត និងបានប្រកាសផ្ដល់ប្រាក់ឧបត្ថម្ភដល់សិស្សប្រុសម្នាក់នៅខាងខេត្តព្រៃវែង។
កាន់តែពិសេសពេលឧកញ៉ា អ៊ាន សៀវម៊ី ដឹងថា សិស្សប្រុសឈ្មោះ ថន រិនសុភៈ ដែលជាសិស្សនៃ វិទ្យាល័យព្រៃដើមថ្នឹង មានស្រុកកំណើតដូចគ្នាជាមួយម្ចាស់ប្រេននោះតែម្ដង។ “គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ នៃវិទ្យាល័យព្រៃដើមថ្នឹង និងក្នុងនាមអាណាព្យាបាលសិស្ស សូមសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឧកញ៉ា អ៊ាន សៀវម៊ី ដែលបានឧបត្ថម្ភថវិកាចំនួន ៣ លានរៀល តាមរយៈលោកឪពុករបស់គាត់ លោក អ៊ាន រឿន ដល់ប្អូនប្រុស ថន រិនសុភៈ ដែលជាសិស្សឆ្នើមចំណាត់ថ្នាក់លេខ ១ ទូទាំងប្រទេសផ្នែកគណិតវិទ្យា“។
ឧកញ៉ា អ៊ាន សៀវម៊ី បើទោះជារវល់ការងារ ឬដំណើរកម្សាន្តក្រៅប្រទេសយ៉ាងណា ក៏មិនភ្លេចក្នុងការងារសប្បុរសធម៌ និងជួយដល់អ្នកដទៃដែរ៕



អត្ថបទ៖ ឆដា, រូបភាព៖ Ean Sivmey និងវិទ្យាល័យព្រៃដើមថ្នឹង



