ADB ផ្តល់ឥណទានសម្បទាន ២៥០លានដុល្លារ ដល់កម្ពុជា ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានចំនួន ២៥០លានដុល្លារអាម៉េរិក ដើម្បីគាំទ្រ “កម្មវិធីអន្តរាគមន៍បន្ទាន់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច” (RISE) ក្នុងគោលបំណងជួយកម្ពុជាឆ្លើយតបនឹងផលប៉ះពាល់ពីពហុវិបត្តិ និងភាពមិនប្រាកដប្រជានៃស្ថានភាពសកល និងតំបន់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយថ្ងៃទី៣ ខែសីហា បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅថ្ងៃទី៣១ ខែកក្កដា នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន  ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី យ៉សមីន ស៊ីឌីគី នាយិកាស្ថានតំណាង ADB ប្រចាំកម្ពុជា។ ពិធីនេះក៏មានការចូលរួមពីលោក Nianshan Zhang អគ្គនាយកទទួលបន្ទុកនាយកដ្ឋានអាស៊ីអាគ្នេយ៍ នៃ ADB។

ហិរញ្ញប្បទាននេះត្រូវបានផ្តល់ក្រោមក្របខណ្ឌ Countercyclical Support Facility (CSF) របស់ ADB និងមានគោលបំណងគាំទ្រការអនុវត្ត “កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិ” របស់រាជរដ្ឋាភិបាលកម្ពុជា។

កម្មវិធី RISE ផ្តោតលើសមិទ្ធផលគន្លឹះចំនួន៣ រួមមាន ការកាត់បន្ថយជាបណ្តោះអាសន្ននូវផលប៉ះពាល់ពីការប្រែប្រួលខ្លាំងនៃតម្លៃប្រេងឥន្ធនៈលើសេដ្ឋកិច្ច ការផ្តល់ជំនួយហិរញ្ញវត្ថុចំគោលដៅ និងការគាំទ្រសកម្មភាពកសិកម្មដល់គ្រួសារងាយរងគ្រោះ និងការពន្លឿនអន្តរកាលបៃតង ដើម្បីពង្រឹងភាពធន់ និងសមត្ថភាពឆ្លើយតបចំពោះវិបត្តិថាមពលដែលអាចកើតមាននាពេលអនាគត។

ក្រសួងបានបញ្ជាក់ថា ហិរញ្ញប្បទានក្រោមយន្តការ CSF មិនត្រឹមតែជាការគាំទ្រផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែជាការឆ្លើយតបទាន់ពេលវេលា ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជាឱ្យឆ្លងកាត់កាលៈទេសៈលំបាក និងរក្សាសន្ទុះកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

កម្ពុជាគឺជាប្រទេសសមាជិកទី១ ដែលទទួលបានការគាំទ្រពី ADB ក្រោមកម្មវិធី RISE ដែលត្រូវបានក្រុមប្រឹក្សាភិបាល ADB អនុម័តកាលពីថ្ងៃទី៣០ ខែកក្កដា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទាននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងពិធីចុះហត្ថលេខា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះលោក Masato Kanda ប្រធាន ADB ដែលបានដាក់ចេញកញ្ចប់អន្តរាគមន៍ក្រោមក្របខណ្ឌ CSF ជាការឆ្លើយតបយ៉ាងឆាប់រហ័សរបស់ ADB ចំពោះវិបត្តិនៅមជ្ឈិមបូព៌ា។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន  ក៏បានថ្លែងអំណរគុណដល់ស្ថានតំណាង ADB ប្រចាំកម្ពុជា និងក្រុមបេសកកម្មរបស់ ADB សម្រាប់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ក្នុងការរៀបចំ និងបំពេញនីតិវិធីរហូតឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានចាត់ទុកកម្មវិធីនេះថា ជាការបង្ហាញពីការពង្រឹងកិច្ចសហប្រតិបត្តិការ ការគាំទ្រ និងការជឿទុកចិត្តរបស់ ADB ចំពោះរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានលើកឡើងពីតួនាទីរបស់ ADB ជាកាតាលីករក្នុងការកៀរគរហិរញ្ញប្បទានបន្ថែមសម្រាប់កម្ពុជា នៅពេលប្រទេសជួបប្រទះវិបត្តិធំៗ ដូចជាវិបត្តិទឹកជំនន់ឆ្នាំ២០០០-២០០១ វិបត្តិសេដ្ឋកិច្ចឆ្នាំ២០០៨ និងវិបត្តិកូវីដ-១៩។

លោក Nianshan Zhang បានវាយតម្លៃខ្ពស់ចំពោះភាពជាម្ចាស់ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ច និងលំនឹងជីវភាពប្រជាជនក្នុងកាលៈទេសៈលំបាក។

លោកបានបញ្ជាក់ថា ADB នឹងបន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់កម្ពុជា ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងធានាការអភិវឌ្ឍប្រកបដោយចីរភាព។

ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន  បានស្នើឱ្យ ADB បន្តផ្តល់ហិរញ្ញប្បទានសម្បទានដែលមានភាពបត់បែនខ្ពស់ដល់កម្ពុជា ក្នុងដំណាក់កាលអន្តរកាលបន្ទាប់ពីកម្ពុជាចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ដើម្បីគាំទ្រការវិនិយោគលើវិស័យអាទិភាព និងរក្សាសន្ទុះនៃការអភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times