អនាគត​សេដ្ឋកិច្ច​កំពង់ធំ​ ​ពឹងផ្អែក​លើ​ការ​ផ្លាស់ប្តូរ​កសិកម្ម​ទៅជា​កសិ-​ឧស្សាហកម្ម​

​កំពង់ធំ​៖ ​ឯកឧត្តម​ វង្សី ​វិស្សុត ​ឧប​នាយក​រដ្ឋមន្ត្រី​ប្រចាំ​ការ​ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ ​និង​ជា​ប្រធាន​ក្រុមការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ធំ​ បាន​លើកឡើង​ថា​ ​អនាគត​សេដ្ឋកិច្ច​របស់​ខេត្ត​កំពង់ធំ​ ​ពឹងផ្អែក​យ៉ាង​សំខាន់​លើ​ការ​ផ្លាស់ប្តូរ​ពី​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើកសិកម្ម​ ​ទៅជា​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​លើក​សិ-​ឧស្សាហកម្ម ​ដោយ​ប្រើប្រាស់​សក្តានុពល​កសិកម្ម​ដ៏​ធំ​របស់​ខេត្ត​ ​ដើម្បី​បង្កើត​តម្លៃ​បន្ថែម​ ​ជំរុញ​សេវាកម្ម​ ​និង​ការ​វិនិយោគ​។

​ការ​លើកឡើង​នេះ​ធ្វើឡើង​ កាលពីថ្ងៃទី​១៥​ ​ខែសីហា ​ឆ្នាំ​២០២៦​ ក្នុង​ពិធី​បើក​ និង​ដឹកនាំ​សិក្ខាសាលា​ពិគ្រោះយោបល់​ស្តីពី​ «​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​កសិកម្ម​ខេត្ត​កំពង់ធំ​ ឆ្នាំ​២០២៦​-​២០៣០​» ​នៅ​សាលា​ខេត្ត​កំពង់ធំ​។

​សិក្ខាសាលា​នេះ​ត្រូវបាន​សហការ​រៀបចំ​ដោយ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ ​សង្គមកិច្ច​ ​និង​វប្បធម៌​ ​នៃ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​ ​និង​រដ្ឋបាល​ខេត្ត​កំពង់ធំ ​ដោយ​មាន​ការ​ចូលរួម​ពី​តំណាង​ និង​មន្ត្រី​ជំនាញ​នៃ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ ​អាជ្ញាធរ​មូលដ្ឋាន​ ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ ​ក្រុមហ៊ុន​ដឹកជញ្ជូន​ ​និង​ជី​កសិកម្ម​ ​ក្រុមហ៊ុន​នាំចេញ​អង្ករ​ សមាគម​អ្នក​ដាំ​ស្វាយចន្ទី ​សមាគម​ដំឡូង​មី​កម្ពុជា​ សហគមន៍​កសិកម្ម​ សហគមន៍​នេសាទ ​គ្រឹះស្ថាន​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​ ​គ្រឹះស្ថាន​បណ្តុះបណ្តាល​ ​និង​ស្ថាប័ន​ស្រាវជ្រាវ​ ព្រមទាំង​ដៃគូ​អភិវឌ្ឍ​ សរុប​ប្រមាណ​ជិត​ ​៤០០​នាក់​។​

ក្នុង​សុន្ទរកថា​ ​ឯកឧត្តម​ វង្សី ​វិស្សុត ​បាន​មានប្រសាសន៍​ថា​ ​សិក្ខាសាលា​ពិគ្រោះយោបល់​នេះ​ ​គឺជា​ការ​គិតគូរ​រួមគ្នា​រវាង​ក្រុមការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ធំ​ រដ្ឋបាល​ខេត្ត​ ​និង​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ ​ដើម្បី​រៀបចំ​ជា​ត្រីវិស័យ​ក្នុង​ការ​លើកកម្ពស់​សេដ្ឋកិច្ច​ ​និង​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ខេត្ត​កំពង់ធំ​។

