កំពង់ធំ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានលើកឡើងថា អនាគតសេដ្ឋកិច្ចរបស់ខេត្តកំពង់ធំ ពឹងផ្អែកយ៉ាងសំខាន់លើការផ្លាស់ប្តូរពីសេដ្ឋកិច្ចដែលមានមូលដ្ឋានលើកសិកម្ម ទៅជាសេដ្ឋកិច្ចដែលមានមូលដ្ឋានលើកសិ-ឧស្សាហកម្ម ដោយប្រើប្រាស់សក្តានុពលកសិកម្មដ៏ធំរបស់ខេត្ត ដើម្បីបង្កើតតម្លៃបន្ថែម ជំរុញសេវាកម្ម និងការវិនិយោគ។
ការលើកឡើងនេះធ្វើឡើង កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ក្នុងពិធីបើក និងដឹកនាំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មខេត្តកំពង់ធំ ឆ្នាំ២០២៦-២០៣០» នៅសាលាខេត្តកំពង់ធំ។
សិក្ខាសាលានេះត្រូវបានសហការរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងរដ្ឋបាលខេត្តកំពង់ធំ ដោយមានការចូលរួមពីតំណាង និងមន្ត្រីជំនាញនៃក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនចម្ការកៅស៊ូ ក្រុមហ៊ុនដឹកជញ្ជូន និងជីកសិកម្ម ក្រុមហ៊ុននាំចេញអង្ករ សមាគមអ្នកដាំស្វាយចន្ទី សមាគមដំឡូងមីកម្ពុជា សហគមន៍កសិកម្ម សហគមន៍នេសាទ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្រឹះស្ថានបណ្តុះបណ្តាល និងស្ថាប័នស្រាវជ្រាវ ព្រមទាំងដៃគូអភិវឌ្ឍ សរុបប្រមាណជិត ៤០០នាក់។
ក្នុងសុន្ទរកថា ឯកឧត្តម វង្សី វិស្សុត បានមានប្រសាសន៍ថា សិក្ខាសាលាពិគ្រោះយោបល់នេះ គឺជាការគិតគូររួមគ្នារវាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ រដ្ឋបាលខេត្ត និងគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីរៀបចំជាត្រីវិស័យក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនខេត្តកំពង់ធំ។
ឯកឧត្តមបានបញ្ជាក់ថា វត្តមានរបស់តួអង្គពាក់ព័ន្ធទាំងអស់ឆ្លុះបញ្ចាំងពីឆន្ទៈ និងការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍខេត្ត ជាពិសេសវិស័យកសិកម្ម ដែលជាវិស័យមានសក្តានុពលធំ ស្របតាមស្មារតី «រួមគិត រួមធ្វើ និងរួមទទួលខុសត្រូវ» ដើម្បីរៀបចំសក្តានុពលវិស័យនេះឱ្យក្លាយជាប្រព័ន្ធសេដ្ឋកិច្ចដែលមានប្រសិទ្ធភាព និងប្រទាក់ក្រឡាគ្នា ព្រមទាំងជាមជ្ឈមណ្ឌលកសិ-ឧស្សាហកម្មដ៏រឹងមាំ និងជាតំបន់ភស្តុភារកម្មរបស់កម្ពុជា។
