ភ្នំពេញ៖ កម្ពុជាកំពុងផ្តោតលើការពង្រឹងភស្តុភារកម្ម និងការធ្វើពិពិធកម្មផលិតផល ដើម្បីកាត់បន្ថយថ្លៃដើម បង្កើនប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ និងពង្រីកទីផ្សារនាំចេញ ខណៈវិស័យឯកជនត្រូវបានលើកទឹកចិត្ត និងជំរុញឱ្យចូលរួមកាន់តែសកម្មក្នុងការលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា។
ការលើកឡើងនេះធ្វើឡើងក្នុងពិធីបើកកិច្ចពិភាក្សាស្តីពី «ការពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ និងភស្តុភារកម្ម៖ អភិវឌ្ឍវិស័យឯកជន និងជំរុញការធ្វើពិពិធកម្មផលិតផលជាតិ» កាលពីរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីនេះ ដែលរៀបចំឡើងដោយមានកិច្ចសហការពីក្រុមហ៊ុន Yorker Trade & Marketing Service Co., Ltd. ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សភាពាណិជ្ជកម្មកម្ពុជា ប្រៃសណីយ៍កម្ពុជា ព្រមទាំងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា។
តំណាងវិស័យឯកជន វិនិយោគិន ធុរជន និងភ្ញៀវកិត្តិយសជាច្រើនរូប ក៏បានចូលរួមក្នុងកិច្ចពិភាក្សានេះផងដែរ។
កម្មវិធីនេះមានគោលបំណងប្រមូលផ្តុំអ្នករៀបចំគោលនយោបាយ តំណាងវិស័យឯកជន ប្រតិបត្តិករ វិនិយោគិន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនឹងពាណិជ្ជកម្ម វិនិយោគ និងភស្តុភារកម្ម ដើម្បីផ្លាស់ប្តូរទស្សនៈ និងពិភាក្សាអំពីឱកាស បញ្ហាប្រឈម ព្រមទាំងស្វែងរកដំណោះស្រាយ និងយន្តការជាក់ស្តែង។
ការពិភាក្សាផ្តោតលើការកែលម្អប្រសិទ្ធភាពខ្សែច្រវាក់ផ្គត់ផ្គង់ សម្រួលលំហូរពាណិជ្ជកម្ម និងបង្កើនប្រសិទ្ធភាពសេវាភស្តុភារកម្ម ដើម្បីគាំទ្រដល់ការពង្រីកទីផ្សារ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម សំហេង បូរ៉ា បានផ្តល់អនុសាសន៍សំខាន់ៗចំនួន៦ ដើម្បីបន្តពង្រឹងភាពធន់ និងសមត្ថភាពប្រកួតប្រជែងរបស់វិស័យពាណិជ្ជកម្មកម្ពុជា។
អនុសាសន៍ទី១ គឺពង្រឹងកិច្ចសហការរវាងរដ្ឋ និងវិស័យឯកជន ដើម្បីកែលម្អគោលនយោបាយ សេវាសាធារណៈ និងបរិយាកាសធុរកិច្ច។ ទី២ គឺលើកកម្ពស់គុណភាពផលិតផលកម្ពុជា តាមរយៈការកែលម្អការវេចខ្ចប់ ស្តង់ដារ និងការប្រើប្រាស់ផលិតផលកម្ពុជា។
ទី៣ គឺជំរុញវិស័យឯកជន និងពាណិជ្ជកម្មឌីជីថល ដើម្បីពង្រីកទីផ្សារ និងបង្កើនឱកាសនាំចេញ។ ទី៤ គឺពង្រឹងភស្តុភារកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីកាត់បន្ថយថ្លៃដើម និងបង្កើនប្រសិទ្ធភាព។
ទី៥ គឺទាក់ទាញការវិនិយោគ និងភាពជាដៃគូអន្តរជាតិ ដើម្បីជំរុញការកែច្នៃ បច្ចេកវិទ្យា ការផ្ទេរចំណេះដឹង និងការភ្ជាប់ខ្សែច្រវាក់តម្លៃ។ ចំណែកអនុសាសន៍ទី៦ គឺជំរុញការធ្វើពិពិធកម្មផលិតផល និងទីផ្សារ ដោយកំណត់ផលិតផល និងទីផ្សារអាទិភាព ព្រមទាំងពង្រឹងយន្តការសហការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន។
អនុសាសន៍ទាំងនេះត្រូវបានដាក់ចេញក្នុងបរិបទដែលកម្ពុជាបន្តផ្តោតលើការពង្រឹងការតភ្ជាប់ពាណិជ្ជកម្ម វិនិយោគ និងភស្តុភារកម្ម ព្រមទាំងការលើកកម្ពស់គុណភាព និងពិពិធកម្មផលិតផល ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែង និងពង្រីកទីផ្សារសម្រាប់ផលិតផលជាតិ៕
អត្ថបទ៖ ប៊ី