​​ឯកឧត្តម​បាន​បញ្ជាក់​ថា​ ​វត្តមាន​របស់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ ​និង​ការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​អភិវឌ្ឍ​ខេត្ត​ ​ជាពិសេស​វិស័យ​កសិកម្ម​ ​ដែល​ជា​វិស័យ​មាន​សក្តានុពល​ធំ​ ស្រប​តាម​ស្មារតី​ «​រួម​គិត​ ​រួម​ធ្វើ​ ​និង​រួម​ទទួលខុសត្រូវ​» ​ដើម្បី​រៀបចំ​សក្តានុពល​វិស័យ​នេះ​ឱ្យ​ក្លាយជា​ប្រព័ន្ធ​សេដ្ឋកិច្ច​ដែល​មាន​ប្រសិទ្ធភាព​ និង​ប្រទាក់​ក្រឡា​គ្នា​ ​ព្រមទាំង​ជា​មជ្ឈមណ្ឌល​កសិ-​ឧស្សាហកម្ម​ដ៏​រឹងមាំ​ ​និង​ជា​តំបន់​ភស្តុភារកម្ម​របស់​កម្ពុជា​។

​ឯកឧត្តម​ វង្សី ​វិស្សុត ​បាន​បន្ត​ថា​ ​ក្នុង​បរិការណ៍​សកលលោក​បច្ចុប្បន្ន ​ការ​ពង្រឹង​សន្តិសុខ​សេដ្ឋកិច្ច​ កសិកម្ម​ ស្បៀង ​ថាមពល​ ​និង​ទឹក​ សុទ្ធតែ​ជា​កត្តា​សំខាន់​ដែល​មិន​អាច​មើល​រំលង​បាន​។​ ក្នុង​បរិការណ៍​នេះ​ វិស័យ​កសិកម្ម​នឹង​កាន់តែ​មាន​សារៈសំខាន់​ ​ព្រោះ​អាច​ភ្ជាប់​កំណើន​សេដ្ឋកិច្ច​ទៅនឹង​ការងារ​ ប្រាក់​ចំណូល​ ​និង​ជីវភាព​របស់​ប្រជាជន​នៅ​មូលដ្ឋាន​ដោយ​ផ្ទាល់​ ​ព្រមទាំង​រួមចំណែក​ធានា​សន្តិសុខ​សេដ្ឋកិច្ច​ ​និង​សន្តិសុខ​ជាតិ​។

​​ឯកឧត្តម​បាន​លើកឡើង​ថា​ រាជ​រដ្ឋាភិបាល​នីតិកាល​ទី​៧​ ​ក្រោម​ការ​ដឹកនាំ​របស់​ ​សម្តេច​ធិបតី​ ហ៊ុន​ ​ម៉ាណែត ​បាន​ចាត់ទុក​វិស័យ​កសិកម្ម​ ​និង​កសិ-​ឧស្សាហកម្ម​ជា​វិស័យ​អាទិភាព​ ​ដោយ​មាន​ទិសដៅ​ជំរុញ​ការ​ផ្លាស់ប្តូរ​ពី​កសិកម្ម​បែប​ប្រពៃណី​ទៅជា​កសិ-​ឧស្សាហកម្ម​ទំនើប​ ​ដែល​មាន​ផលិតភាព​ ​ប្រាក់​ចំណេញ​ ​ទីផ្សារ​ ភាព​ធន់ ​និរន្តរភាព​ ​និង​តម្លៃ​បន្ថែម​ខ្ពស់​។

​ទិសដៅ​នេះ​ផ្អែក​លើ​សសរ​ស្តម្ភ​គន្លឹះ​ចំនួន​៤​ ​រួមមាន​ ​ផលិតភាព​ ​(​Productivity​) ​ការ​ធ្វើ​ពិពិធកម្ម​ផលិតផល​ និង​ទីផ្សារ​កសិកម្ម​ ​(​Diversification​) ​ភាព​ប្រកួតប្រជែង​ ​(​Competitiveness​) ​និង​ពាណិជ្ជូបនីយកម្ម ​(​Commercialization​)​។

​តាម​ការ​លើកឡើង​របស់​ឯកឧត្តម​ វង្សី ​វិស្សុត ​សេដ្ឋកិច្ច​ខេត្ត​កំពង់ធំ​មាន​ចំណែក​ពី​វិស័យ​កសិកម្ម​រហូតដល់​ប្រមាណ​ ​៧៤​ ​ភាគរយ ​ខណៈ​វិស័យ​ឧស្សាហកម្ម​មាន​ត្រឹម​ ​៦.៣​ ​ភាគរយ​។ ​ប្រជាជន​ខេត្ត​កំពង់ធំ​មាន​ប្រមាណ​ ​៥​ ​ភាគរយ​នៃ​ចំនួន​ប្រជាជន​កម្ពុជា​ទាំងមូល ​ខណៈ​ទំហំ​សេដ្ឋកិច្ច​របស់​ខេត្ត​មាន​ប្រមាណ​តែ​ ​៣​ ​ភាគរយ​នៃ​ទំហំ​សេដ្ឋកិច្ច​ជាតិ​។