ឯកឧត្តម វង្សី វិស្សុត បានបន្តថា ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន ការពង្រឹងសន្តិសុខសេដ្ឋកិច្ច កសិកម្ម ស្បៀង ថាមពល និងទឹក សុទ្ធតែជាកត្តាសំខាន់ដែលមិនអាចមើលរំលងបាន។ ក្នុងបរិការណ៍នេះ វិស័យកសិកម្មនឹងកាន់តែមានសារៈសំខាន់ ព្រោះអាចភ្ជាប់កំណើនសេដ្ឋកិច្ចទៅនឹងការងារ ប្រាក់ចំណូល និងជីវភាពរបស់ប្រជាជននៅមូលដ្ឋានដោយផ្ទាល់ ព្រមទាំងរួមចំណែកធានាសន្តិសុខសេដ្ឋកិច្ច និងសន្តិសុខជាតិ។
ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មជាវិស័យអាទិភាព ដោយមានទិសដៅជំរុញការផ្លាស់ប្តូរពីកសិកម្មបែបប្រពៃណីទៅជាកសិ-ឧស្សាហកម្មទំនើប ដែលមានផលិតភាព ប្រាក់ចំណេញ ទីផ្សារ ភាពធន់ និរន្តរភាព និងតម្លៃបន្ថែមខ្ពស់។
ទិសដៅនេះផ្អែកលើសសរស្តម្ភគន្លឹះចំនួន៤ រួមមាន ផលិតភាព (Productivity) ការធ្វើពិពិធកម្មផលិតផល និងទីផ្សារកសិកម្ម (Diversification) ភាពប្រកួតប្រជែង (Competitiveness) និងពាណិជ្ជូបនីយកម្ម (Commercialization)។
តាមការលើកឡើងរបស់ឯកឧត្តម វង្សី វិស្សុត សេដ្ឋកិច្ចខេត្តកំពង់ធំមានចំណែកពីវិស័យកសិកម្មរហូតដល់ប្រមាណ ៧៤ ភាគរយ ខណៈវិស័យឧស្សាហកម្មមានត្រឹម ៦.៣ ភាគរយ។ ប្រជាជនខេត្តកំពង់ធំមានប្រមាណ ៥ ភាគរយនៃចំនួនប្រជាជនកម្ពុជាទាំងមូល ខណៈទំហំសេដ្ឋកិច្ចរបស់ខេត្តមានប្រមាណតែ ៣ ភាគរយនៃទំហំសេដ្ឋកិច្ចជាតិ។
ឯកឧត្តមបានចាត់ទុកតួលេខទាំងនេះថា ជាសារយុទ្ធសាស្ត្រច្បាស់ថា ការរៀបចំអនាគតវិស័យកសិកម្ម គឺជាការរៀបចំអនាគតសេដ្ឋកិច្ចរបស់ខេត្តកំពង់ធំទាំងមូល។
ឯកឧត្តមបានគូសបញ្ជាក់ថា ចក្ខុវិស័យសម្រាប់ខេត្តកំពង់ធំ គឺត្រូវឈានពីសេដ្ឋកិច្ចដែលមានមូលដ្ឋានកសិកម្ម ទៅជាសេដ្ឋកិច្ចដែលមានមូលដ្ឋានកសិ-ឧស្សាហកម្ម។ គោលដៅមិនមែនធ្វើឱ្យខេត្តកំពង់ធំពឹងផ្អែកលើកសិកម្មតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវប្រើមូលដ្ឋានកសិកម្មដ៏ធំនេះ ដើម្បីជំរុញវិស័យកសិ-ឧស្សាហកម្ម សេវាកម្ម ការវិនិយោគ និងការបង្កើតតម្លៃបន្ថែមឱ្យកាន់តែខ្ពស់។
សម្រាប់ផែនការយុទ្ធសាស្ត្រឆ្នាំ២០២៦-២០៣០ ឯកឧត្តមបានសង្កត់ធ្ងន់ថា ត្រូវស្វែងរកឱ្យឃើញបញ្ហា និងដំណោះស្រាយឱ្យបានច្បាស់ ជាពិសេសមូលហេតុដែលការស្តុក ការកែច្នៃ ការវេចខ្ចប់ និងសេវាភ្ជាប់ មិនទាន់រីកធំស្របតាមផលិតកម្មកសិកម្ម។ ទន្ទឹមនេះ ត្រូវកំណត់អាទិភាពថា អ្វីត្រូវធ្វើមុន អ្វីត្រូវធ្វើក្រោយ អ្នកណាជាអ្នកធ្វើ និងការផ្លាស់ប្តូរនោះនឹងធ្វើឱ្យប្រាក់ចំណូល និងជីវភាពរបស់ប្រជាជនប្រសើរឡើងយ៉ាងដូចម្តេច។
