កម្ពុជា កំពុងបន្តចរចាកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា (Double Taxation Agreement-DTA) ជាមួយប្រទេសជាដៃគូសំខាន់ៗ ខណៈកិច្ចចរចាជាមួយមីយ៉ាន់ម៉ា និងបារាំងត្រូវបានបញ្ចប់ ហើយកិច្ចព្រមព្រៀងទាំងពីរនឹងត្រូវចុះហត្ថលេខាក្នុងពេលឆាប់ៗខាងមុខ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា កម្ពុជា កំពុងបន្តចរចា DTA ជាមួយជប៉ុន អេមីរ៉ាតអារ៉ាប់រួម ម៉ារ៉ុក កាតា និងអាស៊ែបៃហ្សង់ ដើម្បីពង្រីកបណ្តាញកិច្ចព្រមព្រៀងពន្ធអន្តរជាតិរបស់ខ្លួន។
ព័ត៌មាននេះត្រូវបានលើកឡើងក្នុងសិក្ខាសាលាស្តីពី «បច្ចុប្បន្នភាពថ្មីៗនៃពន្ធអន្តរជាតិ» ដែលអគ្គនាយកដ្ឋានពន្ធដាររៀបចំឡើងនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគាររ៉េស៊ីដង់ សុខា រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកបណ្ឌិត សេង ជាសិទ្ធ ប្រធាននាយកដ្ឋាននីតិកម្ម គោលនយោបាយសារពើពន្ធ និងសហប្រតិបត្តិការពន្ធដារអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ។
សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានពន្ធដារ និងសាខាពន្ធដារខណ្ឌទាំង៩ ព្រមទាំងតំណាងក្រុមហ៊ុនឯកជន និងភ្នាក់ងារសេវាកម្មពន្ធដារ ប្រមាណជាង ២០០រូប។
លោកបណ្ឌិត សេង ជាសិទ្ធ បានលើកឡើងថា ការរៀបចំសិក្ខាសាលានេះមានគោលបំណងបញ្ជ្រាប និងចែករំលែកចំណេះដឹង ព្រមទាំងផ្សព្វផ្សាយអំពីការវិវត្តថ្មីៗនៃពន្ធអន្តរជាតិ រួមមាននីតិវិធីអនុវត្ត DTA ការស្នើសុំឥណទានពន្ធក្រោមក្របខ័ណ្ឌ DTA ការផ្លាស់ប្តូរព័ត៌មានសម្រាប់គោលបំណងពន្ធ និងទស្សនទាននៃពន្ធអប្បបរមាសកល។
លោកបណ្ឌិតបានគូសបញ្ជាក់ថា DTA ជាការបែងចែកសិទ្ធិក្នុងការយកពន្ធរវាងប្រទេសជាហត្ថលេខី ហើយការចរចាកិច្ចព្រមព្រៀងជាមួយប្រទេសជាដៃគូវិនិយោគសំខាន់ៗ គឺដើម្បីទាក់ទាញ និងសម្រួលការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងទប់ស្កាត់ និងបង្ក្រាបការគេចវេះពន្ធទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។
តាមលោក សេង ជាសិទ្ធ DTA ក៏មានតួនាទីសំខាន់ក្នុងការលើកទឹកចិត្តដល់វិនិយោគិន តាមរយៈការលុបបំបាត់ការយកពន្ធត្រួតគ្នា និងផ្តល់ភាពច្បាស់លាស់ដល់អ្នកវិនិយោគ។ ជាមួយគ្នានេះ យន្តការផ្លាស់ប្តូរព័ត៌មានសម្រាប់គោលបំណងពន្ធ អាចជួយពង្រឹងតម្លាភាព ទប់ស្កាត់ការកិបកេងបន្លំពន្ធ លើកកម្ពស់អនុលោមភាព និងគាំទ្រដល់ការបង្កើនចំណូលពន្ធ។
កម្ពុជា បានចាប់ផ្តើមចរចា DTA ជាលើកដំបូងក្នុងឆ្នាំ២០១៥។ គិតមកដល់បច្ចុប្បន្ន កម្ពុជាមានកិច្ចព្រមព្រៀង DTA ចំនួន១១ ដែលបានចូលជាធរមាន និងកំពុងមានប្រសិទ្ធភាពអនុវត្តជាមួយសិង្ហបុរី ចិន ថៃ ប៊្រុយណេ វៀតណាម ឥណ្ឌូណេស៊ី តំបន់រដ្ឋបាលពិសេសហុងកុង ម៉ាឡេស៊ី កូរ៉េខាងត្បូង តំបន់រដ្ឋបាលពិសេសម៉ាកាវ និងតួកគី។
ការពង្រីកបណ្តាញ DTA ត្រូវបានរំពឹងថានឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការពន្ធអន្តរជាតិ និងបង្កើតភាពច្បាស់លាស់សម្រាប់សកម្មភាពវិនិយោគ និងពាណិជ្ជកម្មឆ្លងដែន ព្រមទាំងពង្រឹងការអនុលោមតាមកាតព្វកិច្ចសារពើពន្ធស្របតាមច្បាប់ជាធរមាន៕
អត្ថបទ៖ ប៊ី








