កាលពីពេលថ្មីៗនេះអ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន ត្រូវបានតែងតាំងជាទីប្រឹក្សាកិត្តិយស នៃសមាគមពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី នៅប្រទេសម៉ាឡេស៊ី ដែលកម្មវិធីធ្វើឡើងនៅប្រទេសម៉ាឡេស៊ី។

ការប្រកាសតែងតាំងអ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន ជាទីប្រឹក្សាកិត្តិយស នៃសមាគមពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី បន្ទាប់ពីមានអនុស្សរណៈនៃការយោគយល់គ្នា (MoU) រវាងសមាគមពាណិជ្ជកម្មម៉ាឡេស៊ី-កម្ពុជា (MCBA) និងសហព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមនៃកម្ពុជា (FASMEC)។ ក្រៅពីអ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន ក៏មានឥស្សរជនជាន់ខ្ពស់របស់កម្ពុជា ៣ រូបផ្សេងរបស់ប្រទេសកម្ពុជា ត្រូវបានតែងតាំងក្នុងតួនាទីផ្សេងៗគ្នា។
ក្នុងនោះ ក៏មាន Dato’ (ឧកញ៉ា), Dato’ Sri (អ្នកឧកញ៉ា) និង Tan Sri (លោកអ្នកឧកញ៉ា) របស់ម៉ាឡេស៊ីជាង ១០ រូបបន្ថែមទៀត ត្រូវបានផ្ដល់កិត្តិយសផ្សេងៗគ្នានាឱកាសចុះ MOU កាលពីថ្ងៃ៥ ខែឧសភា ឆ្នាំ ២០២៦ កន្លងទៅ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

លោក Datuk Seri Ricky Yaw ប្រធានស្ថាបនិក MCBA បានមានប្រសាសន៍ថា ភាពជាដៃគូនេះ មានគោលបំណងបង្កើតវេទិកាមួយ ផ្តល់នូវតម្លៃដែលអាចវាស់វែងបានដល់អាជីវកម្មនានានៅទូទាំងប្រទេសម៉ាឡេស៊ី កម្ពុជា និងតំបន់អាស៊ានទាំងមូល។
គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសម៉ាឡេស៊ី និងកម្ពុជា កំពុងបង្កើនកិច្ចសហប្រតិបត្តិការអាជីវកម្ម ពង្រីកឱកាសនៅទូទាំងអាស៊ាន និងជំរុញភាពជាដៃគូឆ្លងដែនពាណិជ្ជកម្ម និងការវិនិយោគ៕




អត្ថបទ៖ឆដា, រូបភាព៖ ផ្ដល់ឲ្យ



