កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៣ គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥២៥ លានដុល្លារអាម៉េរិក នៅក្នុងខែកក្កដា ឆ្នាំ២០២៦ ដែលរំពឹងថានឹងបង្កើតឱកាសការងារប្រមាណ ១៧,០០០ កន្លែងជូនប្រជាពលរដ្ឋ។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) កាលពីខែកក្កដា ក.អ.ក. និងអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) បានសម្រេចអនុម័តចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ៣៣ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៥២៥ លានដុល្លារ និងអាចបង្កើតការងារប្រមាណ ១៧,០០០ កន្លែង។
ក្នុងចំណោមគម្រោងទាំងនេះ គម្រោងចំនួន ២៣ ត្រូវបានចុះបញ្ជីដោយ ក.អ.ក. ក្នុងទំហំទុនវិនិយោគប្រមាណ ៤៩៤ លានដុល្លារ និងអាចបង្កើតការងារប្រមាណ ៩,០០០ កន្លែង។
ដោយឡែក គម្រោងចំនួន ១០ ដែលត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ. មានទំហំទុនវិនិយោគប្រមាណ ៣១ លានដុល្លារ និងអាចបង្កើតការងារប្រមាណ ៨,០០០ កន្លែង។
ក.អ.ក. បានកត់សម្គាល់ថា ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជានៅតែបន្តទាក់ទាញគម្រោងវិនិយោគដែលមានគុណភាព ជាពិសេសក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ ដែលមានកំណើនទំហំទុនវិនិយោគ ខណៈវិស័យឧស្សាហកម្មនៅតែជាវិស័យនាំមុខក្នុងការទាក់ទាញវិនិយោគ។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្មីៗនេះ បានលើកឡើងអំពីកត្តាសក្តានុពល និងកំណែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជួយគាំទ្រដល់បរិយាកាសវិនិយោគ។
កត្តាសំខាន់មួយគឺកម្លាំងពលកម្មវ័យក្មេង ដោយប្រជាជនកម្ពុជាភាគច្រើនមានអាយុតិចជាង ៣០ ឆ្នាំ និងមានថាមវន្ត ភាពច្នៃប្រឌិត ព្រមទាំងឆន្ទៈក្នុងការអភិវឌ្ឍសមត្ថភាពឱ្យស្របតាមបច្ចេកវិទ្យាទំនើប។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលកំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យុទ្ធសាស្ត្រ រួមមានការពង្រីកវិសាលភាព និងសមត្ថភាពកំពង់ផែសមុទ្រទឹកជ្រៅ ការកសាងបណ្តាញផ្លូវល្បឿនលឿន និងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ។ ហេដ្ឋារចនាសម្ព័ន្ធទាំងនេះត្រូវបានចាត់ទុកថានឹងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូន និងពង្រឹងប្រសិទ្ធភាពភស្តុភារកម្មកម្ពុជា។
លើផ្នែកកំណែទម្រង់ស្ថាប័ន ក.អ.ក. កំពុងធ្វើកំណែទម្រង់រចនាសម្ព័ន្ធផ្ទៃក្នុង ដើម្បីបង្កើនភាពងាយស្រួលដល់វិនិយោគិន និងលើកកម្ពស់បរិយាកាសវិនិយោគ។ ក.អ.ក. ក៏បានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងវិនិយោគកម្ពុជា (cdcIPM) ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីជំរុញការធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ និងកំពុងបន្តតភ្ជាប់ប្រព័ន្ធនេះជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ។
ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានសង្កត់ធ្ងន់លើការធានាសន្តិសុខ និងបរិយាកាសវិនិយោគ តាមរយៈវិធានការរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងពង្រឹងទំនុកចិត្តរបស់វិនិយោគិនបរទេស។
ទិន្នន័យខែកក្កដា បង្ហាញថា ការវិនិយោគនៅកម្ពុជានៅតែមានសន្ទុះ ដោយវិស័យឧស្សាហកម្មបន្តកាន់តួនាទីនាំមុខ ខណៈហេដ្ឋារចនាសម្ព័ន្ធ និងទេសចរណ៍ក៏កំពុងក្លាយជាវិស័យដែលមានការកើនឡើងនៃទំហំទុនវិនិយោគ៕
អត្ថបទ៖ ប៊ី






