ភ្នំពេញ៖ កម្ពុជា និងឡាវ បានបង្ហាញការប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ជាពិសេសការជំរុញការតភ្ជាប់ទេសចរណ៍តាមព្រំដែន និងការអនុវត្តយុទ្ធនាការ «ប្រទេសបី គោលដៅមួយ» រវាងកម្ពុជា ឡាវ និងវៀតណាម ដើម្បីបង្កើនលំហូរភ្ញៀវទេសចរ និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងបី។
ការប្តេជ្ញានេះធ្វើឡើងក្នុងជំនួបកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ រវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីជាន់ខ្ពស់ នៅទីស្តីការក្រសួងទេសចរណ៍ ដើម្បីពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។
ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ បានស្វាគមន៍ និងអបអរសាទរឯកឧត្តមឯកអគ្គរដ្ឋទូត ចំពោះការតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ព្រមទាំងថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនឡាវ ដែលតែងតែគាំទ្រកម្ពុជាក្នុងការអភិវឌ្ឍជាតិ សេដ្ឋកិច្ច និងសង្គម ក្រោមស្មារតីសាមគ្គីភាព និងចំណងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងរយៈពេល ៧០ឆ្នាំ គិតមកដល់ឆ្នាំ២០២៦។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា ទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងឡាវ បានពង្រឹង និងពង្រីកលើវិស័យជាច្រើន រួមទាំងវិស័យទេសចរណ៍ និងបានកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមស្មារតី «ភាពជាដៃគូ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងកម្ពុជា និងឡាវ» ដើម្បីការអភិវឌ្ឍ និងវិបុលភាពនៃប្រជាជាតិ និងប្រជាជនទាំងពីរ។
ឯកឧត្តម ហួត ហាក់ ក៏បានគូសបញ្ជាក់អំពីស្ថានភាពនយោបាយ សេដ្ឋកិច្ច សង្គម និងការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា ដោយបញ្ជាក់ថា កម្ពុជានៅតែជាគោលដៅទេសចរណ៍ប្រកបដោយសន្តិភាព ស្ថិរភាព សុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។
ជាមួយគ្នានេះ រដ្ឋមន្ត្រីបានលើកឡើងពីយុទ្ធនាការ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់នូវភាពកក់ក្តៅ» និង «ទស្សនាកម្ពុជា នារដូវកាលបៃតង» ព្រមទាំងយុទ្ធនាការ «ប្រទេសបី គោលដៅមួយ» ដែលត្រូវបានឯកភាពដោយថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម។
ជាការឆ្លើយតប ឯកឧត្តម Sonexay Vannaxay បានសម្តែងការកោតសរសើរចំពោះការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអាណត្តិដឹកនាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានសម្តែងការចាប់អារម្មណ៍ចំពោះសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធដែលតភ្ជាប់គោលដៅទេសចរណ៍នានានៅក្នុងប្រទេស។ លោកបានលើកឡើងថា ភ្ញៀវទេសចរឡាវអាចធ្វើដំណើរពីខេត្តជាប់ព្រំដែនកម្ពុជា ទៅដល់តំបន់ឆ្នេរសមុទ្ររបស់កម្ពុជាតាមរថយន្ត ដោយចំណាយពេលធ្វើដំណើរតែមួយថ្ងៃ។
ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានស្នើឱ្យពិនិត្យលទ្ធភាពសម្រួលការធ្វើដំណើររបស់ប្រជាជននៅខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដើម្បីអាចធ្វើដំណើរមកទស្សនាប្រាសាទអង្គរវត្តក្នុងខេត្តសៀមរាប ឬទៅទស្សនាខេត្តចំប៉ាសាក់ តាមរថយន្តគ្រួសារ។
ជាកិច្ចបញ្ចប់ ឯកឧត្តម ហួត ហាក់ បានស្នើសុំកិច្ចសហការពីស្ថានទូតឡាវ ក្នុងការបន្តគាំទ្រការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងស្ថានភាពជាក់ស្តែងរបស់កម្ពុជា ព្រមទាំងជំរុញទីផ្សារទេសចរណ៍អន្តរជាតិ «Plus-One» និងការអនុវត្តយុទ្ធនាការ «ប្រទេសបី គោលដៅមួយ» (Three Countries, One Destination) រវាងកម្ពុជា ឡាវ និងវៀតណាម ឱ្យកាន់តែមានប្រសិទ្ធភាព។
ក្រសួងទេសចរណ៍បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះមានគោលដៅបង្កើនលំហូរភ្ញៀវទេសចរ ពង្រឹងការតភ្ជាប់រវាងប្រទេសទាំងពីរ និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ឱ្យកាន់តែរឹងមាំ។ រដ្ឋមន្ត្រីក៏បានស្នើឯកឧត្តមឯកអគ្គរដ្ឋទូត ជួយសម្របសម្រួលអញ្ជើញលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ អាជ្ញាធរខេត្តជាប់ព្រំដែន ក្រុមធុរកិច្ច ក្រុមវិនិយោគ ភ្នាក់ងារទេសចរណ៍ និងវិស័យឯកជនឡាវ មកចូលរួមក្នុងកម្មវិធីអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ។
កម្មវិធីនេះគ្រោងរៀបចំដោយក្រសួងទេសចរណ៍នាដើមខែកញ្ញាខាងមុខ នៅខេត្តស្ទឹងត្រែង។
ឆ្នាំ២០២៦នេះ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា និងឡាវ។ ព្រឹត្តិការណ៍អបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង៕
អត្ថបទ៖ ប៊ី








