ធនាគារ​ជាតិ​នៃ​កម្ពុជា​បដិសេធ​ព័ត៌មាន​ក្លែងក្លាយ ​ពាក់ព័ន្ធ​នឹង​ក្រដាស​ប្រាក់​រៀល​ប្រភេទ​ថ្មី​

​ភ្នំពេញ​៖​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​បដិសេធ​ទាំងស្រុង​ចំពោះ​ព័ត៌មាន​ក្លែងក្លាយ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ​ពាក់ព័ន្ធ​នឹង​ការ​ដាក់​ឱ្យ​ចរាចរ​ក្រដាស​ប្រាក់​រៀល​ប្រភេទ​ថ្មី ​ដោយ​អម​ជាមួយ​រូបភាព​ឌីហ្សាញ​ក្រដាស​ប្រាក់​មិន​ពិត​ដែល​បង្កើតឡើង​ដោយ​បច្ចេកវិទ្យា​ ​AI​។

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​ឱ្យដឹង​ថា​ ​នា​ពេល​ថ្មី​ៗ​នេះ​ ​មាន​គណនី​ ​TikTok​ ​និង​អាច​មាន​គណនី​បណ្តាញ​សង្គម​ផ្សេង​ទៀត​ ​បាន​ផ្សព្វផ្សាយ​វីដេអូ​ព័ត៌មាន​ក្លែងក្លាយ​ពាក់ព័ន្ធ​នឹង​ក្រដាស​ប្រាក់​រៀល​ប្រភេទ​ថ្មី​។

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​បញ្ជាក់​ថា​ ​ខ្លួន​សូម​បដិសេធ​ទាំងស្រុង​ចំពោះ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ប្រឌិត​ទាំងនេះ​ ​និង​ថ្កោល​ទោស​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​អ្នកប្រព្រឹត្ត​ល្មើស​។

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ​ដើម្បី​ចាត់​វិធានការ​លើ​ករណី​នេះ​។

​ទន្ទឹម​នេះ​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​អំពាវនាវ​ដល់​សាធារណជន​ឱ្យ​ចៀសវាង​ការ​ចែករំលែក​បន្ត​នូវ​ព័ត៌មាន​ក្លែងក្លាយ​ទាំងនេះ​ ​ដែល​អាច​បង្ក​ការ​យល់​ច្រឡំ​ដល់​សាធារណជន​ផ្សេង​ទៀត​។​

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​ក៏​បាន​ណែនាំ​ឱ្យ​សាធារណជន​ប្រើប្រាស់​ និង​ផ្ទៀងផ្ទាត់​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​តែ​ពី​ប្រភព​ផ្លូវការ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ប៉ុណ្ណោះ​ ​ដើម្បី​ចៀសវាង​ការ​ទទួល​ និង​ចែករំលែក​ព័ត៌មាន​មិន​ពិត​។

ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​ខ្លួន​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​អំពី​រាល់​ប្រភេទ​ក្រដាស​ប្រាក់​ដែល​កំពុង​ចរាចរ ​ដើម្បីឱ្យ​សាធារណជន​អាច​ស្វែងរក​ និង​ផ្ទៀងផ្ទាត់​ប្រភេទ​ក្រដាស​ប្រាក់​ដែល​កំពុង​ស្ថិត​ក្នុង​ចរាចរណ៍​បាន​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times