ភ្នំពេញ៖ សមតុល្យឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួននៅកម្ពុជា បានកើនដល់ ១៦,៨៤ ពាន់លានដុល្លារអាមេរិក គិតត្រឹមចុងត្រីមាសទី២ ឆ្នាំ២០២៦ ខណៈចំនួនគណនីឥណទានសរុបកើនដល់ ២,៨៤ លានគណនី។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនក្រេឌីត យូរ៉ូ ខេមបូឌា ខូ អិលធីឌី ចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។
ទិន្នន័យស្តីពីសមិទ្ធផលឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន បង្ហាញថា សមតុល្យឥណទានបានកើនឡើង ១,០៥% បើធៀបនឹងត្រីមាសមុន ខណៈចំនួនគណនីឥណទានកើនឡើង ៧,០៥%។ កំណើននៃចំនួនគណនីត្រូវបានកត់ត្រានៅគ្រប់តំបន់នៃប្រទេស។
ក្នុងចំណោមគណនីឥណទានសរុប ២,៨៤ លានគណនី ឥណទានសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានចំណែក ៨៥,៦៧% កម្ចីអចលនទ្រព្យមាន ៧,៤៧% និងប័ណ្ណឥណទានមាន ៦,៨៦%។
ទោះជាយ៉ាងណា តម្រូវការស្នើសុំឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនបានថយចុះ ៩% ក្នុងត្រីមាសទី២ បើធៀបនឹងត្រីមាសមុន។ ក្នុងនោះ ការស្នើសុំកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនថយចុះ ៩% ខណៈការស្នើសុំកម្ចីអចលនទ្រព្យថយចុះ ៩%។ ផ្ទុយទៅវិញ ការស្នើសុំប័ណ្ណឥណទានបានកើនឡើង ១៥%។
ទំហំទឹកប្រាក់នៃការស្នើសុំឥណទានបានកើនឡើង ៤% ខណៈត្រីមាសមុនកើនឡើង ៧%។ ការប្រែប្រួលនេះត្រូវបានជំរុញដោយការថយចុះនៃទំហំទឹកប្រាក់កម្ចីផ្ទាល់ខ្លួន ៥% និងប័ណ្ណឥណទាន ៧% ខណៈកម្ចីអចលនទ្រព្យកើនឡើង ២%។
ជាមួយគ្នានេះ គុណភាពឥណទានបានធ្លាក់ចុះ ដោយអនុបាតឥណទានសងយឺតលើសពី ៩០ ថ្ងៃ (៩០+ DPD) បានកើនដល់ ៧,៣២% ពី ៥,៩០% ក្នុងត្រីមាសទី១ ឆ្នាំ២០២៦។ ក្នុងចំណោមផលិតផលឥណទានទាំងបី ឥណទានប្រើប្រាស់ផ្ទាល់ខ្លួនមានអនុបាត ៩០+ DPD ខ្ពស់ជាងគេ គឺ ១៣,១៥%។
សមតុល្យឥណទានមិនដំណើរការលើសពី ៩០ ថ្ងៃបានកើនឡើងជារួម ២៦,១% នៅទូទាំងតំបន់។ ការកើនឡើងខ្ពស់បំផុតត្រូវបានកត់ត្រានៅតំបន់ឆ្នេរ ៨០% តំបន់ទំនាប ២១% តំបន់ទន្លេសាប ២៦% និងតំបន់ខ្ពង់រាប ២៨%។
លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនក្រេឌីត យូរ៉ូ ខេមបូឌា ខូ អិលធីឌី បានមានប្រសាសន៍ថា តម្រូវការស្នើសុំឥណទានលក្ខណៈបុគ្គលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនមានការថយចុះ ខណៈសមិទ្ធផលឥណទាននៅតែវិជ្ជមាន ដោយចំនួនគណនី និងសមតុល្យកម្ចីក្នុងត្រីមាសទី២ បានកើនឡើងបើធៀបនឹងត្រីមាសមុន។
លោកបានបន្ថែមថា គុណភាពឥណទានមានការធ្លាក់ចុះបើធៀបនឹងត្រីមាសមុន ដោយអនុបាតគណនីកម្ចីដែលសងយឺតលើសពី ៩០ ថ្ងៃ បានកើនឡើងពី ៥,៨៧% ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ មក ៧,៣២% ក្នុងត្រីមាសទី២៕
អត្ថបទ៖ ប៊ី







