ការលើកលែងទិដ្ឋាការជូនពលរដ្ឋចិន ជំរុញលំហូរទេសចរមកកម្ពុជា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ហួត ហាក់ បានលើកឡើងថា ការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការជូនពលរដ្ឋចិន គឺជាចលករសំខាន់មួយក្នុងការជំរុញលំហូរភ្ញៀវទេសចរចិនមកកាន់កម្ពុជា និងជាផ្នែកមួយនៃការអនុវត្តឆ្នាំទេសចរណ៍កម្ពុជា-ចិន។

ការលើកឡើងនេះធ្វើឡើងក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ) ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារជាក់ស្តែងនៃការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន។

កិច្ចប្រជុំបានផ្តោតលើការវាយតម្លៃចំណុចខ្លាំង ចំណុចខ្វះខាត និងបញ្ហាប្រឈមក្នុងរយៈពេលជិត ២ ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដើម្បីស្វែងរកដំណោះស្រាយសមស្រប និងជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់។

កិច្ចប្រជុំនេះមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ តំណាងទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន រួមមានសហព័ន្ធទេសចរណ៍កម្ពុជា សមាគមទេសចរណ៍កម្ពុជា និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា សរុបចំនួន៤២រូប។

តាមប្រភពដដែល កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ការអនុញ្ញាតជាគោលការណ៍ក្នុងការបង្កើត «បញ្ជរព័ត៌មាន» នៅតាមច្រកទ្វារអន្តរជាតិ ដើម្បីសម្របសម្រួល និងផ្តល់ព័ត៌មានជូនភ្ញៀវទេសចរក្នុងអំឡុងពេលអនុវត្តគោលនយោបាយសាកល្បង។

យន្តការ គ.អ.ច.ទ ត្រូវបានប្រើប្រាស់ដើម្បីដឹកនាំ និងសម្របសម្រួលការងារនេះឱ្យប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ របាយការណ៍របស់គ្រឹះស្ថានអង្គរបង្ហាញថា ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ចំនួនទេសចរចិនដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានកើនឡើងប្រមាណ ១៣,២៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។

កំណើននេះត្រូវបានចាត់ទុកថា ជាសញ្ញាបង្ហាញពីទំនុកចិត្ត និងភាពជឿជាក់របស់ទេសចរ និងវិនិយោគិនចិនចំពោះកម្ពុជា ក្នុងនាមជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាព ទាក់ទាញ និងផ្តល់ភាពកក់ក្តៅ។

ការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការជូនពលរដ្ឋចិន ចាប់ផ្តើមពីថ្ងៃទី១៥ ខែមិថុនា និងបន្តរហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ គោលនយោបាយនេះត្រូវបានចាត់ទុកជាជំហានយុទ្ធសាស្ត្រមួយក្នុងការទាក់ទាញលំហូរភ្ញៀវទេសចរ និងវិនិយោគិនចិនមកកាន់កម្ពុជាឱ្យបានកាន់តែច្រើន៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times