គិតត្រឹម ៧ ខែ ដើមឆ្នាំ ២០២៦ ការនាំចេញទុរេនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន កើនឡើងជិត ៤០ដង ធៀបនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ ២០២៥។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃ ២៥ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការដឹកជញ្ជូននាំចេញទុរេនស្រស់ជើងទី១ ចំនួន៣ កុងតឺន័រ (ប្រមាណជាង ៥០តោន) របស់ក្រុមហ៊ុន ពេជ្រជដា (Pechenda Fruit Production Co., Ltd.) ទៅកាន់ទីផ្សារប្រទេសចិន តាមច្រកដឹកជញ្ជូនផ្លូវគោកឆ្លងកាត់ប្រទេសឡាវ។
ការនាំចេញទុរេនស្រស់ពីកម្ពុជាទៅទីផ្សារចិន បានហក់ឡើងដល់ ៥ ៧៣៨តោន (គិតត្រឹម ៧ខែដើមឆ្នាំ២០២៦) ដែលកើនឡើងជិត ៤០ដង ធៀបនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ២០២៥។
សមិទ្ធផលនេះ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការសម្របសម្រួល បើកច្រកដឹកជញ្ជូនផ្លូវគោកថ្មីឆ្លងកាត់ប្រទេសឡាវ ដែលអាចកាត់បន្ថយរយៈពេលដឹកជញ្ជូនមកត្រឹមតែ ៥ ថ្ងៃ ប៉ុណ្ណោះ បើប្រៀបធៀបនឹងការដឹកជញ្ជូនតាមផ្លូវទឹកដែលត្រូវចំណាយពេលពី ១៥ ទៅ ២០ថ្ងៃ។
បើទោះបីជាទើបតែដំណើរការថ្មីៗនេះ ច្រកនាំចេញថ្មីនេះកំពុងរួមចំណែកស្រូបយកបរិមាណនាំចេញរហូតដល់ជិត ១០% នៃការនាំចេញទុរេនទៅកាន់ទីផ្សារប្រទេសចិនសរុបប្រចាំឆ្នាំ២០២៦។
យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៦ នេះ ប្រទេសចិននៅតែបន្តឈរឈ្មោះជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីសរុបបានកើនឡើងប្រមាណ ២៥.៤% រហូតដល់ជាង ១១ ពាន់លានដុល្លារអាមេរិក។
ក្នុងរយៈពេល ៦ខែដំបូងនេះ (មករា-មិថុនា) កម្ពុជាបាននាំចេញទំនិញទៅចិនក្នុងតម្លៃ ៩៤៣ លានដុល្លារ (កើនឡើង ២៥.៧%) ខណៈការនាំចូលពីចិនវិញមានតម្លៃជាង ១០ ពាន់លានដុល្លារ (កើនឡើង ២៥.៤%) បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទំនិញចម្បងៗដែលកម្ពុជានាំចេញទៅចិន ភាគច្រើនជាផលិតផលកសិកម្មគុណភាពខ្ពស់ ដូចជា អង្ករ មៀនស្រស់ ចេកស្រស់ ស្វាយ ដំឡូងមី និងទុរេនជាដើម។
ដោយឡែក ក្នុងរយៈពេល ៦ឆ្នាំចុងក្រោយនេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសចិន ហុងកុង និងម៉ាកាវ បានសរុបចំនួន ១៧០,៤៨៣ តោន ដែលគិតជាទឹកប្រាក់ប្រមាណ ៩៩.៦៧ លានដុល្លារអាមេរិក៕
អត្ថបទ៖ ប៊ី