​​ឯកឧត្តម​បាន​ចាត់ទុក​តួលេខ​ទាំងនេះ​ថា​ ​ជា​សារ​យុទ្ធសាស្ត្រ​ច្បាស់​ថា​ ​ការ​រៀបចំ​អនាគត​វិស័យ​កសិកម្ម​ ​គឺជា​ការ​រៀបចំ​អនាគត​សេដ្ឋកិច្ច​របស់​ខេត្ត​កំពង់ធំ​ទាំងមូល​។

​​ឯកឧត្តមបាន​គូសបញ្ជាក់​ថា​ ​ចក្ខុវិស័យ​សម្រាប់​ខេត្ត​កំពង់ធំ​ គឺ​ត្រូវ​ឈាន​ពី​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​កសិកម្ម​ ​ទៅជា​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាន​កសិ-​ឧស្សាហកម្ម​។ ​គោលដៅ​មិន​មែន​ធ្វើឱ្យ​ខេត្ត​កំពង់ធំ​ពឹងផ្អែក​លើ​កសិកម្ម​តែ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ត្រូវ​ប្រើ​មូលដ្ឋាន​កសិកម្ម​ដ៏​ធំ​នេះ​ ​ដើម្បី​ជំរុញ​វិស័យ​កសិ-​ឧស្សាហកម្ម ​សេវាកម្ម​ ​ការ​វិនិយោគ​ ​និង​ការ​បង្កើត​តម្លៃ​បន្ថែម​ឱ្យ​កាន់តែ​ខ្ពស់​។

​សម្រាប់​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ​២០២៦​-​២០៣០​ ​​ឯកឧត្តមបាន​សង្កត់ធ្ងន់​ថា​ ​ត្រូវ​ស្វែងរក​ឱ្យ​ឃើញ​បញ្ហា​ ​និង​ដំណោះស្រាយ​ឱ្យ​បាន​ច្បាស់​ ​ជាពិសេស​មូលហេតុ​ដែល​ការ​ស្តុក ​ការ​កែច្នៃ​ ​ការ​វេច​ខ្ចប់​ ​និង​សេវា​ភ្ជាប់​ ​មិន​ទាន់​រីក​ធំ​ស្រប​តាម​ផលិតកម្ម​កសិកម្ម​។ ​ទន្ទឹម​នេះ​ ត្រូវ​កំណត់​អាទិភាព​ថា​ ​អ្វី​ត្រូវ​ធ្វើ​មុន​ ​អ្វី​ត្រូវ​ធ្វើ​ក្រោយ​ ​អ្នកណា​ជា​អ្នកធ្វើ​ ​និង​ការ​ផ្លាស់ប្តូរ​នោះ​នឹង​ធ្វើឱ្យ​ប្រាក់​ចំណូល​ ​និង​ជីវភាព​របស់​ប្រជាជន​ប្រសើរឡើង​យ៉ាង​ដូចម្តេច​។

​ឯកឧត្តម​ វង្សី ​វិស្សុត ​បាន​សង្កត់ធ្ងន់​ថា​ ក​សិផល​សំខាន់​ៗ​ដូចជា​ ​ស្រូវ​ ស្វាយចន្ទី ​ដំឡូង​មី ​កៅស៊ូ ​ដំណាំ​សក្តានុពល ​វារី​វប្បកម្ម​ ​និង​ការ​ចិញ្ចឹម​សត្វ​ ​មិន​ត្រូវ​បញ្ចប់​ត្រឹម​ការ​លក់​ជា​វត្ថុធាតុ​ដើម​ឆៅ​នោះ​ឡើយ​ ​ប៉ុន្តែ​ត្រូវ​បង្កើត​ឱ្យ​មាន​ខ្សែ​ច្រវាក់​កែច្នៃ​ បច្ចេកវិទ្យា ​ភស្តុភារកម្ម ​និង​ទីផ្សារ​ក្នុង​ខេត្ត​។​

ឈរ​លើ​មូលដ្ឋាន​នេះ​ ​ឯកឧត្តម​បាន​ផ្តល់​គោលការណ៍​តម្រង់​ទិស​ចំនួន​៤​ ​សម្រាប់​ដំណើរការ​ពិភាក្សា​ ​រួមមាន​ ​ផលិតភាព​ និង​ប្រាក់​ចំណេញ​; ​តម្លៃ​បន្ថែម​ និង​ទីផ្សារ​; ​ការ​កសាង​ប្រព័ន្ធ​អេកូឡូស៊ី​គាំទ្រ​; ​និង​ការ​អនុវត្ត​ ​ការ​ទទួលខុសត្រូវ​ និង​ភាព​ធន់​។

