កម្ពុជា​ ​បន្ត​ចរចា ​DTA​ ​ជាមួយ​ប្រទេស​ជាច្រើន​ ​ដើម្បី​ជំរុញ​វិនិយោគ​ ​និង​ទប់ស្កាត់​ការ​គេចវេះ​ពន្ធ​

​កម្ពុជា​ ​កំពុង​បន្ត​ចរចា​កិច្ចព្រមព្រៀង​ស្តីពី​ការ​ចៀសវាង​ការ​យក​ពន្ធ​ត្រួត​គ្នា​ ​(​Double​ ​Taxation​ ​Agreement​-​DTA​) ​ជាមួយ​ប្រទេស​ជា​ដៃគូ​សំខាន់​ៗ​ ​ខណៈ​កិច្ចចរចា​ជាមួយ​មីយ៉ាន់ម៉ា ​និង​បារាំង​ត្រូវបាន​បញ្ចប់​ ​ហើយ​កិច្ចព្រមព្រៀង​ទាំង​ពីរ​នឹង​ត្រូវ​ចុះហត្ថលេខា​ក្នុង​ពេល​ឆាប់​ៗ​ខាងមុខ​។

​យោង​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គ​នាយកដ្ឋាន​ពន្ធដារ ​ចេញផ្សាយ​នៅ​ថ្ងៃទី​១៧​ ​ខែសីហា ​កម្ពុជា​ ​កំពុង​បន្ត​ចរចា ​DTA​ ​ជាមួយ​ជប៉ុន ​អេមីរ៉ាត​អារ៉ាប់​រួម​ ម៉ារ៉ុក ​កាតា ​និង​អាស៊ែ​បៃហ្សង់ ​ដើម្បី​ពង្រីក​បណ្តាញ​កិច្ចព្រមព្រៀង​ពន្ធ​អន្តរជាតិ​របស់​ខ្លួន​។

​ព័ត៌មាន​នេះ​ត្រូវបាន​លើកឡើង​ក្នុង​សិក្ខាសាលា​ស្តីពី​ «​បច្ចុប្បន្នភាព​ថ្មី​ៗ​នៃ​ពន្ធ​អន្តរជាតិ​» ​ដែល​អគ្គ​នាយកដ្ឋាន​ពន្ធដារ​រៀបចំឡើង​នៅ​ថ្ងៃទី​១៤​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​នៅ​សណ្ឋាគារ​រ៉េស៊ីដង់ ​សុខា ​រាជធានី​ភ្នំពេញ​ ក្រោម​អធិបតីភាព​លោក​បណ្ឌិត​ ​សេង ​ជា​សិទ្ធ ​ប្រធាន​នាយកដ្ឋាន​នីតិកម្ម ​គោលនយោបាយ​សារពើពន្ធ​ ​និង​សហប្រតិបត្តិការ​ពន្ធដារ​អន្តរជាតិ​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​គង់​ ​វិបុល ​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ ​និង​ជា​ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធដារ​។

​សិក្ខាសាលា​នេះ​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ និង​មន្ត្រី​ជំនាញ​នៃ​អគ្គ​នាយកដ្ឋាន​ពន្ធដារ​ និង​សាខា​ពន្ធដារ​ខណ្ឌ​ទាំង​៩​ ​ព្រមទាំង​តំណាង​ក្រុមហ៊ុន​ឯកជន ​និង​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​ ប្រមាណ​ជាង​ ​២០០​រូប​។

