ឯកឧត្តម​ ​កៅ ​ថា​ច​៖ ​សមាគម​កសិករ​តេជោ ​ជា​ស្ពាន​ទៅកាន់​ប្រភព​ទុន​ ទីផ្សារ​ និង​បច្ចេកទេស

​ព្រះវិហារ​៖ ​ឯកឧត្តម​បណ្ឌិត​ ​កៅ ​ថា​ច ​ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ ​(​ARDB​) ​និង​ជា​ប្រធាន​សមាគម​បណ្តាញ​កសិករ​តេជោ ​បាន​អំពាវនាវ​ដល់​កសិករ​នៅ​ខេត្ត​ព្រះវិហារ ​ចូលរួម​ជាមួយ​សមាគម​បណ្តាញ​កសិករ​តេជោ ​ដើម្បី​ភ្ជាប់​ទៅកាន់​ប្រភព​ទុន​ ទីផ្សារ​ ​និង​ចំណេះដឹង​បច្ចេកទេស​កសិកម្ម​ សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុង​ការ​ប្រកបរបរ​កសិកម្ម​។

​ការ​អំពាវនាវ​នេះ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​១៤​ ​ខែសីហា ​ឆ្នាំ​២០២៦​ ក្នុង​ឱកាស​ដែល​ឯកឧត្តម​បណ្ឌិត​ ​កៅ ​ថា​ច ​ដឹកនាំ​ក្រុមការងារ​ចុះ​ជួប​សំណេះសំណាល ​សួរសុខទុក្ខ​ ​និង​ស្តាប់​ពី​កង្វល់​របស់​ប្រជាកសិករ​នៅ​ក្រុង​ព្រះវិហារ​ ​និង​ស្រុក​ត្បែងមានជ័យ ​ខេត្ត​ព្រះវិហារ ​ដោយ​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​ខេត្ត​ ​ក្រុង​ ​ស្រុក​ មន្ត្រី​ជំនាញ​កសិកម្ម​ ​ក្រុមការងារ​សមាគម​បណ្តាញ​កសិករ​តេជោ ​តំណាង​សមាគម​កសិករ​ និង​ប្រជាពលរដ្ឋ​សរុប​ប្រមាណ​ ​៤៥០​នាក់​។​

ក្នុង​ជំនួប​នេះ​ ​ឯកឧត្តម​បណ្ឌិត​ ​កៅ ​ថា​ច ​បាន​មានប្រសាសន៍​ថា​ ​គោលបំណង​នៃ​ការ​ចុះ​ជួប​កសិករ​គឺ​ ​ដើម្បី​ស្តាប់​បញ្ហា​ពិតប្រាកដ​ដែល​ពួកគាត់​កំពុង​ជួបប្រទះ​ និង​រួមគ្នា​ស្វែងរក​ដំណោះស្រាយ​ ​ដើម្បី​ធ្វើឱ្យ​ការ​ធ្វើ​កសិកម្ម​មាន​ប្រសិទ្ធភាព​ និង​ទទួលបាន​ផលចំណេញ​។

​បញ្ហា​ដែល​កសិករ​កំពុង​ប្រឈម ​រួមមាន​ទីផ្សារ​ តម្លៃ​កសិផល​ ថ្លៃ​ដើម​ផលិតកម្ម​ បច្ចេកទេស ​ការ​ទទួលបាន​ប្រភព​ទុន​ ​និង​បញ្ហា​ផ្សេង​ៗ​ទៀត​ដែល​ពាក់ព័ន្ធ​នឹង​ការ​ផលិត​ ​និង​លក់​កសិផល​។

​បន្ទាប់ពី​ស្តាប់​កង្វល់​របស់​កសិករ​ ​ឯកឧត្តម​បណ្ឌិត​ ​កៅ ​ថា​ច ​បាន​ពន្យល់​ពី​តួនាទី​របស់​សមាគម​បណ្តាញ​កសិករ​តេជោ ​ដែល​ជា​អង្គការ​ក្នុង​ស្រុក​ ​ប្រើប្រាស់​ធនធាន​ផ្ទាល់ខ្លួន​សម្រាប់​អនុវត្ត​សកម្មភាព​ ​និង​មាន​គោលបំណង​ចូលរួម​ជួយ​ដល់​ប្រជាកសិករ​នៅ​ទូទាំង​ប្រទេស​។