ឯកឧត្តម វង្សី វិស្សុត បានសង្កត់ធ្ងន់ថា កសិផលសំខាន់ៗដូចជា ស្រូវ ស្វាយចន្ទី ដំឡូងមី កៅស៊ូ ដំណាំសក្តានុពល វារីវប្បកម្ម និងការចិញ្ចឹមសត្វ មិនត្រូវបញ្ចប់ត្រឹមការលក់ជាវត្ថុធាតុដើមឆៅនោះឡើយ ប៉ុន្តែត្រូវបង្កើតឱ្យមានខ្សែច្រវាក់កែច្នៃ បច្ចេកវិទ្យា ភស្តុភារកម្ម និងទីផ្សារក្នុងខេត្ត។
ឈរលើមូលដ្ឋាននេះ ឯកឧត្តមបានផ្តល់គោលការណ៍តម្រង់ទិសចំនួន៤ សម្រាប់ដំណើរការពិភាក្សា រួមមាន ផលិតភាព និងប្រាក់ចំណេញ; តម្លៃបន្ថែម និងទីផ្សារ; ការកសាងប្រព័ន្ធអេកូឡូស៊ីគាំទ្រ; និងការអនុវត្ត ការទទួលខុសត្រូវ និងភាពធន់។
គោលការណ៍ទាំងនេះផ្តោតលើការបង្កើនផលិតភាព និងប្រាក់ចំណេញ ការគិតគូរទីផ្សារជាមុន ការលើកកម្ពស់ស្តង់ដារ គុណភាព សុវត្ថិភាព និងតម្លៃប្រកួតប្រជែង ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញប្បទាន បច្ចេកវិទ្យា និងការពង្រឹងសមត្ថភាពសហគមន៍កសិកម្ម ព្រមទាំងការគ្រប់គ្រងហានិភ័យអាកាសធាតុ ទីផ្សារ និងតម្លៃតាំងពីដើម។
ទន្ទឹមនេះ ឯកឧត្តមបានដាក់ជាវិញ្ញាសាគន្លឹះចំនួន៥ ជូនដល់វាគ្មិន និងក្រុមពិភាក្សាតាមខ្សែច្រវាក់តម្លៃអាទិភាពចំនួន៦ រួមមាន ស្រូវ ស្វាយចន្ទី ដំឡូងមី កៅស៊ូ និងដំណាំសក្តានុពល វារីវប្បកម្ម និងការចិញ្ចឹមសត្វ។
វិញ្ញាសាសំខាន់ៗរួមមាន ការជ្រើសរើសផលិតផលយុទ្ធសាស្ត្រ និងតំបន់អាទិភាព ការស្វែងរកឫសគល់នៃបញ្ហា និងចំណុចរាំងស្ទះ ការកំណត់កន្លែងបាត់បង់តម្លៃបន្ថែមក្នុងខ្សែច្រវាក់តម្លៃ ការបែងចែកតួនាទីរបស់តួអង្គពាក់ព័ន្ធ និងការកំណត់គោលដៅជាក់លាក់ដែលអាចវាស់វែងបាន។
ឯកឧត្តម វង្សី វិស្សុត ក៏បានស្នើដល់វាគ្មិន និងក្រុមពិភាក្សាឱ្យគិតគូរជាខ្សែច្រវាក់តម្លៃ ដោយសារការយកគោលការណ៍នេះមកពិចារណា នឹងអាចជួយដោះស្រាយបញ្ហាបានពេញមួយខ្សែច្រវាក់។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍត្រូវមិនភ្លេចគោលតម្លៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល គឺ «ការយកប្រជាជនជាស្នូល» ដោយម៉ែត្រវាស់សំខាន់ចុងក្រោយ គឺប្រជាជនទទួលបានផលប្រយោជន៍ កសិករមានជីវភាពធូរធារ និងមុខរបររឹងមាំ ប្រាក់ចំណូលកើនឡើង មានសុខុមាលភាព និងកូនចៅទទួលបានការអប់រំ និងសុខាភិបាល ដោយមិនធ្លាក់ក្នុងបំណុលវ័ណ្ឌក៕
អត្ថបទ៖ ប៊ី








