ភ្នំពេញ៖ កម្ពុជាកំពុងជំរុញឱ្យវិនិយោគិនមកពីទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ ប្រទេសចិន បង្កើនការបណ្តាក់ទុននៅកម្ពុជា ជាពិសេសក្នុងការផលិតវត្ថុធាតុដើម និងទំនិញពាក់កណ្តាលសម្រេច ខណៈវិនិយោគិនចិននៅតែជាប្រភពទុនវិនិយោគដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចកម្ពុជា។
ការជំរុញនេះធ្វើឡើងក្នុងជំនួបរវាង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងលោក ចូវ វិនតុង (Zhou Wendong) អភិបាលរងទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។
ក្នុងជំនួបនេះ ឯកឧត្តម ជា វុទ្ធី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងប្រជាជនទីក្រុងអ៊ូស៊ី ដែលតែងតែជំរុញ និងគាំទ្រវិនិយោគិនមកពីទីក្រុងនេះ ឱ្យមកបណ្តាក់ទុននៅកម្ពុជា ជាពិសេសនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពន្លឿនការកសាង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ» ដើម្បីជំរុញការទាក់ទាញវិនិយោគ ខណៈរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់លើការធ្វើពិពិធកម្មទីផ្សារសម្រាប់ទំនិញនាំចេញរបស់កម្ពុជា។
ឯកឧត្តម ជា វុទ្ធី ក៏បានស្នើឱ្យលោក ចូវ វិនតុង ជួយជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឱ្យកាន់តែរីកចម្រើន និងមានភាពទាក់ទាញសម្រាប់វិនិយោគិនអន្តរជាតិ។
ជាពិសេស ឯកឧត្តម បានបង្ហាញក្តីសង្ឃឹមថា ថ្នាក់ដឹកនាំទីក្រុងអ៊ូស៊ីនឹងបន្តជំរុញវិនិយោគិនមកពីទីក្រុងនេះ ឱ្យបង្កើនការបណ្តាក់ទុននៅកម្ពុជា ដោយផ្តោតលើការផលិតវត្ថុធាតុដើម និងទំនិញពាក់កណ្តាលសម្រេចនៅក្នុងប្រទេស។ ការវិនិយោគបែបនេះ ត្រូវបានរំពឹងថានឹងរួមចំណែកធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់។
ជាការឆ្លើយតប លោក ចូវ វិនតុង បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្រសួង-ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និង CDC ដែលបានផ្តល់ការគាំទ្រដល់ដំណើរការនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានធ្វើឱ្យតំបន់នេះមានការរីកចម្រើនជាបន្តបន្ទាប់។
លោក ចូវ វិនតុង បានប្តេជ្ញាបន្តជំរុញឱ្យវិនិយោគិនចិន ជាពិសេសវិនិយោគិនមកពីខេត្តជាំងស៊ូ និងទីក្រុងអ៊ូស៊ី បង្កើនការវិនិយោគនៅកម្ពុជា ដោយជ្រើសរើសយកគម្រោងដែលមានសក្តានុពល និងឈានមុខជាអាទិភាព។
លោកបានឱ្យដឹងថា ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ ក៏ភ្ជាប់ជាមួយការត្រៀមរៀបចំកិច្ចប្រជុំលើកទី៥ របស់គណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ ប្រទេសចិន នាពេលខាងមុខ។
លោកក៏បានលើកឡើងនូវសំណូមពរមួយចំនួន ដើម្បីបន្តជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ឱ្យកាន់តែរីកចម្រើន និងទាក់ទាញវិនិយោគិនបន្ថែមទៀត។
ក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាបានអនុម័តគម្រោងវិនិយោគថ្មីចំនួន ២៧៦ គម្រោង ដែលមានទុនវិនិយោគសរុបជាង ៤.៧ ពាន់លានដុល្លារ និងអាចបង្កើតការងារថ្មីប្រមាណ ១៦០,០០០ កន្លែង នេះបើយោងតាមរបាយការណ៍របស់ CDC។
ក្នុងចំណោមប្រភពវិនិយោគទាំងនេះ វិនិយោគិនក្នុងស្រុកមានសមាមាត្រច្រើនជាងគេ ៤១.៧៤ ភាគរយ ខណៈវិនិយោគិនចិនឈរនៅលំដាប់ទី២ មាន ៣៥.៧៥ ភាគរយ បន្ទាប់មកគឺវិនិយោគិនសិង្ហបុរី ១៥.៣៨ ភាគរយ និងវិនិយោគិនម៉ាឡេស៊ី ៤.២៦ ភាគរយ។
តួលេខនេះបង្ហាញថា ចិននៅតែជាប្រភពទុនបរទេសដ៏សំខាន់មួយសម្រាប់កម្ពុជា ខណៈការជំរុញទាក់ទាញវិនិយោគិនពីទីក្រុងអ៊ូស៊ី និងខេត្តជាំងស៊ូ អាចបើកផ្លូវសម្រាប់ការបណ្តាក់ទុនថ្មីៗបន្ថែមទៀត ជាពិសេសក្នុងវិស័យផលិតកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់៕
អត្ថបទ៖ ប៊ី