​លោក​បណ្ឌិត​ ​សេង ​ជា​សិទ្ធ ​បាន​លើកឡើង​ថា​ ​ការ​រៀបចំ​សិក្ខាសាលា​នេះ​មាន​គោលបំណង​បញ្ជ្រាប​ និង​ចែករំលែក​ចំណេះដឹង​ ​ព្រមទាំង​ផ្សព្វផ្សាយ​អំពី​ការ​វិវត្ត​ថ្មី​ៗ​នៃ​ពន្ធ​អន្តរជាតិ​ ​រួមមាន​នីតិវិធី​អនុវត្ត​ ​DTA​ ​ការ​ស្នើសុំ​ឥណទាន​ពន្ធ​ក្រោម​ក្របខ័ណ្ឌ​ ​DTA​ ​ការ​ផ្លាស់ប្តូរ​ព័ត៌មាន​សម្រាប់​គោលបំណង​ពន្ធ ​និង​ទស្សនទាន​នៃ​ពន្ធ​អប្បបរមាស​កល​។

​លោក​បណ្ឌិត​បាន​គូសបញ្ជាក់​ថា​ ​DTA​ ​ជា​ការ​បែងចែក​សិទ្ធិ​ក្នុង​ការ​យក​ពន្ធ​រវាង​ប្រទេស​ជា​ហត្ថលេខី ​ហើយ​ការ​ចរចា​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ជា​ដៃគូ​វិនិយោគ​សំខាន់​ៗ​ ​គឺ​ដើម្បី​ទាក់ទាញ​ ​និង​សម្រួល​ការ​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​អន្តរជាតិ​ ​ព្រមទាំង​ទប់ស្កាត់​ និង​បង្ក្រាប​ការ​គេចវេះ​ពន្ធ​ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ​ ​និង​អន្តរជាតិ​។

​តាម​លោក​ ​សេង ​ជា​សិទ្ធ ​DTA​ ​ក៏​មាន​តួនាទី​សំខាន់​ក្នុង​ការ​លើកទឹកចិត្ត​ដល់​វិនិយោគិន ​តាមរយៈ​ការ​លុបបំបាត់​ការ​យក​ពន្ធ​ត្រួត​គ្នា​ ​និង​ផ្តល់​ភាព​ច្បាស់លាស់​ដល់​អ្នកវិនិយោគ​។ ​ជាមួយគ្នា​នេះ​ យន្តការ​ផ្លាស់ប្តូរ​ព័ត៌មាន​សម្រាប់​គោលបំណង​ពន្ធ ​អាច​ជួយ​ពង្រឹង​តម្លាភាព​ ​ទប់ស្កាត់​ការ​កិបកេង​បន្លំ​ពន្ធ ​លើកកម្ពស់​អនុលោម​ភាព​ ​និង​គាំទ្រ​ដល់​ការ​បង្កើន​ចំណូល​ពន្ធ​។​

កម្ពុជា​ ​បាន​ចាប់ផ្តើម​ចរចា ​DTA​ ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​២០១៥​។ ​គិត​មកដល់​បច្ចុប្បន្ន​ ​កម្ពុជា​មាន​កិច្ចព្រមព្រៀង​ ​DTA​ ​ចំនួន​១១​ ​ដែល​បាន​ចូល​ជាធរមាន​ ​និង​កំពុង​មាន​ប្រសិទ្ធភាព​អនុវត្ត​ជាមួយ​សិង្ហបុរី ​ចិន ​ថៃ​ ប៊្រុយ​ណេ ​វៀតណាម​ ​ឥណ្ឌូណេស៊ី ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង ​ម៉ាឡេស៊ី ​កូរ៉េ​ខាងត្បូង​ ​តំបន់​រដ្ឋបាល​ពិសេស​ម៉ាកាវ ​និង​តួកគី​។

​ការ​ពង្រីក​បណ្តាញ​ ​DTA​ ​ត្រូវបាន​រំពឹង​ថា​នឹង​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពន្ធ​អន្តរជាតិ​ ​និង​បង្កើត​ភាព​ច្បាស់លាស់​សម្រាប់​សកម្មភាព​វិនិយោគ​ ​និង​ពាណិជ្ជកម្ម​ឆ្លង​ដែន​ ​ព្រមទាំង​ពង្រឹង​ការ​អនុលោម​តាម​កាតព្វកិច្ច​សារពើពន្ធ​ស្រប​តាម​ច្បាប់​ជាធរមាន​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times