វិស័យ​សំណង់​ ​និង​អចលន​ទ្រព្យ​កម្ពុជា​បន្ត​មាន​កំណើន​យឺត ​ខណៈ​ការ​ទិញ​-​លក់​លំនៅឋាន​ធ្លាក់ជាង​ ​៥០​%

​ភ្នំពេញ​៖​ វិស័យ​សំណង់​ ​និង​អចលន​ទ្រព្យ​របស់​កម្ពុជា​ត្រូវបាន​វាយតម្លៃ​ថា​ ​នឹង​បន្ត​រក្សា​កំណើន​ក្នុង​កម្រិត​ទាប​នៅ​ឆ្នាំ​២០២៦​ ​ដោយ​រង​ផលប៉ះពាល់​ពី​ភាព​មិន​ប្រាកដប្រជា​នៃ​កត្តា​សេដ្ឋកិច្ច​ និង​ផល​រំខាន​ក្នុង​រយៈពេល​ខ្លី​ពី​ការ​បង្ក្រាប​សកម្មភាព​ឆ​បោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ​ដែល​បាន​ប៉ះពាល់​ដល់​ទំនុកចិត្ត​វិនិយោគ​ ​និង​សកម្មភាព​ទិញ​-​លក់​អចលន​វត្ថុ​។

​យោង​តាម​របាយការណ៍​ស្តីពី​លទ្ធផល​នៃ​ការ​អនុវត្ត​ថវិកា​ឆមាស​ទី​១​ ​និង​ការ​វាយតម្លៃ​លើ​ការ​អនុវត្ត​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ របស់​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១៣​ ​ខែសីហា ​ឆ្នាំ​២០២៦​ ​អនុវិស័យ​សំណង់​ត្រូវបាន​វាយតម្លៃ​ឡើងវិញ​ថា​ ​នឹង​បន្ត​រក្សា​កំណើន​យឺត​ក្នុង​រង្វង់​ ​០,៧​%​។​

ក្រសួង​បាន​បញ្ជាក់​ថា​ ភាព​មិន​ប្រាកដប្រជា​នៃ​កត្តា​សេដ្ឋកិច្ច​ និង​ផល​រំខាន​នៃ​ការ​បង្ក្រាប​សកម្មភាព​ឆ​បោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ក្នុង​រយៈពេល​ខ្លី ​បាន​ប៉ះពាល់​ដល់​ទំនុកចិត្ត​វិនិយោគ​ ​និង​បន្ទច់​បង្អាក់​សកម្មភាព​សាងសង់​ ​ព្រមទាំង​ចរន្ត​ទិញ​-​លក់​អចលន​វត្ថុ​។

​ទោះជា​យ៉ាងណា​ ​អនុវិស័យ​សំណង់​នៅតែ​ទទួលបាន​ការ​គាំទ្រ​ពី​សកម្មភាព​ ​និង​ចរន្ត​ទិញ​-​លក់​សំណង់​លំនៅឋាន​តម្លៃ​សមរម្យ​ ​និង​សំណង់​ដែល​បម្រើ​ឱ្យ​វិស័យ​ឧស្សាហកម្ម​។

​ជាក់ស្តែង​ បរិមាណ​ផលិត​ស៊ីម៉ងត៍​ក្នុង​ស្រុក​ ​ដើម្បី​បម្រើ​តម្រូវការ​សាងសង់​ក្នុង​ស្រុក​ ក្នុង​រយៈពេល​ ​៥​ ​ខែ​ដើម​ឆ្នាំ​២០២៦​ ​នៅតែ​មាន​កំណើន​វិជ្ជមាន​ក្នុង​រង្វង់​ ​១៩,៨​%​។​ ទន្ទឹមនឹង​នេះ​ ការ​នាំចូល​សម្ភារៈ​សំណង់​ក្នុង​រយៈពេល​ ​៦​ ​ខែ​ដើម​ឆ្នាំ​២០២៦​ ​បាន​ធ្លាក់ចុះ​ ​៣,៨​%​។

​ចំពោះ​វិស័យ​អចលន​ទ្រព្យ​វិញ​ ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​បាន​វាយតម្លៃ​ថា​ ​នឹង​បន្ត​រក្សា​កំណើន​យឺត​ក្នុង​រង្វង់​ ​០,៦​% ​ដោយសារ​ផលប៉ះពាល់​អវិជ្ជមាន​ពី​ភាព​មិន​ប្រាកដប្រជា​នៃ​កត្តា​សេដ្ឋកិច្ច​ និង​ផល​រំខាន​ក្នុង​រយៈពេល​ខ្លី​ពី​ការ​បង្ក្រាប​សកម្មភាព​ឆ​បោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​។

​ផលប៉ះពាល់​នេះ​ត្រូវបាន​កត់សម្គាល់​ជាពិសេស​លើ​សកម្មភាព​ទិញ​-​លក់​អចលន​វត្ថុ ​រួមទាំង​អគារ​ការិយាល័យ​ និង​អគារ​ប្រើប្រាស់​ចម្រុះ​ ​(​Mixed​-​use​ ​building​)​។​

របាយការណ៍​បាន​បង្ហាញ​ថា​ ​ចំនួន​ទិញ​-​លក់​លំនៅឋាន​ក្នុង​រយៈពេល​ ​៤​ ​ខែ​ដើម​ឆ្នាំ​២០២៦​ ​បាន​ធ្លាក់ចុះ​ប្រមាណ​ ​៥០,៥​%​។ ​ទោះជា​យ៉ាងណា​ ​សកម្មភាព​អចលន​វត្ថុ​ដែល​បម្រើ​ឱ្យ​វិស័យ​ឧស្សាហកម្ម​ ​ដូចជា​ការ​ជួល​រោងចក្រ ​និង​ដីធ្លី ​ជាពិសេស​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ​នៅតែ​បន្ត​រក្សា​បាន​ចលនាការ​ល្អ​។

​អ្នក​ឧកញ៉ា​បណ្ឌិត​ ​សំ ​សុខ​នឿន​ ​ប្រធាន​សម្ព័ន្ធ​ក្រុមហ៊ុន​ ​SAM​ ​SN​ ​Group​ ​និង​អនុ​ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច​ និង​មធ្យម​កម្ពុជា​ ​(​FASMEC​) ​បាន​ឱ្យដឹង​ថា​ វិស័យ​អចលន​ទ្រព្យ​នៅ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​នៃ​ការ​ស្តារ​ឡើងវិញ​យឺត​ៗ​ ​(​Slow​ ​Recovery​)​។

​ស្ថានភាព​នេះ​បង្ហាញ​ថា​ ​ទោះបី​វិស័យ​សំណង់​ ​និង​អចលន​ទ្រព្យ​នៅតែ​ប្រឈម​នឹង​សម្ពាធ​លើ​សកម្មភាព​ទីផ្សារ​ ជាពិសេស​ក្នុង​ផ្នែក​លំនៅឋាន ​ការិយាល័យ​ និង​អគារ​ប្រើប្រាស់​ចម្រុះ​ក៏ដោយ​ ​ក៏​សកម្មភាព​សំណង់​លំនៅឋាន​តម្លៃ​សមរម្យ​ ​និង​អចលនវត្ថុ​ដែល​បម្រើ​ឱ្យ​វិស័យ​ឧស្សាហកម្ម​នៅតែ​ជា​កត្តា​គាំទ្រ​ដល់​វិស័យ​ទាំង​ពីរ​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times