កម្ពុជា-ជប៉ុន ចុះកិច្ចព្រមព្រៀងឥណទាន ១១៤លានដុល្លារ អភិវឌ្ឍចំណតកុងតឺន័រថ្មីនៅក្រុងព្រះសីហនុ

ភ្នំពេញ៖ កម្ពុជា និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែម ចំនួន ១៧,៧៧៦លានយ៉េនជប៉ុន ស្មើនឹងប្រមាណ ១១៤លានដុល្លារអាម៉េរិក សម្រាប់គាំទ្រគម្រោងអភិវឌ្ឍន៍ចំណតកុងតឺន័រថ្មី នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ពិធីចុះហត្ថលេខានេះធ្វើឡើងនៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ដោយឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលទទួលបានបុព្វសិទ្ធិដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាភាគីហត្ថលេខី ជាមួយលោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា (JICA Cambodia Office)។

តាមកិច្ចព្រមព្រៀង ឥណទានសម្បទានបន្ថែមនេះ នឹងគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចំណតកុងតឺន័រថ្មី ដែលរួមមានការសាងសង់ចំណតផែប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤,៥ម៉ែត្រ ព្រមទាំងការផ្គត់ផ្គង់គ្រឿងចក្រសម្រាប់លើកដាក់កុងតឺន័រ និងការសាងសង់អគារជួសជុល និងថែទាំ។

គម្រោងនេះមានគោលបំណងបង្កើនសមត្ថភាពលើកដាក់ទំនិញរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិដំបូងរបស់កម្ពុជា ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃបណ្ដាញភស្តុភារកម្មនៅក្នុងប្រទេស។

គម្រោងអភិវឌ្ឍន៍ចំណតកុងតឺន័រថ្មីនេះ ត្រូវបានរំពឹងថានឹងចូលរួមចំណែកដល់ការសម្រួលពាណិជ្ជកម្ម និងការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចកម្ពុជា។ ជាមួយគ្នានេះ គម្រោងក៏ត្រូវបានរំពឹងថានឹងគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាប្រកបដោយចីរភាព។

ក្នុងពិធីចុះហត្ថលេខា ឯកឧត្តម រស់ សីលវ៉ា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រជាជនកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុន ព្រមទាំងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលជប៉ុន ជាពិសេស JICA Cambodia Office ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ និងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈហិរញ្ញប្បទានសហប្រតិបត្តិការ (ODA)។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតាមរយៈហិរញ្ញប្បទាន ODA របស់ជប៉ុន បានឆ្លើយតបនឹងទិសដៅនៃកម្មវិធីនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ ត្រូវបានចាត់ទុកថាជាការឆ្លុះបញ្ចាំងពីមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដ៏រឹងមាំរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times