​គោលការណ៍​ទាំងនេះ​ផ្តោត​លើ​ការ​បង្កើន​ផលិតភាព​ និង​ប្រាក់​ចំណេញ​ ​ការ​គិតគូរ​ទីផ្សារ​ជាមុន​ ​ការ​លើកកម្ពស់​ស្តង់ដារ ​គុណភាព​ ​សុវត្ថិភាព​ ​និង​តម្លៃ​ប្រកួតប្រជែង​ ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ ​ហិរញ្ញប្បទាន​ បច្ចេកវិទ្យា​ ​និង​ការ​ពង្រឹង​សមត្ថភាព​សហគមន៍​កសិកម្ម​ ​ព្រមទាំង​ការ​គ្រប់គ្រង​ហានិភ័យ​អាកាសធាតុ​ ​ទីផ្សារ​ និង​តម្លៃ​តាំងពី​ដើម​។

​ទន្ទឹម​នេះ​ ​ឯកឧត្តម​បាន​ដាក់​ជា​វិញ្ញាសា​គន្លឹះ​ចំនួន​៥​ ​ជូន​ដល់​វាគ្មិន​ ​និង​ក្រុម​ពិភាក្សា​តាម​ខ្សែ​ច្រវាក់​តម្លៃ​អាទិភាព​ចំនួន​៦​ ​រួមមាន​ ​ស្រូវ​ ស្វាយចន្ទី ​ដំឡូង​មី ​កៅស៊ូ ​និង​ដំណាំ​សក្តានុពល ​វារី​វប្បកម្ម​ ​និង​ការ​ចិញ្ចឹម​សត្វ​។

​វិញ្ញាសា​សំខាន់​ៗ​រួមមាន​ ​ការ​ជ្រើសរើស​ផលិតផល​យុទ្ធសាស្ត្រ​ ​និង​តំបន់​អាទិភាព​ ​ការ​ស្វែងរក​ឫសគល់​នៃ​បញ្ហា​ ​និង​ចំណុច​រាំងស្ទះ​ ​ការ​កំណត់​កន្លែង​បាត់បង់​តម្លៃ​បន្ថែម​ក្នុង​ខ្សែ​ច្រវាក់​តម្លៃ​ ​ការ​បែងចែក​តួនាទី​របស់​តួអង្គ​ពាក់ព័ន្ធ​ ​និង​ការ​កំណត់​គោលដៅ​ជាក់លាក់​ដែល​អាច​វាស់វែង​បាន​។

​ឯកឧត្តម​ វង្សី ​វិស្សុត ​ក៏​បាន​ស្នើ​ដល់​វាគ្មិន​ ​និង​ក្រុម​ពិភាក្សា​ឱ្យ​គិតគូរ​ជា​ខ្សែ​ច្រវាក់​តម្លៃ​ ​ដោយសារ​ការ​យក​គោលការណ៍​នេះ​មក​ពិចារណា​ ​នឹង​អាច​ជួយ​ដោះស្រាយ​បញ្ហា​បាន​ពេញ​មួយ​ខ្សែ​ច្រវាក់​។

​​ឯកឧត្តម​បាន​សង្កត់ធ្ងន់​ថា​ ​ការ​អភិវឌ្ឍ​ត្រូវ​មិន​ភ្លេច​គោល​តម្លៃ​យុទ្ធសាស្ត្រ​របស់​រាជ​រដ្ឋាភិបាល​ ​គឺ​ «​ការ​យក​ប្រជាជន​ជា​ស្នូល​» ​ដោយ​ម៉ែត្រ​វាស់​សំខាន់​ចុងក្រោយ​ ​គឺ​ប្រជាជន​ទទួលបាន​ផលប្រយោជន៍​ កសិករ​មាន​ជីវភាព​ធូរធារ ​និង​មុខរបរ​រឹងមាំ​ ​ប្រាក់​ចំណូល​កើនឡើង​ ​មាន​សុខុមាលភាព​ និង​កូន​ចៅ​ទទួលបាន​ការ​អប់រំ ​និង​សុខាភិបាល​ ​ដោយ​មិន​ធ្លាក់​ក្នុង​បំណុល​វ័ណ្ឌ​ក​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times