​សមាគម​មាន​តួនាទី​សំខាន់​ក្នុង​ការ​ការពារ​ និង​លើកកម្ពស់​ផលប្រយោជន៍​ស្រប​ច្បាប់​របស់​កសិករ​ តាមរយៈ​ការ​ផ្តល់​យោបល់​ ​ការ​សម្របសម្រួល​ និង​ការ​ជួយ​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​នានា​ដែល​កសិករ​កំពុង​ជួបប្រទះ​។

​ជាពិសេស​ សមាគម​បណ្តាញ​កសិករ​តេជោ​មាន​តួនាទី​ធ្វើជា​ស្ពាន​ភ្ជាប់​កសិករ​ទៅកាន់​ប្រភព​ទុន​ ទីផ្សារ​ ​និង​ចំណេះដឹង​បច្ចេកទេស​ តាមរយៈ​ការ​សម្របសម្រួល​ជាមួយ​ស្ថាប័ន​ហិរញ្ញវត្ថុ​ ​និង​ភាគី​ពាក់ព័ន្ធ​។​

សមាជិក​សមាគម​មាន​ទាំង​ជំនាញ​ ​និង​បទពិសោធន៍​ផ្នែក​ទ្រឹស្តី​ ​និង​ការ​អនុវត្ត​ជាក់ស្តែង​លើ​ការ​ដាំដុះ​ ​ការ​ចិញ្ចឹម​សត្វ​ ​ការ​ចិញ្ចឹម​ត្រី​ ​និង​សកម្មភាព​កសិកម្ម​ផ្សេង​ៗ​ទៀត​ ​ដែល​អាច​ចូលរួម​ចែករំលែក​ចំណេះដឹង​ និង​បទពិសោធន៍​ជាមួយ​កសិករ​។

​ឯកឧត្តម​បណ្ឌិត​ ​កៅ ​ថា​ច ​បាន​ណែនាំ​បន្ថែម​ឱ្យ​ប្រជាកសិករ​ស្គាល់​ ​និង​ប្រើប្រាស់​សេវាកម្ម​របស់​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ ​(​ARDB​) ​ដែល​ជា​ធនាគារ​គោលនយោបាយ​របស់​រដ្ឋ​ ​និង​មាន​តួនាទី​ផ្តល់​ហិរញ្ញប្បទាន​គាំទ្រ​ដល់​វិស័យ​កសិកម្ម​។

​សេវា​ហិរញ្ញប្បទាន​របស់​ ​ARDB​ ​ផ្តោត​លើ​សកម្មភាព​ដាំដុះ​ស្រូវ​ ការ​ចិញ្ចឹម​សត្វ ​វារី​វប្បកម្ម​ ​បន្លែ​ ​និង​ការ​កែច្នៃ​ផលិតផល​កសិកម្ម ​ដោយ​មាន​អត្រា​ការ​ប្រាក់​អនុគ្រោះ ​ដើម្បី​ជួយ​គាំទ្រ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ប្រកបរបរ​កសិកម្ម​។

​ការ​ជំរុញ​ឱ្យ​កសិករ​ភ្ជាប់​ជាមួយ​សមាគម​នេះ​ ​ក៏​ស្រប​នឹង​ការ​លើកឡើង​របស់​ឯកឧត្តម​បណ្ឌិត​ ​កៅ ​ថា​ច ​ក្នុង​ការ​ចុះ​ជួប​កសិករ​នៅ​ខេត្ត​ព្រះវិហារ​កាលពី​ថ្ងៃទី​១១​-​១៣​ ​ខែសីហា ​ដែល​បាន​ផ្តោត​លើ​ការ​គ្រប់គ្រង​ថ្លៃ​ដើម​ផលិតកម្ម​ ការ​អនុវត្ត​បច្ចេកទេស​ និង​ការ​គិតគូរ​ពី​ទីផ្សារ​ ​ដើម្បី​ធានា​ថា​ការ​ផលិត​អាច​បង្កើត​ប្រាក់​ចំណេញ​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times