​កាណាដា ​នឹង​បង្កើន​ការ​វិនិយោគ​ថ្មី​ៗ​ក្នុង​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

​ឯកឧត្តម​ ​Christian​ ​DesRoches​ ​ឯក​អគ្គ​រាជ​ទូត​កាណាដា ​ប្រចាំ​កម្ពុជា​ ​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា​ ​វិនិយោគិន​កាណាដា ​នឹង​ជួយ​បង្កើន​ការ​វិនិយោគ​ថ្មី​ៗ​នៅ​កម្ពុជា​ ​ជាពិសេស​ក្នុង​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​។

​ឯកឧត្តម​ ​Christian​ ​DesRoches​ ​បាន​បង្ហាញ​សុទិដ្ឋិនិយម​បែប​នេះ​ នា​ឱកាស​ជួប​សម្ដែង​ការ​គួរសម ​និង​ពិភាក្សា​ជាមួយ​លោកជំទាវ​បណ្ឌិត​ ​ជា ​សិរី ​ទេសាភិបាល​ ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​កាល​ថ្ងៃទី​២២​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៅ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​អគារ​វត្តភ្នំ​។

​ជំនួប​នេះ​មាន​គោលបំណង​ផ្លាស់ប្តូរ​ទស្សនា​ទាន​អំពី​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​ ​សេដ្ឋកិច្ច​កម្ពុជា​ ​និង​ការ​វិវត្ត​នៃ​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​ព្រមទាំង​ពិភាក្សា​អំពី​ឱកាស​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ក្នុង​វិស័យ​ធនាគារ​។​

ក្នុង​ឱកាស​នេះ​ ​ឯកឧត្តម​ឯក​អគ្គ​រាជ​ទូត​ ​បាន​លើកឡើង​ពី​ទំនាក់ទំនង​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ តាមរយៈ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ជាច្រើន​។​

​ជាក់ស្តែង​ ការ​ចូលរួម​របស់​ថ្នាក់ដឹកនាំ​ធនាគារ​កណ្តាល​កាណាដា​ក្នុង​សន្និសីទ​ថ្នាក់​ទេសាភិបាល​ធនាគារ​កណ្តាល​នៃ​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង​ ​និង​ការ​គ្រោង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​របស់​ឯកឧត្តម​ ​Mark​ ​Carney​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កាណាដា ​ដែល​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់​ផ្ទះ​នៅ​ខែវិច្ឆិកា ​ឆ្នាំ​២០២៦​។

​ទន្ទឹម​នេះ​ ​ឯកឧត្តម ​បាន​លើក​សរសើរ​ពី​វឌ្ឍនភាព​នៃ​វិស័យ​ធនាគារ​ ​និង​ប្រព័ន្ធ​ទូទាត់​កម្ពុជា​ ​ព្រមទាំង​បាន​គូសបញ្ជាក់​ពី​ភាព​ជោគជ័យ​របស់​ក្រុមហ៊ុន​កាណាដា ​ដែល​កំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា​ក្នុង​វិស័យ​ធនាគារ​ ​និង​ធានារ៉ាប់រង​ ​ថែម​ទៀត​ផង​។

​លើស​ពី​នេះ​ ​ឯកឧត្តម​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា​ ​ការ​ចូលរួម​របស់​គណៈប្រតិភូ​វិនិយោគិន​កាណាដា ​ដែល​នឹង​អម​ដំណើរ​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​កាណាដា ​ចូលរួម​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូហ្វូនី​នៅ​កម្ពុជា​នា​ពេល​ខាងមុខ​ ​នឹង​ជួយ​បង្កើន​ការ​វិនិយោគ​ថ្មី​ៗ​របស់​កាណាដា​បន្ថែម​ទៀត​នៅ​កម្ពុជា​ ​ជាពិសេស​ក្នុង​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​។

​ជា​ការ​ឆ្លើយតប​ លោកជំទាវ​ ​ទេសាភិបាល​បាន​មានប្រសាសន៍​ពី​ការ​រួមចំណែក​របស់​វិនិយោគិន​កាណាដា ​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ធនាគារ​នៅ​កម្ពុជា​ ​ដែល​បាន​ចូលរួម​ពង្រីក​លទ្ធភាព​ទទួលបាន​សេវា​ហិរញ្ញវត្ថុ​ ​ការ​លើកកម្ពស់​បរិយា​បន្ន​ហិរញ្ញវត្ថុ​ ​និង​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ធនាគារ​ប្រកបដោយ​ប្រសិទ្ធភាព​។

​លោកជំទាវ​បាន​រំលេច​ពី​សក្តានុពល​សេដ្ឋកិច្ច​ ​និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​កម្ពុជា​ ​និង​បាន​ចែករំលែក​អំពី​កត្តា​ប្រឈម​មួយ​ចំនួន​។

​ទន្ទឹម​នេះ​ ​លោកជំទាវ​ក៏​បាន​គូសបញ្ជាក់​ពី​កិច្ចខិតខំប្រឹងប្រែង​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ​ក្នុង​ការ​ពង្រឹង​ក្របខណ្ឌ​បទប្បញ្ញត្តិ ​ការ​ត្រួតពិនិត្យ​ ​និង​យន្តការ​គាំទ្រ​ផ្សេង​ៗ​ដើម្បី​រក្សា​ស្ថិរភាព​ ​និង​លើកកម្ពស់​ទំនុកចិត្ត​វិនិយោគិន​លើ​ប្រព័ន្ធ​ធនាគារ​កម្ពុជា​ ​ផងដែរ​៕

អត្ថបទ៖ ប៊ី

តាមដានជាមួយយើង៖ Million Times