ភូមិភាគឦសាន ក្លាយជាទិសដៅអាទិភាពរបស់រដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ស្ទឹងត្រែង៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងចាត់ទុកភូមិភាគឦសាន ដែលរួមមានខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងក្រចេះ ជាទិសដៅអាទិភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងតំបន់ឦសាន និងតំបន់កណ្ដាលប្រទេស។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ សម្ដេចធិបតីបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានខិតខំជំរុញការអភិវឌ្ឍនៅភូមិភាគឦសាន តាមរយៈការពង្រឹងមូលធនមនុស្ស និងការកែលម្អសេវាសាធារណៈ ជាពិសេសក្នុងវិស័យសុខាភិបាល អប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានផ្ដោតលើការពង្រីកការតភ្ជាប់ភូមិភាគឦសានជាមួយរាជធានីភ្នំពេញ បណ្ដាខេត្តជុំវិញ និងប្រទេសជិតខាង តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសផ្លូវជាតិ និងស្ពាន។

សម្ដេចធិបតីបានបន្តថា ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅតំបន់នេះ ក៏ជាផ្នែកសំខាន់មួយនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយផ្ដោតលើការលើកកម្ពស់វិស័យកសិកម្ម កសិឧស្សាហកម្ម ទេសចរណ៍ធម្មជាតិ និងពាណិជ្ជកម្មឆ្លងដែន ព្រមទាំងការទាក់ទាញវិនិយោគតាមរយៈការពង្រីកបណ្ដាញផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត និងទូរគមនាគមន៍។

សម្ដេចធិបតីបានលើកឡើងថា ភូមិភាគឦសានមានលក្ខខណ្ឌមួយចំនួនដែលធ្វើឱ្យតំបន់នេះមិនទាន់មានភាពប្រកួតប្រជែងដូចប៉ូលសេដ្ឋកិច្ចផ្សេងៗ ដោយសារចម្ងាយពីទីប្រជុំជន មជ្ឈមណ្ឌលសេដ្ឋកិច្ច និងចំណុចតភ្ជាប់តាមផ្លូវអាកាស និងផ្លូវទឹក។

ទោះជាយ៉ាងណា សម្ដេចធិបតីបានសង្កត់ធ្ងន់ថា ភូមិភាគឦសានក៏មានសក្ដានុពលដែលតំបន់ផ្សេងមិនមាន ដោយមានឱកាសខ្ពស់ក្នុងវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍។

សម្ដេចធិបតីមានប្រសាសន៍ថា៖ «អ្វីដែលសំខាន់ យើងត្រូវមើលអ្វីដែលយើងមាន ហើយយើងព្យាយាមទាញយកផល ដើម្បីអភិវឌ្ឍន៍នៅកន្លែងនេះ» ។

សម្រាប់ខេត្តស្ទឹងត្រែង ដែលស្ថិតនៅភាគឦសាននៃប្រទេស ក៏មានសក្ដានុពលជាច្រើនផ្នែក ពិសេសធនធានធម្មជាតិ និងទីតាំងភូមិសាស្ត្រដែលអាចជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការតភ្ជាប់ពាណិជ្ជកម្មឆ្លងដែន។

ខេត្តស្ទឹងត្រែងមានព្រំប្រទល់ខាងជើងជាប់ខេត្តចំប៉ាសាក់ និងខេត្តអាត់តាពើ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយមានបណ្ដោយព្រំដែនប្រមាណ ២៥៥គីឡូម៉ែត្រ ខណៈខាងត្បូងជាប់ខេត្តក្រចេះ និងមណ្ឌលគិរី ខាងកើតជាប់ខេត្តរតនគិរី និងខាងលិចជាប់ខេត្តព្រះវិហារ និងកំពង់ធំ។

ខេត្តនេះក៏មានទន្លេសំខាន់ៗចំនួនបួនហូរកាត់ រួមមានទន្លេមេគង្គ ទន្លេកុង ឬសេកុង ទន្លេសាន ឬសេសាន និងទន្លេស្រែពក។ ក្នុងនោះ ទន្លេមេគង្គហូរកាត់ចំកណ្ដាលខេត្តពីជើងទៅត្បូង ចាប់ពីព្រំប្រទល់ប្រទេសឡាវដល់ខេត្តក្រចេះ និងជាប្រភពសំខាន់នៃធនធានមច្ឆាជាតិ និងប្រព័ន្ធជីវៈចម្រុះអេកូឡូស៊ី។

រាជរដ្ឋាភិបាលរំពឹងថា ការបន្តវិនិយោគលើមូលធនមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ ព្រមទាំងការទាញយកសក្ដានុពលក្នុងវិស័យសំខាន់ៗ នឹងជួយជំរុញសកម្មភាពសេដ្ឋកិច្ច និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងភូមិភាគឦសាន និងតំបន់កណ្ដាលប្រទេស៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times