យុទ្ធនាការ #MadeInCambodia បង្ហាញស្មារតីស្រឡាញ់ជាតិ គាំទ្រកសិករ និងផលិតករខ្មែរ ពង្រឹងសេដ្ឋកិច្ចជាតិ

កំពង់ចាម៖ ការរៀបចំ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» មិនត្រឹមតែជាការលើកកម្ពស់ផលិតផលក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីស្មារតីស្រឡាញ់ជាតិ ស្រឡាញ់កសិករ និងផលិតករខ្មែរ ព្រមទាំងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិផងដែរ។

ការលើកឡើងនេះធ្វើឡើងដោយលោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងពិធីសម្ពោធ «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» នៅខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃសៅរ៍ ទី១៥ ខែសីហា ឆ្នាំ២០២៦ នៅមុខមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម។

ពិធីនេះមានការចូលរួមពីលោក ឡោ ចាន់លី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ សិប្បករ ផលិតករក្នុងស្រុក តំណាងផ្សារទំនើប ម៉ាត និងមីនីម៉ាត ព្រមទាំងតំណាងវិស័យឯកជនជាច្រើនរូប។

ក្នុងឱកាសនោះ លោកជំទាវ តោ ពិឡា បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តកំពង់ចាម ដែលបានសហការរៀបចំកម្មវិធី និងផ្តល់ទីតាំងសម្រាប់រៀបចំពិធី ព្រមទាំងកោតសរសើរចំពោះកិច្ចសហការរវាងវិស័យឯកជន ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម សិប្បករ និងផលិតករក្នុងស្រុក ព្រមទាំងបណ្តាញផ្សារទំនើប ម៉ាត និងមីនីម៉ាត ដែលបានរួមគ្នាជំរុញការផលិត ការចែកចាយ និងការប្រើប្រាស់ផលិតផលជាតិឱ្យកាន់តែទូលំទូលាយ។

លោកជំទាវបានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបមានតួនាទីសំខាន់ក្នុងការគាំទ្រផលិតផលជាតិ តាមរយៈការប្រើប្រាស់ ការផ្សព្វផ្សាយ និងការជួយនាំផលិតផលខ្មែរទៅកាន់ទីផ្សារឱ្យកាន់តែទូលំទូលាយ។

លោកជំទាវបានថ្លែងថា «ការរៀបចំយុទ្ធនាការផលិតផលជាតិ #MadeInCambodia» មិនត្រឹមតែជាការលើកកម្ពស់ផលិតផលក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីស្មារតីស្រឡាញ់ជាតិ ស្រឡាញ់កសិករ និងផលិតករខ្មែរ ព្រមទាំងរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិផងដែរ។

លោកជំទាវរដ្ឋលេខាធិការបានបន្តថា ក្រសួងពាណិជ្ជកម្មបានផ្តួចផ្តើមយុទ្ធនាការនេះឡើង ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយផលិតផលក្នុងស្រុក បង្កើនការយល់ដឹងរបស់អ្នកប្រើប្រាស់អំពីគុណភាព តម្លៃ និងស្តង់ដារផលិតផលជាតិ ព្រមទាំងភ្ជាប់ឱកាសទីផ្សាររវាងផលិតករ និងបណ្តាញលក់ទំនិញទំនើប។

យុទ្ធនាការ #MadeInCambodia នឹងអនុវត្តរយៈពេលមួយឆ្នាំពេញ ដោយមានការរៀបចំតាំងលក់ផលិតផលជាតិនៅតាមផ្សារទំនើប ម៉ល ម៉ាត និងមីនីម៉ាតនានាទូទាំងរាជធានី-ខេត្ត។

យោងតាមក្រសួងពាណិជ្ជកម្ម គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ មានទីតាំងជាង ៧០០កន្លែងបានចូលរួមក្នុងយុទ្ធនាការ «MadeInCambodia» ដែលបង្ហាញពីការចូលរួមកាន់តែទូលំទូលាយរបស់បណ្តាញលក់រាយក្នុងការលើកកម្ពស់ផលិតផលដែលផលិតនៅកម្ពុជា។

យុទ្ធនាការនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រីកការដាក់លក់ផលិតផលជាតិនៅតាមបណ្តាផ្សារទំនើប ម៉ាត និងមីនីម៉ាត ដើម្បីបង្ហាញពីភាពសម្បូរបែប និងគុណភាពនៃផលិតផលដែលផលិតនៅកម្ពុជា ព្រមទាំងបង្កើនឱកាសទីផ្សារសម្រាប់ផលិតករក្នុងស្រុក។

បច្ចុប្បន្ន បណ្តាញផ្សារទំនើប និងហាងលក់ទំនិញជាច្រើនបានចូលរួមយុទ្ធនាការនេះ ដើម្បីរួមចំណែកលើកកម្ពស់ការប្រើប្រាស់ផលិតផលជាតិ និងជំរុញការរីកចម្រើនរបស់សហគ្រាសខ្មែរ៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times