ភ្នំពេញ៖ អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group និងជាអនុប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានស្នើឱ្យធនាគារសហគ្រាសធុនតូច និងមធ្យម (SME Bank) ពិនិត្យលទ្ធភាពបន្ថយអត្រាការប្រាក់ និងសម្រួលលក្ខខណ្ឌផ្តល់កម្ចី ដើម្បីឱ្យសហគ្រាសធុនតូច និងមធ្យម (SMEs) អាចទទួលបានហិរញ្ញប្បទានកាន់តែងាយស្រួល។
អ្នកឧកញ៉ាបណ្ឌិត បានលើកឡើងថា ទោះបីជា SME Bank ត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយដល់វិស័យ SMEs ក៏ដោយ ក៏ម្ចាស់អាជីវកម្មមួយចំនួននៅតែជួបការលំបាកក្នុងការទទួលបានកម្ចី ដោយសារនីតិវិធី និងលក្ខខណ្ឌមានភាពស្មុគស្មាញ។
អ្នកឧកញ៉ាបណ្ឌិត បន្តថា បញ្ហានេះបានធ្វើឱ្យម្ចាស់ SMEs មួយចំនួនសុខចិត្តស្វែងរកកម្ចីពីធនាគារពាណិជ្ជវិញ បើទោះបីជាធនាគារពាណិជ្ជមានអត្រាការប្រាក់ខ្ពស់ក៏ដោយ។
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ក៏បានកត់សម្គាល់ថា អត្រាការប្រាក់របស់ SME Bank បច្ចុប្បន្នមិនទាបជាងធនាគារពាណិជ្ជខ្លាំងនោះទេ ដែលធ្វើឱ្យម្ចាស់ SMEs ពិបាករកប្រាក់ចំណេញគ្រប់គ្រាន់ ដើម្បីទូទាត់ការប្រាក់លើកម្ចី។
អ្នកឧកញ៉ាបណ្ឌិត បានស្នើឱ្យ SME Bank ពិនិត្យលទ្ធភាពស្នើសុំទៅស្ថាប័នពាក់ព័ន្ធ ដើម្បីទម្លាក់អត្រាការប្រាក់ឱ្យនៅកម្រិតមួយដែលអាចជួយដល់ SMEs បានពិតប្រាកដ ព្រមទាំងពិចារណាឡើងវិញលើលក្ខខណ្ឌនៃការផ្តល់កម្ចី ដើម្បីសម្រួលដល់ការទទួលបានហិរញ្ញប្បទានរបស់សហគ្រាស។
អ្នកឧកញ៉ាបណ្ឌិត បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា ក្រុម «គ» នៃវេទិការដ្ឋាភិបាល-ផ្នែកឯកជន ដែលរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាពេលថ្មីៗនេះ៕
អត្ថបទ៖ ប៊ី








